ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដក​ហូត​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​សេចក្តី​សម្រេច​ដក​ហូត​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន ឬ​ឯកជន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិវឌ្ឍ​បម្រើ​វិស័យ​ទេសចរណ៍ ថា​តើ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ក្រោយ​ពី​អភិបាល​ខេត្ត​បាន​សន្យា​ហើយ​នោះ?

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​កត់​សម្គាល់​ថា សព្វថ្ងៃ​នេះ​ឃើញ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ បាន​ចុះ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ និង​កាប់​ឆ្ការ​ព្រៃ​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ​មួយ​ចំនួន ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លង​កាត់ អាច​មើល​ឃើញ​ទឹក​សមុទ្រ និង​អាច​ចុះ​ងូត​ទឹក​កម្សាន្ត។

ការ​ទន្ទឹង​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការ​ចុះ​អនុវត្ត​សេចក្តី​សម្រេច​ដក​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន ឬ​ឯកជន របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ដូច​នេះ នៅ​គ្រា​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​បុណ្យ​ផ្សេងៗ​ទៀត​នា​ឆ្នាំ​២០១៥ នេះ​ជិត​ចូល​មក​ដល់។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ មាន​ប្រសាសន៍​ថា ទោះ​បី​រដ្ឋាភិបាល​បាន​សម្រេច​ដក​ឆ្នេរ​សាធារណៈ​ពី​ឯកជន​ដែល​គ្មាន​ការ​អភិវឌ្ឍ មក​គ្រប់គ្រង​វិញ​បែប​ណា​ក្តី ក៏ប៉ុន្តែ​ឆ្នេរ​ភាគ​ច្រើន​នា​មូលដ្ឋាន​នេះ នៅ​បន្ត​បិទ​របង​ថ្ម និង​របង​ដែក​ទុក​ចោល​ដដែល។ ឆ្នេរ​ទាំង​នោះ​មាន​ដូចជា ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ហាវៃ ឆ្នេរ​លំហែ​កាយ និង​ឆ្នេរ​ឯករាជ្យ ជាដើម។ លោក​ថា ឆ្នេរ​ទាំង​នេះ គឺ​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល ហើយ​ភ្ញៀវ​ទេសចរ​មិន​អាច​ដើរ​ចេញ​ចូល ឬ​ចូល​ងូត​ទឹក​កម្សាន្ត​បាន​ទេ។

លោក ប៊ួន ណារិទ្ធិ ទទួល​ស្គាល់​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​រក្សា​អនាម័យ និង​សោភណភាព​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​គួរ​ឲ្យ​កត់​សម្គាល់។ ជាង​នេះ ក៏​ឃើញ​សកម្មភាព​របស់​អាជ្ញាធរ​បាន​ចុះ​បើក​របង​ដែល​ឯកជន ហ៊ុមព័ទ្ធ​របង​ទុក​ចោល​យូរ​ឆ្នាំ​ជា​បណ្ដើរៗ​រួច​ហើយ មាន​ដូចជា ឆ្នេរ​ជ័យជម្នះ ជាដើម៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​បាន​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ គាត់​តែងតែ​ត្អូញត្អែរ​ថា គ្មាន​កន្លែង​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​មុន​ទៀត​ទេ​សព្វថ្ងៃ​នេះ។ ភ្ញៀវ​ទេសចរ​បាន​លើក​ឡើង​ថា ឆ្នេរ​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ឃើញ​បិទ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ហើយ​មិន​បាន​ឃើញ​សមុទ្រ​នោះ​ទេ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​ថ្នាក់​នាំ​ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​ការ​ចុះ​អនុវត្ត​ដក​ហូត​ដី​តំបន់​ឆ្នេរ​ពី​ឯកជន និង​អភិវឌ្ឍ​ឆ្នេរ​ទាំង​នោះ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ឆាប់ នៅ​មុន​ដាច់​ឆ្នាំ​២០១៥ នេះ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​សេចក្តី​សម្រេច​ដក​ហូត​ឆ្នេរ​ពី​ឯកជន​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​ឲ្យ​បាន​ឆាប់ ឬ​យ៉ាង​ហោច​ណាស់ ជំរុញ​សកម្មភាព​បើក​របង​ថ្ម ឬ​ដែក ដែល​ឈ្មួញ និង​ឯកជន​ហ៊ុមព័ទ្ធ​ទុក​ចោល ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ដើម​វិញ៖ «រដ្ឋាភិបាល​ត្រូវ​ជំរុញ​ដក​ហូត​ដី​ពី​ឯកជន​ដែល​គេ​កំពុង​ធ្វើ​សំណង់​រឹងមាំ​នៅ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់​នេះ​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​សំណង់​នេះ​កំពុង​សាងសង់ ដើម្បី​ជៀសវាង​សំណង់​ធ្វើ​រួច​រាល់ អាច​មាន​ផល​វិបាក​ផ្លូវ​ច្បាប់​ក្នុង​ការ​ហាម​ឃាត់»

