មានការ​លួចលាក់​បើក​ច្រករបៀង​ខុសច្បាប់​ក្បែរ​ផ្សារ​ព្រំ សមត្ថកិច្ច​មិន​ទប់ស្កាត់​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​មាន​ច្រករបៀង​ខុសច្បាប់​មួយ​ត្រូវបាន​គេ​លួច​បើក​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ច្រករបៀង​ខុសច្បាប់​នោះ​។ តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ព្រំ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្តោយ​ឲ្យ​មាន​ការបើក​ច្រករបៀង​ខុសច្បាប់​យ៉ាង​រលូន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ច្រករបៀង​ខុសច្បាប់​នោះគេ​ប្រើ​ស្ពានឈើ​ទទឹង​ជិត​១​ម៉ែត្រ និង​បណ្តោយ​ប្រមាណ​៥០​ម៉ែត្រ ដើម្បី​ឆ្លង​អូរ​ព្រំដែន ហើយ​គេ​បើក​ឲ្យ​មានការ​នាំចេញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​ជនជាតិ​សៀម​ដែល​ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ​លើទឹក​ដី​ខ្មែរ តែងតែ​ឆ្លងកាត់​ច្រករបៀង​នោះ​ជាជាង​ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ​។ អ្វីដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ទូទៅ​នោះ គឺមាន​សន្តិសុខ​យាម​ច្រករបៀង​ខុសច្បាប់​ជាប្រចាំ ហើយ​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នោះទេ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា​ពិតជា​មាន​ច្រករបៀង​ខុសច្បាប់​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ច្រកទ្វារ​អន្តរជាតិ​មែន ហើយ​ច្រក​នេះ​ខាង​ខេត្ត​ជា​អ្នកបើក​តាំងពី​អំឡុងពេល​លោក អ៊ី ឈាន នៅ​ធ្វើជា​អភិបាលខេត្ត​ប៉ៃលិន​។ ចំណែក​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា លោក កើត សុធា ជា​អភិបាលខេត្ត ធ្លាប់បាន​បញ្ជា​ឲ្យ​បិទ​ផងដែរ ប៉ុន្តែ​ជាក់ស្តែង​នៅតែ​បើក​បន្តទៀត​រហូត​មកដល់​បច្ចុប្បន្ន​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរខេត្ត​ប៉ៃលិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​ស្ថាប័ន​មួយចំនួន​ជា​អ្នកប្រមូល​ចំណូល​ពី​ច្រករបៀង​ខុសច្បាប់​នោះ ហេតុនេះហើយ​ទើប​គេ​បណ្តោយ​ឲ្យ​ច្រករបៀង​នោះ បន្ត​ដំណើរការ​យ៉ាងរ​លូន​មិន​ខ្វល់​ពីបទ​ល្មើស​ឆ្លងដែន​អ្វី​ទាំងអស់​៕

1445_Chandinលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន 001-copyច្រករបៀងនៅភូមិផ្សារព្រំ ឃុំស្ទឺងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន