ល្បែងភ្នាល់បាល់​និងកន្ទុយលេខ​នៅក្រុងប៉ោយប៉ែត​ងាប់ហើយរស់ឡើងវិញ ​ទំនងអាជ្ញាធរជួយជប

ខេត្តបន្ទាយមានជ័យ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ​ទីតំាងល្បែងភ្នាល់បាល់​តាមអនឡាញ(អ៊ិនធឺណិត)​ និងកន្ទុយលេខ​នៅក្រុងប៉ោយប៉ែត កំពុងរីកដុះដាល់ឡើងវិញ​យ៉ាងពេញបន្ទុក ​ដោយពុំមានស្ថាប័ន​ អាជ្ញាធរឬសមត្ថកិច្ចជំនាញពាក់ព័ន្ឋ​ណាមួយចាត់វិធានការ​ចុះបង្រ្កាបនិងទប់ស្កាត់ ​តាម​គោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព ​ជាពិសេសអនុសាសន៍ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ​ហ៊ុន សែន នោះឡើយ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​ទីតំាងបនល្បែងស៊ីសង​ភ្នាល់បាល់និងកន្ទុយលេខ​ទំាងនោះមានដូចជា ​ទីតំាង៩៩ NET​ នៅខាងត្បូងផ្សារត្រី ​ទល់មុខហាង​លក់​ទូរស័ព្ទយីហោ"ប៉េង អាន"​ ទីតំាងដែលមានយីហោ EN JOY 789 ​នៅជាប់ហាងនំប៉័ង ផ្លូវដើមពុទ្រា ,​ យីហោ "ឡាក់គី ៩៩៩ " ​នៅផ្លូវដើមពុទ្រា ​ជាប់ខាងត្បូងបារ៉ាស​នគរបាលអន្តោប្រវេសន៍​នៅផ្កាយ៣​ ចំនួន២កន្លែង​ ដែលគេស្គាល់ថាជាផ្ទះ​របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ ​មានតួនាទីជានាយរង​ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងទីតំាងជាច្រើនកន្លែងទៀត​ នៅប្លុកកាស៊ីណូ​ ហ្គោឌិនក្រោន ​និងកាស៊ីណូផ្កាយ៥ រាប់សិបកន្លែង ។

ចំណែកល្បែងឆ្នោត​កន្ទុយលេខនោះវិញ​ ត្រូវគេស្គាល់មេធំចំនួន២​ដុះស្លែនៅអាណាចក្រជាយ​ដែនមួយនេះ ​ដោយម្នាក់មានតួនាទី​ជាអនុប្រធានភូមិបាល​ស្រុកអូរជ្រៅ រហ័ស​នាម ៦៣​ និងម្នាក់ទៀតរហ័សនាម ០១ ​ទំាងពីរនាក់ត្រូវជា​បងប្អូនថ្លៃនឹងគ្នា ​មានលំនៅដ្ឋានស្ថិត​នៅខាងត្បូងជាប់ផ្លូវជាតិលេខ៥ ​ភូមិក្បាលកោះ ​សង្កាត់-ក្រុង​ប៉ោយ​ប៉ែត ។

មេឆ្នោតទំាងពីរនាក់នេះ ​បានដាក់ពង្រាយអ្នកកត់ឆ្នោតបន្ត ​(កូនកញ្ច្រែង) ​ដាក់តុកត់លក់តាមផ្ទះ​ និងដើរកត់តាមផ្សារពាស​ពេញក្រុងប៉ោយប៉ែត ​ដោយពុំឃើញមានអស់​លោក​ខាងអាជ្ញាធរ ឬ​មន្រ្តីជំនាញពាក់ព័ន្ឋ​ខាងស្ថាប័និងអង្គភាពណា​មួយចុះបង្រ្កាបនិងទប់ស្កាត់ឡើយ ។

សេចក្តីរាយការណ៍បានបន្តថា​ ​ការណ៍ដែលអាជ្ញាធរ​ មន្រ្តីជំនាញប៉ូលិសនិង​កងរាជអាវុធហត្ថ (PM) ​មិនបង្រ្កាបដោយសារតែពួកគេ​មួយចំនួនបានទទួលប្រយោជន៍ពី​មេ​ល្បែង​ទំាងនោះ ។

យ៉ាងណាក៍ដោយ​ មកដល់វេលាថ្ងៃត្រង់ថ្ងៃទី០២​ ធ្នូនេះ ​គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ​ ឬ ការឆ្លើយបំភ្លឺតបជុំវិញ​ការចោទប្រកាន់​ខាងលើនេះ ។

គួរកត់សម្គាល់ផងដែរថា​ កន្លងមកករណីល្បែង​ស៊ីសងភ្នាល់បាល់​តាមអនឡាញនិងកន្ទុយលេខ​នៅក្នុងអាណាចក្រក្រុងប៉ោយប៉ែត​ ខាងប៉ូលិសដែល​គេឃើញ​ដឹកនំាដោយ​អធិការនគរបាលក្រុង​ប៉ោយប៉ែត ​លោកវរៈសេនីយ៍ត្រី អ៊ុំ សុផល ​សហការជាមួយស្នងការរងខេត្ត ​លោកវរៈសេនីយ៍ឯក សិទ្ឋ ឡោះ ​បើកប្រតិបត្តិការ​ចុះបង្រ្កាបជាហូរហែ ប៉ុន្តែមិនបានមួយ​ដង្ហើមចង្រិតផង ​បនល្បែងស៊ីសងបាន​កម្រើកបើកលេងឡើងវិញ​យ៉ាងអនាធិបតេយ្យនិង​កកើតលើសដើម ​សង្ស័យអាជ្ញាធរដេកលក់ ​ឬ​ធ្វើជាដេកលក់ ឬនិយាយតាមបែប​រឿងព្រេងនិទានវិញថា ​សង្ស័យអាជ្ញាធរជួយជប ​ព្រោះវា(ល្បែង)​ងាប់ហើយរស់ឡើងវិញៗ ៕