លោក សុខ សុខុម បាន​រិះគន់​ថា ឆ្នេរ​ខេត្ត​ព្រះសីហនុ ដែល​ជា​ឆ្នេរ​ស្រស់​ស្អាត​មួយ​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ឆ្នេរ​សមុទ្រ​ដទៃ​ទៀត បាន​ជាប់​ជា​សមាជិក​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក មិន​គួរ​គ្មាន​ឆ្នេរ​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​កម្សាន្ត​ដូច​សព្វថ្ងៃ​នេះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក អ៊ី សុឡេង អភិបាល​ក្រុង​ព្រះសីហនុ បាន​គាំទ្រ​រដ្ឋាភិបាល​ដែល​សម្រេច​យក​ដី​ឆ្នេរ​សាធារណៈ​ពី​ឯកជន​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង ខណៈ​មាន​ជន​ឆ្លៀត​ឱកាស​បាន​យក​ដី​តំបន់​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ​កន្លង​មក។ លោក យន្ត មីន បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ កំពុង​កាប់​ឆ្ការ​ព្រៃ និង​បើក​របង​ដែក ឬ​ថ្ម ដែល​ឯកជន​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ឲ្យ​មាន​សោភណភាព ដើម្បី​ឲ្យ​ទេសចរ​អាច​ចេញ​ចូល ឬ​មើល​ឃើញ​ទឹក​សមុទ្រ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​ជ័យជម្នះ ជាដើម។ លោក​ថា សកម្មភាព​សម្អាត​បរិស្ថាន​ឆ្នេរ​នេះ នឹង​ត្រូវ​ចុះ​អនុវត្ត​ដូច​ភ្លៀង​រលឹម ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​ដក​ហូត​ឆ្នេរ​ពី​ឯកជន និង​បើក​របង​ថ្ម ឬ​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ​២០១៥ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ឆ្នេរ​ចូល​កម្សាន្ត​បាន​ទូលំទូលាយ​ពេល​ឆ្លង​ឆ្នាំៗ​នេះ។

ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បាន​ប្រកាស​ថា បន្ទាប់​ពី​រដ្ឋាភិបាល​ដក​យក​ឆ្នេរ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​ពី​ឯកជន​វិញ រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ឲ្យ​មាន​សោភណភាព ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។ លោក​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​រឹងមាំ ឬ​មាន​ការ​គ្រប់គ្រង​ដី​តំបន់​ឆ្នេរ​សាធារណៈ​ដោយ​ឯកជន​ទៀត​ទេ។ ជាង​នេះ​ទៀត លោក​នឹង​អញ្ជើញ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មក​ណែនាំ​បន្ថែម​លើ​បញ្ហា​គ្រប់គ្រង​ឆ្នេរ ខណៈ​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សកម្មភាព​រំលោភ​បំពាន​ដី​តំបន់​ឆ្នេរ​សមុទ្រ​ពី​ឈ្មួញ និង​បុគ្គល​មាន​អំណាច​នា​ពេល​កន្លង​មក។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។