ពហុ​កីឡដ្ឋាន​ជាតិ «មរតក​តេ​ជោ​» ស្ថាបនាបាន​៧០%​ហើយសម្រាប់​ដំណាក់កាល​ទី​១​​

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​រាជរដ្ឋាភិបាលបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១២ ​មេ​សា​ ២០១៣​នោះ ពេល​នេះ​ស្ថាបនា​បាន​៧០%​ហើយ​សម្រាប់​ដំណាក់កាល​ទី​១ ក្រុមការងារ​កំពុង​ជំរុញ​ឲ្យ​រួចរាល់​ចុងឆ្នាំ​២០១៦ និងបញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ប្រ​កួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូ​ឡាំ​ពិ​កបាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៣ ​ធ្នូ​ ២០១៥​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់​មូលដ្ឋាន​គ្រឹះ​បាន​ប្រមាណ​៧០%​ហើយ ក្នុង​នោះ​មាន​កន្លែង​មណ្ឌល​កីឡាហែលទឹក កន្លែង​ស្នាក់​នៅ​របស់​កីឡាករ គេ​ហៅ​ថា ភូមិ​កីឡា ហើយ​ក៏​កំពុង​ជំរុញ​ការ​សាងសង់​ជា​បន្តបន្ទាប់​ទៀត ។

ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​នេះ មាន​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១​មាន​រយៈពេល​៤​ឆ្នាំ ទី​២​មាន​៤​ឆ្នាំ និង​ដំណាក់កាល​ទី​៣​មាន​រយៈពេល​ខ្លី ដែល​ដំណាក់កាល​ចុង​ក្រោយ​នេះ គ្រាន់តែ​តុបតែង​កែ​លំអ និង​ការងារ​សំអាត​ប៉ុណ្ណោះ ហើយ​ជា​ផែនការមេ​ស៊ី​ហ្គេ​ម​ធ្វើ​យ៉ាងណា​សាងសង់​ឲ្យ​ហើយ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ដើម្បី​ទុក​ពេល​៣​ទៅ​៤​ឆ្នាំ​សម្រាប់​ធ្វើការ​ប្រកួ​ត និង​ប្រើប្រាស់​សាកល្បង ។

ទាក់ទិនការ​ស្ថាបនា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច និង​កំរិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង វិ​ស​យ័​កីឡា​ជា​មុខព្រួញ​មួយ​ចាំបាច់​មានការ​អភិ​វ​ឌ្ឃ​ន៍ ក្រោម​ចក្ខុ​វិ​ស​យ័​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។

​​ពហុ​កីឡដ្ឋាន​នេះ ត្រូវ​បាន​សាងសង់​លើ​ដី​តំបន់​អភិវឌ្ឍ​ន៍​របស់​លោក​ឧក​ញ៉ា​ លី យ៉ុ​ង​ផាត់ ​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ក្នុង​ទំហំ​ផ្ទៃដីប្រមាណ​៨៥​ហិ​កតា ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១២ ​មេ​សា​ ២០១៣ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន សែន  ៕ ​