តើ​មាន​ក្រយៅ រន្ទះបាញ់មែន​ឬ?

តើ​មាន​ក្រយៅ រន្ទះបាញ់មែន​ឬ?

បើ​តាម​អប្បិយ​ជំនឿ​ ដែល​ប្រជាជន​ខ្មែរ​តែង​ប្រាប់​តគ្នា គឺ​បើ​អ្នកណា​មាន​ក្រយៅ​ចំណ្ដាល​កំភួន​ជើង អ្នក​នោះ​នឹង​រងគ្រោះ​​រន្ទះបាញ់។

 

ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​មេមាំង ឃុំល្វា ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាមអ្នក​ស្រី ណារី បាន​ប្រាប់​​ថា កាល​​ពីបួន​ប្រាំ​ឆ្នាំ​​មុន ក្មួយ​ប្រុស​របស់​អ្នកស្រី ត្រូវ​​រន្ទះបាញ់​ចំនួន​ពីរ​លើក ហើយ​កាល​នោះគេ​ប្រាប់​ថា ក្មួយ​ប្រុស​​មាន​ក្រយៅ​កំភួន​ជើង។

 

អ្នកស្រី​​បញ្ជាក់​ថា ៖ “អ៊ំ​មិន​​ច្បាស់​ទេ តែ​គេ​ប្រាប់​ថា វា​មាន​ក្រយៅ​​កំភួន​ជើង។ លើក​មុន​រន្ទះ​បាញ់វា​ម្ដង​ដែរ តែ​​មិន​ស្លាប់ គ្រាន់​តែ​វា​​អត់​សូវ​ដឹង​អី ឡឺឡឺ! ឡឺឡឺ!។ បាញ់​លើក​ក្រោយ​ក៏​​ស្លាប់​ទៅ…គេ​ថា​វា​មាន​ក្រយៅ​រន្ទះបាញ់”។

 

​ឮ​ដំណាល​ពី​ចាស់ៗ​កញ្ញា ស៊ឹម ចន្ធា បុគ្គលិក​​នៃ​អង្គការ​ក្រុមការងារ​​​ដើម្បី​ដោះស្រាយ​ទំនាស់​បាន​ប្រាប់​ថា ក្រយៅ​រន្ទះបាញ់ មាន​នៅ​​ចំ​កណ្ដាល​​កំភួន​ជើង​ទាំង​សងខាង និង​មនុស្សណា​មាន​ឆ្អឹង​តាន់។ មនុស្ស​ពីរ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចេញ​ទៅ​ណា​មក​ណា​ទេ ពេល​មេឃ​កំពុង​បង្អុរ​​ភ្លៀង បើ​មិន​ដូច្នេះ​ទេ​អាច​នឹងមាន​គ្រោះ​ថ្នាក់។

 

តើ​មាន​ក្រយៅ រន្ទះបាញ់មែន​ឬ?ប្រភព​រូបភាព៖ 10-themes

 

​បើ​ដឹង​តាម​ចាស់ៗ ក្រយៅ​រន្ទះ​បាញ់​គឺ​មាន​នៅ​កណ្ដាល​កំភួន​ជើង។ អ្នក​មាន​ក្រយៅ​នេះ នឹង​ត្រូវ​រន្ទះបាញ់ ហើយ​បើ​ទោះ​ជា​ស្លាប់​បញ្ចុះ​ក្នុង​ផ្នូរ​ក៏​ដោយ៖ “អ្នក​មាន​ក្រយៅ​ចំ​កណ្ដាល​កំភួន​ជើង នឹង​ត្រូវ​រន្ទះបាញ់ បើ​បញ្ចុះ​ក្នុង​ផ្នូរ​ក៏​នៅ​តែ​រន្ទះបាញ់​ដែរ”។ នេះ​ជា​សង្ឃដីកា របស់​ព្រះ​តេជគុណ​មួយ​អង្គ​​ សុំ​មិន​បញ្ចេញ​ព្រះនាម​ គង់​នៅ​វត្ត​ថាន់។

 

ទាក់ទង​នឹង​បញ្ហា​នេះ​លោក អ៊ុំ រីណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ឧតុនិយម​ធនធាន​ទឹក និង​ឧតុ​និយម បាន​ថ្លែង​ថា លោក​ធ្លាប់​​ឮ​ច្រើន​មក​ហើយ​ដែល​ថា អ្នក​មាន​​ក្រយៅ​កំភួនជើង អ្នក​មាន​ជាតិ​ដែក​ច្រើន​រន្ទះបាញ់ ហើយ​លោកក៏​​​មិន​អាច​បញ្ឈប់​ឱ្យ​ប្រជាជន​ខ្មែរ​ជឿ​​ជំនឿ​នេះ​បាន​​ទេ ប៉ុន្តែ​​លោក​សូម​ឱ្យ​ប្រជាពលរដ្ឋទាំងអស់ ងាក​មក​ចាប់​អារម្មណ៍​ពី​​មូលហេតុ​ពិត ដែល​នាំ​ឱ្យ​​មាន​រន្ទះ​បាញ់​​វិញ។

 

“និយាយ​ឱ្យ​សាមញ្ញ ​រន្ទះ​កើត​ចេញ​ពី​សំណើម​បរិយាកាស ដែលយើង​មើល​មិន​ឃើញ ​ហួត​​ពី​ដី​ត្រឡប់​ទៅ​ជា​ពពក (ពពក​ខ្មៅ)។ ចែក​គ្នា​ឱ្យ​ដាច់! ផ្គរ គឺ​បន្ទុក​អគ្គិសនីឆ្លងពី​ពពក​មួយ​ទៅ​ពពក​មួយ (ខ្សោយ) បើ​រន្ទះគឺ​អគ្គិសនីឆ្លង​​ពី​ពពក​ខ្មៅ​មក​​ផ្ទៃដី (ខ្លាំង)។ នៅ​ពេល​ជាតិ​ទឹក​កាន់​តែ​ខ្ពស់ ហើយ​ពពក​កាន់​តែ​កៀក​ផែន​ដី គឺ​ច្រើន​តែ​កើត​រន្ទះ ហើយ​​ខ្លាំង​ទៀត​ព្រោះ​ថា​ជាតិ​ទឹក​វា​ធ្ងន់។ លើ​បរិយាកាស និង​ដី មាន​ប៉ូល​បូក​ប៉ូល​ដក​ដូច​គ្នា ពេល​មាន​ភ្លៀង​វា​​ឆ្លង​គ្នា “។

 

បើ​យោង​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ របស់​ក្រសួង​ធនធាន​ទឹក និង​​ឧតុនិយម ផ្លេក​បន្ទោរ ផ្គរ រន្ទះ គឺ​ជា​អគ្គិសនី​ធម្មជាតិ ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​ប៉ះ​នឹង​អ្វី​មួយ​នៅ​លើ​ផែន​ដី ដោយឡែកៗ​ពី​គ្នា។ ផ្លេកបន្ទោរ ផ្គរ រន្ទះ កើត​ឡើង​ដោយសារ​បណ្ដុំ​ពពក Cumulonimbus។ ពពក​នេះ​មាន​ទំហំ​ធំ និង​កម្ពស់​ខ្ពស់ ឈរ​ត្រង់​ទៅ​លើ​មាន​ពណ៌​ខ្មៅ ដែល​នៅ​ក្នុង​ពពក​នោះ មាន​ដូចជា រន្ទះ ភ្លៀង ឬ ព្រិល (ដុំទឹកក) កំពុង​បញ្ជូន​ចុះ​មក​ផែន​ដី។

 

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ​បង្ហាញ​​បន្ថែម​ថា បើ​ឃើញ​​មាន​ពពក Cumulonimbus ដូច​បាន​រៀបរាប់​ខាង​លើ ប្រជាពលរដ្ឋ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​រន្ទះ​ជាដើម៕

 

ចុចអាន៖ តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

ចុចអាន៖ របៀប​បត់​អាវ​​ឲ្យ​ស្អាត និង​លឿន​​ត្រឹម​​២វិនាទី

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