កំលាំង​ល្បាត​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់​ក្នុងចំណោម​២​នាក់ ពីបទ​លួច​

ភ្នំពេញ: កំលាំង​ល្បាត​របស់​នគរបាល ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បាន​ឃាត់ខ្លួន ជនសង្ស័យ ០១​នាក់ជាក់ស្តែង ពីបទ​លួច​មាន ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​គាស់​ទម្លុះ​ទម្លាយ (គាស់​ផ្ទះ​យក​សំភារ​: ពុំបាន​សម្រេច​) ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជិត​៤ ភ្លឺ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​២០៦ ផ្លូវ​លេខ​១៥០ ក្រុមទី១៥ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

  ជនសង្ស័យ​មានឈ្មោះ សៀង ប៊ុន​ធី ហៅ ធី​បូរី​កីឡា ហៅ ធី​ឆែប ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញខណ្ឌ​សែន​សុខ  ។​

 ជនរងគ្រោះ​ឈ្មោះ ស៊ូ ហេង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ  មុខរបរ បុគ្គលិក​ក្រុមហ៊ុន VGSស្នាក់​នៅផ្ទះ​លេខ​២០៦ ផ្លូវ​លេខ​១៥០ ក្រុមទី​១៥ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួល​គោ ។​

​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា សេ ១00ស៊េរី​២០០២​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-4034 មាន​លេខ​តួ និង​លេខម៉ាស៊ីន 8040462 ដែក​សំប៉ែត​ចុង​ស្រួច សំរាប់​កាច់​បំបែក​គ្រាប់ សោ​រក​ម៉ូតូ ចំនួន១ កន្ត្រៃ​កាត់​ដែក​ស្តើង ចំនួន​២ ,​ដង្កាប់​ចំនួន​១ កូនសោ​រមាត់​ចំនួន​៣​លេខ​១0លេខ​១២ និង​លេខ​១៤ ,​ដែក​សំរាប់​គាស់​ទ្វារ​ឈើ ចំនួន ២ , កូនសោរ​តាន់​រាង​អក្សរអ៊ិ​ល​១,​ដែក​ច្នៃ​សំរាប់ ឆ្កឹះ​មេសោរ ចំនួន ២ ,​ដែក​តាន់​ចុង​ស្រួច ចំនួន ១ ,​ផ្លែកាំបិតជៀ ចំនួន​២ និង​ទីប​ដោះ​ប៊ូ​ហ្ស៊ី ចំនួន ១ និង​ទូរ​ស័​ព្ឌ​មួយគ្រឿង​ម៉ាក Huawei មាន​ពិល ១​គ្រឿង ។​

  កំលាំង​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បាន​ល្បាត​ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន បានឃើញជនសង្ស័យ និង​បក្សពួក​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជនរងគ្រោះភ្លាមនោះ សមត្ថកិច្ច​យើង​បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន ១​នាក់ ចំណែក​១នាក់​ទៀត​រត់គេចខ្លួន​បាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​