ប៉ុន ប៊ុន​ឈាន នៅតែ​ប្រើប្រាស់​លិខិត​បេសកកម្ម​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​

​រឿងរ៉ាវ​លោក ប៉ុន ប៊ុន​ឈាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រចាំ​ខេត្តតាកែវ ប្រើ​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ប៉ុន ប៊ុន​ឈាន ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។ បើ​មិន​ដូច្នេះ​ទេ​លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​៤​ទៅ​៥​នាក់​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត តាមរបៀប​ពុករលួយ​ដោយ​មិន​ញញើត​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​មាន​ទីតាំង​កុងត្រូលជជុះ​មួយកន្លែង​របស់​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ប៉ុន ប៊ុន​ឈាន នៅក្នុង​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ប៊ុន ប៊ុន​ឈាន គឺមាន​នគរបាល​៤​ទៅ​៥​នាក់​ចាំ​ជំរិត​យកលុយ​ពី​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ឬ​ទំនិញគេចពន្ធ ក៏​ត្រូវតែ​បង់លុយ​តាម​ការកំណត់ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​កសិផល​ឆ្លង​កាត់មុខ​កុងត្រូលជជុះ​នោះ ក៏ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការចាត់ចែង​រប​ស់លោក ប៉ុន ប៊ុន​ឈាន ដែរ​។ ប្រការនេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មិនទាន់​ចាត់វិធានការ​ដោះស្រាយ​នៅឡើយ​ទេ ហើយ​លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​នៅតែ​ប្រើ​លិខិត​បេសកកម្ម​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​រំភើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តតាកែវ បាន​អំពាវនាវ​ឲ្យ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លើ​លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​ជាបន្ទាន់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ដងផ្លូវ​បន្តទៀត​។ តាម​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា លិខិត​បេសកកម្ម​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​តម្រូវ​ឲ្យ​មន្ត្រីនគរបាល​កាន់​លិខិត​នោះ​ចុះ​បំពេញការងារ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាមដាន​រាល់​ករណី​រត់ពន្ធ​ទំនិញ និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​បង្ក្រាប​ទប់ស្កាត់​។ ប៉ុន្តែ​លោក ប៉ុន ប៊ុន​ឈាន ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចុះទៅ​ឈរជើង​នៅ​ខេត្តតាកែវ មិនបាន​ប្រើប្រាស់​លិខិត​បេសកកម្ម ហើយ​បំពេញការងារ​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ រួច​កំពុងតែ​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕

141025092350102509502314DSC05707លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​    ​