លោក ប៉ា សុជាតិវង្ស រកដំណោះស្រាយ អ្នកដែលរស់នៅសំណង់ មិនរៀបរយក្នុងអាងស្តុបទឹក បឹងត្របែកររក្សា ឲ្យបាននិរន្តរភាព

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការប្រជុំពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំណង់ មិនរៀបរយក្នុងអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងខណ្ឌចំការមន ហើយនិងមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះការរំលោភយកនិងគ្មានលិខិតស្នាមច្បាប់ទំលាប់មិនប្រកតី ដែលអាជ្ញាធរបានប្រព្រឹត្តឃុបឃិតជាមួយ និងអនុវត្តច្បាប់បញ្ជូនទៅតុលាការ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការដែលសាលារាជធានីភ្នំពេញ មកជួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងរកផ្លូវកណ្ដាលមួយ ដើម្បីដោះស្រាយជាមួយបងប្អូនជាមួយប្រជាពលរដ្ឋ មិនឲ្យមានការឈឺចាប់ និងទទួលយកបានទាំងអស់គ្នាជៀសវាងការប្តឹងទៅតុលាការ។

លោកបន្តថា សម្រាប់កាកសំណល់ លាមក ទឹកស្អុយ ទឹកភ្លៀងនឹងហូរមកចាក់នៅតំបន់អាងស្តុបទឹកបឹងត្របែកនេះ និងចាប់ផ្តើមធ្វើការស្ថាបនាក្នុង រដូវប្រាំងនៅពេលខាងមុខនេះ។ ដូច្នេះវាល្មមដល់ពេលត្រូវដោះស្រាយដើម្បីស្តារអាងស្តុបទឹកនេះហើយ ដោយយើងមិនអាចបណ្តែតបណ្តោយបានទៀតទេ វានឹងធ្វើឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។អាងស្តុបទឹកបឹងត្របែកខាងជើងមានទំហំ៨ហិកតា និងខាងត្បូងមាន១៨ហិកតា តែពេលនេះត្រូវបានគេរំលោភយកអស់មួយចំនួនទៅហើយ ហើយចំនួនដែលនៅសល់នោះត្រូវបានគេអង្កន់ចែកគ្នាថែមទៀត។

ពាក់ព័ន្ធទៅនឹងការហាមប្រាម របស់សាលារាជធានីភ្នំពេញជុំវិញការផ្ទេរ លក់ដូរ ដីតំបន់នេះ ប៉ុន្តែសកម្មភាពនេះនៅតែកើតមាន ហាក់មិនស្តាប់តាមការណែនាំ របស់សាលារាជធានីឡើយ បញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តំបន់បឹងត្របែក អាជ្ញាធររាជធានីភ្នំពេញនឹងឲ្យប្រជាពលរដ្ឋជ្រើសរើសយក ជម្រើស២ យ៉ាង ទី១.សាលារាជធានីភ្នំពេញអាចផ្តល់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវទិញដីនេះពីរដ្ឋ ព្រោះវាជាដីរបស់រដ្ឋ ទី២.ប្រគល់ដីឲ្យរដ្ឋ ហើយរដ្ឋប្រគល់សំណង គោលនយោ បាយឲ្យមកប្រជាពលរដ្ឋវិញ។ លោក ប៉ា សុជាតិវង្ស ថា ការស្តារអាងស្តុបទឹកនេះ ត្រូវតែធ្វើបន្ទាន់ហើយ ដែលតម្រូវឲ្យប្រជាពលរដ្ឋត្រូវសហការ ជាមួយអាជ្ញាធរនៅពេលស្តារ និងការចុះស្រង់ទិន្នន័យជាក់ស្តែង។

ក្នុងកិច្ចប្រជុំនោះ មន្ត្រីបានលើកឡើងថាការប្រជុំរឿងបឹងត្របែកនេះ មានរយៈពេល១០ឆ្នាំហើយគឺតាំងពីផ្ទៃបឹងធំរហូតដល់តូចពេលនេះ បឹងត្របែកត្រូវមន្ត្រី និងអាជ្ញាធរបានឃុបឃិតធ្វើខិតទិញលក់ពីមួយទៅមួយរហូតមានបញ្ហា នៅពេលបច្ចុប្បន្ន។  ចំពោះការដោះស្រាយលំនៅដ្ឋានប្រជាពលរដ្ឋ ដែលសាងសង់បែបអានាធិបតេយ្យ រំលោភអាងស្តុបទឹកបឹងត្របែក នេះសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋបានសម្រេចគ្នាថានឹងជ្រើសរើសយកវប្បធម៌សន្ទនាជាគ្រឹះនៃការដោះស្រាយ ដោយមិនឲ្យមានការឈឺចាប់ឡើយ។

គួរបញ្ជាក់ផងដែរថា អាងស្តុកទឹកបឹងត្របែកមានទំហំ២៦ហិកតា ពេលនេះត្រូវបានគេរំលោភនៅសល់មិនដល់១០ហិកតាផង ដោយប្រជាពលរដ្ឋកាន់កាប់ ដោយខុសច្បាប់ និងសាងសង់លំនៅដ្ឋានមានមិនតិចជាង៣០០គ្រួសារឡើយ៕

លោក ប៉ា សុជាតិវង្ស រកដំណោះស្រាយ អ្នកដែលរស់នៅសំណង់ មិនរៀបរយក្នុងអាងស្តុបទឹក បឹងត្របែកររក្សា ឲ្យបាននិរន្តរភាព