លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត កំពុង​ល្បីល្បាញ​ខាង​ពុករលួយ

លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត ដែល​ទើប​ទទួលបាន​តំណែង​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​លិខិតបញ្ជាក់​បណ្ឌក​ម្ម​សិទ្ធិ​ដីធ្លី និង​ការបំពេញ​ឯកសារ​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់ឃុំ​-​សង្កាត់​ប្រកបដោយ​ប្រសិទ្ធិភាព​នោះ គួរ​ចាត់វិធានការ​ទៅលើ​លោក អាំង គី​ហេង ជាបន្ទាន់​។ ជាមួយគ្នានេះ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ចៅសង្កាត់​ប៉ោយប៉ែត ឈ្មោះ អាំង គី​ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ចោទប្រកាន់​លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត ថា​ប្រព្រឹត្ត​អំពើពុករលួយ​យកលុយ​ពី​ពួកគាត់​ពេលធ្វើ​លិខិតបញ្ជាក់​បណ្ឌក​ម្មសិ​ទ្ធិ​ដីធ្លី​ហួស​ពី​ច្បាប់​កំណត់ និង​ពុំមាន​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។ ប្រជាពលរដ្ឋ​ដែលជា​សាក្សី​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត គឺ​អ្នកស្រី មឿ​ន គ​ន្ធា បាន​និយាយ​កាលពី​ថ្ងៃទី​០១ ខែធ្នូ ថា​កាលពី​ចុងខែ​វិច្ឆិកា អ្នកស្រី​ទៅធ្វើ​លិខិតបញ្ជាក់​បណ្ឌក​ម្ម​សិទ្ធិ​ដីធ្លី​ចំនួន​៣​ច្បាប់ ហើយ​ត្រូវ​លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត តម្រូវ​ឲ្យ​អ្នកស្រី​បង់លុយ​១៥​ម៉ឺន​រៀល ដោយ​ពុំមាន​ចេញ​វិក្កយបត្រ​នោះទេ​។ អ្នកស្រី មឿ​ន គ​ន្ធា បាន​ឲ្យ​ដឹង​ទៀតថា ចៅសង្កាត់​ដែល​ទើប​ចូលកាន់​តំណែង​ក្រោយពេល​ថ្មីៗ​កន្លងទៅនេះ តែងតែ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើលិខិត​បញ្ជាក់​ប្លង់ដី​ក្នុង​មួយច្បាប់​៥​ម៉ឺន​រៀល ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា បង់ប្រាក់​មិន​គ្រប់​ចំនួន​គឺ​ចៅសង្កាត់​មិន​ធ្វើលិខិត​ឲ្យ​ឡើយ​។

​ក្រៅពី​អ្នកស្រី មឿ​ន គ​ន្ធា គឺមាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ដែល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កន្លងមក​ចៅសង្កាត់​ប៉ោយប៉ែត តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​៥​ម៉ឺន​រៀល​សម្រាប់​លិខិតបញ្ជាក់​មួយច្បាប់​។ ដោយសារតែ​លោក អាំង គី​ហេង ប្រព្រឹត្ត​អំពើពុករលួយ​ហួសហេតុ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លាតត្រដាង​អំពើអាក្រក់​របស់​មន្ត្រី​អាជ្ញារ​ធ​មូលដ្ឋាន​ម្នាក់នេះ ជា​សាធារណៈ​ដើម្បី​ឲ្យ​អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ពួកគាត់​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ចៅសង្កាត់​ថ្មី​នេះ​ទេ ព្រោះ​ធ្វើ​ការងារ​តឹងរ៉ឹង​ហួសហេតុ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចំហ​តែម្តង​។ ដូច្នេះ​អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕

81