ធនាគារកណ្តាល​ឥណ្ឌា​ថា សេដ្ឋកិច្ច​របស់​ខ្លួន​កើនឡើង​ខ្ពស់​ជាង​ចិន

ប្រទេស​ឥណ្ឌា ៖ កំណើនសេដ្ឋកិច្ច​ឥណ្ឌា​បាន​រើប​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​៣​នេះ ដែល​មាន​អត្រា​ខ្ពស់​ជាង​ចិន ដោយសារ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្រូវការ​ក្នុងស្រុក សកម្មភាព​ផលិតកម្ម និង​ការ​ព​ន្លឿ​ន​ល្បឿន​សេដ្ឋកិច្ច ។ ធនាគារកណ្តាល​ឥណ្ឌា​ជឿជាក់​លើ​ការ​រក្សា​អត្រា​ការ​ប្រាក់​មិន​ប្រែប្រួល ក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​កាលពី​ថ្ងៃ​អង្គារ​នេះ ។

គេ​រំពឹង​ថា ធនាគារកណ្តាល​ឥណ្ឌា​នឹង​រក្សា​អត្រា​ការ​ប្រាក់​នៅ​ត្រឹង​បន្ទាប់​ពី​ការ​កាត់​ពិន្ទុ​គោល​៥០ ច្រើន​ជាង​ការ​រំពឹង​ទុក​ក្នុង​កិច្ចប្រជុំ​កាលពី​លើក​មុន ស្រប​ពេល​ដែល​ធនាគារ​នេះ​គ្រប់គ្រង​ការ​កើនឡើង​នៃ​តម្លៃ​ដើម្បី​បន្តឹង​ទិស​ដៅ​អតិផរណា​នៅ​ឆ្នាំ​២០១៦ ។

ក្រសួង​ស្ថិតិ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣ ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​ពង្រីក​កំណើន​បាន​៧,៤% ក្នុង​អត្រា​ប្រចាំឆ្នាំ​នៅ​ត្រីមាស​ទី​២ នៃ​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦ ដែល​បញ្ចប់​នៅ​ខែមីនា ធៀប​នឹង​កំណើន​៧% ក្នុង​ខែមេសា​-​មិថុនា ។

ប្រទេស​ចិន​បាន​ចេញ​របាយការណ៍​កំណើន​ប្រចាំឆ្នាំ​ចំនួន​៦,៩% សម្រាប់​រយៈពេល​៣​ខែ​គិត​ត្រឹម​ដំណាច់​ថ្ងៃ​ទី​៣០ ខែកញ្ញា ។ ចំណែក​ក្នុង​ត្រីមាស​ទី​២ ការ​វិនិយោគ​បាន​កើនឡើង​៦,៨% ធៀប​នឹង​ឆ្នាំទៅ​កើនឡើង​៤,៩% ក្នុង​អំឡុង​ខែមេសា​-​មិថុនា ។

រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ខ្ទង់ចំណាយ​ថវិកា​សម្រាប់​ជំរុញ​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​លើកទឹកចិត្ត​ដល់​កំណើនសេដ្ឋកិច្ច និង​វិនិយោគឯកជន ។
គ្រោះ​រាំង​ស្ងួត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម និង​ប្រាក់​កម្រៃ​របស់​ពលរដ្ឋ​នៅ​តាម​ជនបទ ។ បច្ចុប្បន្ន តំបន់​ជនបទ​មាន​តម្រូវការ​ខ្លាំង​ខាង​ផ្នែក​គ្រឿងចក្រ​កសិកម្ម​ដូច​ជា ត្រាក់ទ័រ និង​ទំនិញប្រើប្រាស់ ជាដើម ។

រីឯ​កំណើន​នៃ​ការ​ប្រើប្រាស់​ផ្នែក​ឯកជន​មាន​សន្ទុះ​យឺត​៦,៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ទី​២ ធៀប​នឹង​អត្រា​៧,៤% កាលពី​ត្រីមាស​ដំបូង ។

ប្រាក់​ចំណូល​របស់​និ​យោ​ជិ​ក​រដ្ឋាភិបាល និង​អ្នក​ទទួល​សោធន​ជិត​១០​លាន​នាក់​ក្នុង​ខែមករា នេះ បានការ​កើនឡើង​ជាង​២៣% ដែល​អាច​ជំរុញ​បន្ថែម​នូវ​ការ​ចំណាយ​របស់​អតិថិជន ។

ទោះបីជា​អត្រាកំណើន​គោល​របស់​ឥណ្ឌា​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងណា​ក្តី ក៏​វា​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​សម្រង់​ស្ថិតិ ដែល​មាន​ភាព​ជឿជាក់​កាន់តែ​ច្រើន​ឡើង​ខាង​សេដ្ឋកិច្ច ។

ជាង​នេះ​ទៀត ខណៈ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រើប​ឡើង​ចាប់ពី​ប្រេ​ស៊ី​ល​រហូត​ដល់​រុ​ស្ស៊ី​នោះ កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក គួប​ផ្សំ​នឹង​សេដ្ឋកិច្ច​ចិន​បង្អន់ល្បឿន​ផង​នោះ សេដ្ឋកិច្ច​ឥណ្ឌា​នៅ​តែ​បន្ត​លូតលាស់​ទៅ​មុខ​ដដែល និង​មានការ​កើនឡើង​ដោយ​មិន​បាន​ព្រៀង​ទុក​ដោយសារ​តម្លៃ​ទំនិញប្រើប្រាស់​ថយ​ចុះ ។

ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៃ​ការ​នាំ​ចូល​មាស និង​ប្រេង​បាន​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ជំរុញ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផង​ដែរ ។ ផលិតកម្ម​ស្មើនឹង​១៨%​នៃ​សេដ្ឋកិច្ច បាន​កើនឡើង​៩,៣%​ក្នុង​ត្រីមាស​ទី​២ ធៀប​នឹង​ត្រីមាស​មុន​ស្មើនឹង​៧,២% ។

ប៉ុន្តែ​ការ​នាំ​ចេញ​ទំនិញ​បាន​រួញ​ខ្លី​ត្រឹម​១៧,៥%​ក្នុង​ខែតុលា ធៀប​នឹង​ឆ្នាំទៅ ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំខែ​ក្នុង​រយៈពេល​១១​ខែ​ជាប់​ៗ​គ្នា ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រីក​នូវ​ឥណទាន​ជួយ​ទ្រទ្រង់​ដល់​បណ្តា​អ្នក​នាំ​ចេញ ។

អ្នកវិភាគ​បារម្ភ​ថា សេដ្ឋកិច្ច​ឥណ្ឌា​អាច មាន​សន្ទុះ​យឺត​ក្នុងអំឡុងពេល​២​ត្រីមាស​ក្រោយ ដោយសារ​អវត្តមាន​ការ​វិនិយោគ ផ្នែក​ឯកជន ស្រប​ពេល​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ត្រូវ​វាយលុក​ដោយ​កម្រិត​នៃ​ឆ្នាំ​សារពើពន្ធ ។

រដ្ឋាភិបាល​បាន​បង្ហាញ​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​ថា ឱនភាព​ឆ្នាំ​សារពើពន្ធ​របស់​ឥណ្ឌា​សម្រេច​បាន​ចំនួន​៦១,៦៧​ប៊ី​លាន​ដុល្លារ​ក្នុង​អំឡុង​ខែមេសា​-​តុលា ឬ​ស្មើនឹង​៧៤% នៃ​ទិស​ដៅ​ពេញ​មួយ​ឆ្នាំ ៕