កម្ពុជា​-​ចិន​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​កណ្ដាល​ក្រុង​ទៅ​ព្រ​លាន​យន្តហោះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​វិទ្យាស្ថាន​គម្រោង​ប្លង់​របស់​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន បាន​ជជែក​ពិភាក្សា​ស្តី​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចាប់ពី​កណ្ដាល​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក ត្រាំ អីុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​មួយ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​វិទ្យាស្ថាន​គម្រោង​ប្លង់​របស់​ខេត្ត​ហឺ​ណា​ន កាលពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ថា ៖ «​គម្រោង​ផ្លូវ​នេះ​អាច​ចាប់ផ្តើម​ធ្វើ​ពី​ផ្លូវ​រថភ្លើង​រ៉ា​ចាស់​ទៅ​ព្រ​លាន​យន្តហោះ ដែល​មាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ ។ អីុចឹ​ង ខ្ញុំ​ថាស​ម្រេច​យក​ការ​សិក្សា​ហ្នឹង​ទៅ ដើម្បី​ជំរុញ​ដល់​ថ្នាក់លើ​ឲ្យ​គាត់​ពិនិត្យ​ពិចារណា ហើយ​ធ្វើការ​សិក្សា និង​ជជែក​គ្នា​លម្អិត ចាំ​ទៅ​ដល់​ខាងលើ​ហ្នឹង គឺ​គាត់​អាច​ចាត់ចែង​ហើយ ដូចនេះ​យើង​ចាប់ផ្ដើម​ទំនាក់ទំនង​គ្នា​តែ​ម្តង​ទៅ​» ។

លោក​បន្ត​ថា ៖ «​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ផ្លូវ​នេះ ប៉ុន្តែ​ការ​ដោះស្រាយ​នេះ​ត្រូវការ​ជំនួយ​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ផ្តល់​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ ។ បើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​នោះ គឺ​មិន​ចេញ​ទេ ។ ការ​ដោះស្រាយ​នេះ​មិន​ត្រូវ​ឲ្យ​ពួក​គាត់​នៅ​តែ​ក្រ​នោះ​ទេ ត្រូវ​ឲ្យ​ពួក​គាត់​ទៅ​នៅ​កន្លែង​ណា​ដែល​រស់នៅ​ស្រួល​ផង​ដែរ​» ។

យោង​តាម​ភាគី​ចិន​ឲ្យ​ដឹង​ថា ៖ «​ការ​សាងសង់​ផ្លូវ​នេះ គឺ​មាន​គោលបំណង​សំខាន់​ៗ២​គឺ ៖ ១-​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដង​វិ​ថី​សហព័ន្ធ​រុ​ស្ស៊ី និង​២-​ជួយ​ព​ន្លឿ​ន​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​រហ័ស ។ នៅ​ពេល​ដែល​សាងសង់​ផ្លូវ​នេះ​រួចរាល់​ហើយ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ធ្វើ​ផ្លូវ​ល្បឿន​លឿន​បន្ថែម​ទៀត​ដែរ ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ ទៅ​រង្វង់​មូល​ចោម​ចៅ » ។

ទោះបី​យ៉ាងណា ភាគី​ទាំង​ពីរ​មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ គឺ​រង់ចាំ​ពិភាក្សា​គ្នា​ឲ្យ​បាន​ល្អិតល្អន់​សិន ហើយ​ដាក់​ជូន​ទៅ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច​ចុង​ក្រោយ ទើប​បើក​ដំណើរ​សាងសង់​បាន ។ ក្នុង​ការ​ជជែក​គ្នា​នោះ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ចិន​នឹង​ធ្វើ​អ្វី​ៗ​ទាំងអស់ ហើយ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ចេញថ្លៃ​ខូ​ត​ខាត។

ក្នុង​គម្រោង​វិនិយោគទុន​របស់​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន គ្រោង​ធ្វើ​ឡើងជា​ជំហាន​ៗ​ដើម្បី​បញ្ចៀស​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។ ក្នុង​ការ​ពិភាក្សា​គ្នា​នេះ មិន​ទាន់​ដឹង​ពី​រយៈពេល​សាងសង់​មាន​ប៉ុន្មាន​ខែ​នោះ​ទេ ព្រោះថា​ភាគី​ទាំង​ពីរ (​កម្ពុជា​-​ចិន​) មិន​ទាន់​បាន​ចុះ​កុងត្រា​នៅឡើយ ។ ម្យ៉ាងទៀត​ការ​សាងសង់​ផ្លូវអាកាស ដែល​វែង​ដំបូង​គេ​នៅ​កម្ពុជា​នេះ ក៏​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​ចំណាយ​អស់​ថវិកា​ប៉ុន្មាន និង​ចាប់ផ្តើម​នៅ​ពេល​ណា​នោះ​ដែរ គ្រាន់តែ​ពេល​នេះ​ជា​ដំណាក់កាល​សិក្សា​គម្រោង​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​ចិន​កំពុង​ពិនិត្យ​ពី​ផល​ប៉ះពាល់​ដោយសារ​គម្រោង​មួយ​នេះ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​កើតឡើង​រាល់ថ្ងៃ និង​ស្ទើរ​គ្រប់​ទីកន្លែង ដោយសារ​តែ​មាន​កំណើន​យានយន្ត​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​ទោចក្រយានយន្ត និង​រថយន្ត ហើយ​រដ្ឋាភិបាល​ក៏​បាន​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​បាន​សាងសង់​ស្ពាន​អាកាស​ជា​ហូរហែ ប៉ុ​ន្តែ​ទោះជា​យ៉ាងណា ក៏​មិន​ទាន់​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ដែរ ពីព្រោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាន ៕