ក្រុមហ៊ុន​អាកាសចរណ៍ Lucky Air បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមហ៊ុន Lucky Air បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ដំបូង​គេ ដែល​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ហោះហើរ​ពី​ទីក្រុង​គុន​មីង (Kunming) ប្រទេស​ចិន មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រីក​ផ្លូវ​ហោះហើរ​ថ្មី និង​ត​ភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​គុន​មីង​-​កម្ពុជា និង​កម្ពុជា​-​គុន​មីង ដែល​ជា​កាតាលីករ​ជំរុញ​នូវ​សក្ដានុពល​សេដ្ឋកិច្ច ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ។

សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ កន្លង​មក ក្រុមហ៊ុន​អាកាសចរណ៍ Lucky Air បាន​ធ្វើការ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ហើយ​ក្រុមហ៊ុន​នេះ​បាន​កំណត់​ធ្វើការ​ហោះហើរ​២​ដង​ជា​រៀង​រាល់​ស​ប្តា​ហ៍ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ តាម​ជើងហោះហើរ​លេខ​៧៣៧-៨០០s ។

លោក ហូ វ​ណ្ឌី នាយក​គ្រប់គ្រង​ក្រុមហ៊ុន វើ​ល អិ​ច​ប្រេស ធូ និង​ត្រា​វែ​ល (World Express Tour &Travel) បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា ៖ «​ដោយ​ផ្អែក​លើ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល និង​ទំនាក់ទំនង​ការទូត​នា​បច្ចុប្បន្ន ឃើញ​ថា យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស គឺ​ភ្ញៀវ​ទេសចរ​ចិន​តែ​ម្តង ។ ការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lucky Air មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នេះ ទី​១-​អំណោយផល​ល្អ​ខាង​វិស័យ​ទេសចរណ៍ និង​ទី​២-​អំណោយផល​សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស អ្នក​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង ដែល​ជា​ចំណុច​ទាក់ទាញ​ផង​ដែរ ។ វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​ពង្រីក​វិស័យ​ទេសចរណ៍​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​» ។

លោក ហូ វ​ណ្ឌី បន្ត​ថា ៖ «​ប្រសិនជា​ទេសចរណ៍​នាំមុខ​ហើយ ឧស្សាហកម្ម ឬ​សេវាកម្ម​ផ្សេង​ៗ​នឹង​កើត​មាន​ជា​បន្ដបន្ទាប់ ជា​ពិសេស នឹង​ពង្រីក​ទៅ​តាម​ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ផ្សេង​ៗ​ទៀត ។ ការ​ដែល​ក្រុមហ៊ុន Lucky Air បើក​ការ​ហោះហើរ​ត្រង់​មក​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​នេះ គឺ​ស្រប​តាម​គោលនយោបាយ​ទាក់ទាញ​របស់​រាជរដ្ឋាភិបាល ឲ្យ​មានការ​ចុះ​ចត​នៅ​គ្រប់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ដូច​ជា នៅ​ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយសារ​តែ​កន្លង​មក ខាង​ក្រុម​អ្នក​វិនិយោគ​បារាំង​ដែល​វិនិយោគ​ព្រ​លាន​យន្ដហោះ​ហ្នឹង គឺ​យើង​បាន​ពិភាក្សា​ជាមួយ​ពួក​គាត់​ហើយ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មានការ​ទាក់ទាញ និង​លើក​ទឹកចិត្ត​ទៅ​លើ​អ្នក​វិនិយោគ​មក​ចុះ​ចត​នៅ​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំងនេះ​បាន ហើយ​នេះ​ក៏​ជា​របត់​ថ្មី​មួយ​ផង​ដែរ ដែល​ភ្ញៀវ​ទេសចរ​ចិន​បាន​មក​ចុះ​នៅ​ក្រុង​ព្រះ​សីហនុ ហើយ​បន្ដ​មក​ខេត្តសៀមរាប ឬ​ក៏​ចូល​មក​រាជធានី​ភ្នំពេញ​ផង​ដែរ​» ។ 

ក្រៅពី​វិស័យ​ទេសចរណ៍ គេ​[​ចិន​]​ក៏​សម្លឹង​ឃើញ​លើ​ការ​វិនិយោគ​ជា​ពិសេស​ផង​ដែរ ដោយសារ​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​ក្លាយជា​តំបន់ឧស្សាហកម្ម​ធំ​មួយ​នា​ពេល​ខាង​មុខ ។ នេះ​បើ​តាម​លោក ហូ វ​ណ្ឌី បាន​បញ្ជាក់ ។

