អាជ្ញាធរ​ខេត្តកោះកុង​គ្មាន​សមត្ថភាព​ទប់ស្កាត់​សំណង់​ផែ​ថ្ម និង​ផ្ទះ​វីឡា​ខុសច្បាប់​លើ​ឆ្នេរ​កោះ​ប៉ោ​

ប្រជាពលរដ្ឋ​រស់នៅ​កោះ​ប៉ោ ខេត្តកោះកុង បាន​រិះគន់ថា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង លោក រស់ វី​រ៉ា​វុ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​សំណង់​ខុសច្បាប់​មានផ្ទះ​រឹងមាំ និង​កំពង់ផែ​ថ្ម ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​កោះ​ប៉ោ ក្រុង​ខេមរភូមិន្ទ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការតវ៉ា​ពី​សំណង់​ខុសច្បាប់​ខាងលើ​បានកើត​ឡើង​ច្រើន​ខែ​មកហើយ តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ​ដែលមាន​លំនៅឋាន​ក្បែរ​សំណង់​ខុសច្បាប់​បាន​បញ្ជាក់ថា សំណង់​ខុសច្បាប់​បានចាប់ផ្តើម​សាងសង់​យូរ​មកហើយ តែ​មន្ត្រី​ជំនាញ​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ផែ​ថ្ម និង​ផ្ទះ​វីឡា គឺជា​របស់លោក ដួង ប៊ុនធឿន ហើយ​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​វា​មិនមែនជា​ករណី​តែមួយ​នោះទេ ខណៈ​នៅមាន​សំណង់​ខុសច្បាប់​ជាច្រើន​ទៀត​នៅក្នុង​ខេត្តកោះកុង​។​

​ចំពោះមុខ​បញ្ហា​នេះ លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​ដែនដី​នគររូបនីយកម្ម និង​សំណង់​ខេត្តកោះកុង បាន​ថ្លែង​ការពារ​ខ្លួន និង​អង្គភាព ថា​លោក​រួមទាំង​អភិបាលក្រុង​ខេមរភូមិន្ទ បានចេញ​លិខិត​ហាមឃាត់​ចំនួន​៤​ដង​រួចមកហើយ តែ​ម្ចាស់​សំណង់ លោក ដួង ប៊ុនធឿន នៅតែ​បន្ត​ការសាងសង់​ដោយ​មិន​គោរព​តាម​លិខិត​ហាមឃាត់​របស់​មន្ទីរ​នោះឡើយ​។​

​គួរ​បញ្ជាក់ថា សំណង់​វី​ទ្បា​កម្ពស់​៣​ជាន់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដែលមាន​ម្ចាស់​ឈ្មោះ ដួង ប៊ុនធឿន ជា​ថៅកែ​ប្រមូល​ទិញ​គ្រឿង​សមុទ្រ​ពី​ខេត្តកោះកុង​យកទៅលក់​នៅ​ប្រទេស​សៀម​ត្រូវគេ​សង្កេតឃើញថា​បាន​សាងសង់​រំលោភ​ទៅលើ​ដី​តំបន់ឆ្នេរ និង​កំពុង​ចាក់​ផែ​ថ្ម​លយ​ចូលក្នុង​សមុទ្រ តែ​អាជ្ញាធរខេត្ត​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​។​

​ចំពោះមុខ​បញ្ហា​នេះ មន្ត្រី​សាលាខេត្ត​កោះកុង​មួយរូប​បាន​បង្ហើប​ថា​មន្ត្រី​ជំនាញ​បាន​ជូនដំណឹង​អំពី​បញ្ហា​នេះ​ទៅ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​រួចហើយ ដើម្បី​សុំ​ចំណាត់ការ​ពី​លោក​អភិបាលខេត្ត តែ​រហូតមក​ដល់ពេលនេះ​ខាង​សាលា​ខេត្តកោះកុង​នៅ​បន្ត​ភាពស្ងប់ស្ងាត់​នៅឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​ខេត្តកោះកុង​បាន​រិះគន់ថា​ម្ចាស់​សំណង់​ខុសច្បាប់​ឈ្មោះ ដួង ប៊ុនធឿន មានអំណាច​ធំ​ជាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តកោះកុង ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តកោះកុង​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ខាងលើនេះ​៕

Pic21 Pic21 - Copy