សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ប្រាសាទ សហការ​បង្ក្រាប​បទល្មើស​នេសាទ​

កណ្តាល: ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រាសាទ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃទី​២ខែធ្នូ ឆ្នាំ​២០១៥ បាន​សហការ​ជាមួយ​កម្លាំង សង្កាត់​ជលផល​បាសាក់ និង​សង្កាត់ជលផល​ស្អាង បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស នេសាទ​ខុសច្បាប់ នៅក្នុងភូមិសាស្ត្រ​ចំនួន​៤​ភូមិ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន លូ​ស្បៃ​មុង​ចំនួន​៥៨​មាត់ របាំង​ព្រួល​ស្បៃ​មុង​ប្រវែង៥.៣០០​ម៉ែត្រ បង្គោល​៧៩០​ដើម និង​ចាក់ប្រលែង​កូន​ត្រី​ចម្រុះ​​ចូលក្នុង​បឹង​ធម្មជាតិ​វិញ ចំនួន​១៧៩​គីឡូក្រាម​។​ដោយឡែក​សម្ភារៈ ដែល​ដកហូត​បាន​ទាំងអស់ ត្រូវបាន​ដុតកំទេចចោល​នៅ នឹង​កន្លែង​៕​