ចំណែក​លោក​បណ្ឌិត ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ ក៏​បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Lucky Air ដែល​បាន​ហោះហើរ​ត្រង់​មក​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​នេះ​ជា​ដំណឹង​ល្អ​មួយ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ខេត្ត​ព្រះ​សីហ​នុ និង​ទីក្រុង​គុន​មីង ដែល​ជាទី​ក្រុង​មួយ​ប្រកបដោយ​វិបុលភាព និង​ការ​អភិវឌ្ឍ​របស់​ចិន ។ វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​ផ្ដល់​នូវ​អំណោយផល​ដល់​ភ្ញៀវ​ទេសចរ​ចិន ដែល​ធ្វើ​ដំណើរ​ត្រង់​ពី​ទីក្រុង​គុន​មីង មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​ជា​ឱកាសល្អ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ផង​ដែរ​» ។

លោក​មាន​ប្រសាសន៍​បន្ដ​ថា ៖ «​ភ្ញៀវ​ទេសចរ​ចិន នឹង​បាន​រីករាយ​ពេល​មក​ទស្សនា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​ទទួលទាន​អាហារ​សមុទ្រ​ដ៏​សម្បូរ​បែប​នៅ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​រីករាយ​ជាមួយ​ការ​លេងល្បែង​នៅ​កាស៊ីណូ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ អ្វី​ដែល​ផ្ដោត​ជា​សំខាន់​នោះ មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្សារ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​សម្រាប់​និវត្តជន​របស់​ជនជាតិ​ចិន​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​» ។

ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច ដោយសារ​មាន​លក្ខណៈ​អំណោយផល​យ៉ាងច្រើន ដូច​ជា​ព្រ​លាន​យន្តហោះ កំពង់​ផែ​ទឹក​ជ្រៅ ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​បណ្ដុំ​កោះ​ជា​ច្រើន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​មក​បណ្ដាក់ទុន ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៥​នេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​១.០៦៩.៩៣៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​៧៩០.៣៧០​នាក់ កើនឡើង​១៤,៤៦​ភាគរយ និង​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២៧៩.៥៦៧​នាក់ កើនឡើង​៥,១៧​ភាគរយ ។ ភ្ញៀវ​ទេសចរ​មក​តាម​ជើង​យន្តហោះ​មាន​ចំនួន​៦១៣​ជើង កើន​៣១៤​ជើង ដែល​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៣៥.៧៤៩​នាក់ កើនឡើង​១៣៩,៧​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២២១​នាក់ កើនឡើង​១៨,៨១​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៥.៥២​នាក់ កើនឡើង​១៤១,២២​ភាគរយ ។

យោង​តាម​របាយការណ៍​ស្ថិតិ​បង្ហាញ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន​៤៣.៤០០​នាក់​ក្នុង​ឆ្នាំ​២០១៤ កើនឡើង​១២០,១៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ចំនួន​១៩.៧១៣​នាក់ និង​មាន​ជើងហោះហើរ​ឡើង​ចុះ​ចំនួន​៩៩៨​លើក កើនឡើង​៧៥,០៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ជើងហោះហើរ​ចំនួន​៥៧០​លើក​ប៉ុណ្ណោះ ។

គិត​មក​ដល់​ពេល​នេះ ជើងហោះហើរ និង​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ចំនួន​ជើងហោះហើរ​កើន​៩​ភាគរយ បើ​ប្រៀបធៀប​រវាង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៣ ហើយ​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​កើនឡើង​១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ និង​២០១៤ ដោយ​កាលពី​ឆ្នាំ​២០១៤​មាន​អ្នកដំណើរ​តាម​ជើង​អាកាស​សរុប​ចំនួន​៥,៤​លាន​នាក់ ។ ចំណែក​នៅ​ដើមឆ្នាំ​២០១៥​នេះ ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បាន​កើនឡើង​ប្រមាណ​១១​ភាគរយ ។

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​សរុប​មាន​ចំនួន​៣១​ក្រុមហ៊ុន ដែល​កំពុង​ផ្តល់​សេវាកម្ម​ហោះហើរ​ដឹក​ជញ្ជូន​ជា​ប្រក្រតី ចេញ​-​ចូល ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​៤ និង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន​២៧​ក្រុមហ៊ុន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ៕