AhzoNobel និង TANG PHENG POR នាំ​ផលិតផល DULUX ស៊េរី​ថ្មី​មក​ផ្គត់ផ្គង់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​កំណើន​នៃ​ការ​សាងសង់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​កើនឡើង​នោះ ក្រុមហ៊ុន AhzoNobel និង TANG PHENG POR IMPORT EXPORT COMPANY LTD បាន​សហការ​គ្នា​នាំ​យក​ថ្នាំ​ពណ៌​លាប​ផ្ទះ ម៉ាក DULUX ស៊េរី​ថ្មី​មក​ផ្គត់ផ្គង់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ជា​ពិសេស ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ វិច្ឆិកា លោក ឧកញ៉ា តាំង ផេង​ប៉ោ អគ្គនាយក​ក្រុមហ៊ុន​តាំង ផេង​ប៉ោ បាន​មាន​ប្រសាសន៍​​ថា ៖ «​តាំង ផេង​ប៉ោ គឺជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​នាំ​ចូល​ផលិត​ថ្នាំលាប​ផ្ទះ​ម៉ាក DULUX ពី​ក្រុមហ៊ុន AhzoNobel អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ដោយ​មើលឃើញ​តម្រូវការ និង​ការ​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ជា​ពិសេស វិស័យ​អចលនទ្រព្យ ការ​កសាង និង​ការ​ទិញ​លក់​គេហ​ដ្ឋាន​មានការ​កើនឡើង​គួរ​ជាទី​ចាប់អារម្មណ៍ ។ ដើម្បី​ចូលរួម​ផ្តល់​នូវ​គេហដ្ឋាន​មាន​លក្ខណៈ​ស្រស់​ស្អាត​ជូន​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​របត់​ថ្មី​បន្ថែម​ទៀត ក្រុមហ៊ុន​យើង​ទាំង​ពីរ​បាន​​សម្រេច​នាំ​យក​ផលិតផល​ថ្នាំលាប​ផ្ទះ​ថ្មី​ៗ​បន្ថែម​ទៀត​ចូល​មក​កម្ពុជា សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​ក្រុមហ៊ុន​សាងសង់ និង​ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​នា​ពេល​បច្ចុ​ប្បន្ន​នេះ​ឱ្យ​កាន់តែ​សម្បូរ​បែប​ក្នុង​ទីផ្សារ​កម្ពុជា​» ។

លោក​បញ្ជាក់​ថា ៖ «​ថ្នាំលាប​ម៉ាក DULUX បាន​នាំ​ចូល​កម្ពុជា​អស់​រយៈពេល​២០​មក​ឆ្នាំ ។ ទាក់ទង​នឹង​ទីផ្សារ​សព្វថ្ងៃ​នេះ ក្រុមហ៊ុន​ទទួល​បាន​ចំណែក​ទីផ្សារ​ជាង​៥០%​នៅ​កម្ពុជា ក្នុង​នោះ​អតិថិជន​ដែល​ក្រុមហ៊ុន​ទទួល​បាន មាន​ទាំង​ក្រុមហ៊ុន​សាងសង់​បុរី ផ្ទះល្វែង ខុន​ដូ វីឡា និង​ប្រជាពលរដ្ឋ​ដែល​សាងសង់​គេហដ្ឋាន​ទូទៅ​។ ដើម្បី​រក្សា​បាន​ចំណែក​ទីផ្សារ និង​ត្រៀមខ្លួន​ប្រកួតប្រជែង​នា​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​ខាង​មុខ ក្រុមហ៊ុន​បាន​សម្រេច​នាំ​ចូល​ថ្នាំលាប​ដែល​មានគុណ​ភាព​ខ្ពស់​ជាង​មុន​សម្រាប់​វាយលុក​ក្នុង​ទីផ្សារ ដើម្បី​ជំរុញ​ការ​លក់​រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ឱ្យ​មានការ​រីក​ចម្រើន​ជាង​ពេល​មុន​បន្ថែម​ទៀត​» ។

ចំណែក​តំណាង​ឲ្យ​ក្រុមហ៊ុន AhzoNobel លោក Jeremy Rowe មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន AhzoNobel បាន​ចូល​មក​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ជាមួយនឹង​ផលិតផល​ថ្នាំលាប​ពណ៌​ផ្ទះ ។ ក្នុងអំឡុងពេល​វត្តមាន​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឲ្យ​យើង​ក្លាយជា​ក្រុមហ៊ុន​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តាំង ផេង​ប៉ោ ដែល​ជា​ស្លាក​យីហោ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា​» ។​   

ទាក់ទង​នឹង​ទីផ្សារ​នេះ​ដែរ បើ​តាម​លោក Jeremy Rowe មាន​ប្រសាសន៍​ថា ៖ «​វា​មាន​ពីរ​ផ្នែក ៖ ១-​ការ​បំពេញ​សេវា​របស់​យើង​បាន​ទៅ​ដល់​អតិ​ថ​ជន​គ្រប់​ៗ​គ្នា និង​២-​ក្រៅពី​ការ​ផ្តល​សេវា​ប្រកបដោយ​គុណភាព​ហើយ​នោះ គឺ​ការ​ផ្តល់​ផលិតផល​មានគុណ​ភាព​ថ្មី​នៃ​ថ្នាំលាប ដែល​ជា​រនាំង​ការពារ​អាកាសធាតុ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​អតិថិជន​មានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​» ៕