ពិធី​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ​នៅ​ខេត្តមណ្ឌលគិរី​

ខេត្តមណ្ឌលគិរី ៖ នៅ​សាល​ប្រជុំ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥ មាន​រៀបចំ​ពិធី​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ លី សូ​រ៉ា​រឹ​ទ្ឋ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​១ លោក​ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រមទាំង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​ស្នងការ​រង មេ​បញ្ជា​ការ​រង​រាជ​អាវុធហត្ថ​ខេត្ត នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ដែល​ជា​សិក្ខាកាម​ប្រមាណ​ជាង​១០០​នាក់ ។

លោក​វរសេនីយ៍ឯក ព្រាប វុ​ត្ថា នាយសេនាធិការ​ស្តីទី​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ឡើង​ថ្លែង​សារ​ស្វាគមន៍​ដល់​អង្គពិធី និង​អាន​របាយការណ៍​ស្តី​ពី​ល​ទ្ឋ​ផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ ដែល​បាន​អនុវត្តន៍​អស់​រយៈពេល​៤៥​ថ្ងៃ នៅ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​១ ។

នា​ពិធី​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាន​ទទួល​ផែនការ​ហ្វឹកហ្វឺន​ពី​ថ្នាក់លើ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ចាត់តាំង និង​រៀបចំ​ការងារ​ហ្វឹកហ្វឺន​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ តាម​ផែនការ​កំណត់​យក​ពេលវេលា​រៀនសូត្រ​១​ស​ប្តា​ហ៍​៥​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​រៀន​៨​ម៉ោង ព្រឹក​៤​ម៉ោង ល្ងាច​៤​ម៉ោង ។​ លោក​មេបញ្ជាការ​យោធា​ខេត្ត​បាន​បន្ត​ថា សិក្ខាកាម​ដែល​បាន​ទទួល​វគ្គ​សិក្សា​បំប៉ន​រៀបរយ​សរុប​ចំនួន​១៣០​នាក់ គ្រូ​ឧទ្ទេសនាម​ចំនួន​១៥​នាក់ ហើយ​ក្នុង​វគ្គ​សិក្សា​នេះ ក៏​មាន​ចាត់តាំង​ធ្វើ​ផែនការ​យុ​ទ្ឋ​ដំណើរ​ទ័ព ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​មួយ​ថ្ងៃ ។

ចំពោះ​មេរៀន​ដែល​បាន​រៀនសូត្រ​ទៅ​តាម​ផែនការ និង​កាលវិភាគ​មាន ចំនេះដឹង​យោធា​រួម ហ្វឹកហ្វឺន​បាន​ចំនួន​១៣​ថ្ងៃ ស្មើ​៩១​ម៉ោង បច្ចេកទេស​អាវុធ​ថ្មើរជើង ហ្វឹកហ្វឺន​បាន​ចំនួន​៤​ថ្ងៃ ស្មើ​២៨ម៉ោង យុ​ទ្ឋ​វិធី​ថ្មើរជើង ហ្វឹកហ្វឺន​បាន​ចំនួន​៧​ថ្ងៃ ស្មើ​៤៩​ម៉ោង អប់រំ​ចិត្តសាស្ត្រ ហ្វឹកហ្វឺន​បាន​ចំនួន​៤​ថ្ងៃ ស្មើ​២៨​ម៉ោង ។ ការ​ត្រួតពិនិត្យ​ប្រឡង​មេរៀន​បញ្ចប់​វគ្គ បាន​ចំនួន​១២៧​នាក់ និង​៣​នាក់​ទៀត​មាន​ជម្ងឺ​សម្រាក​ពេទ្យ មិន​បាន​ចូលរួម​ប្រឡង ហើយ​ក្នុង​នោះ​មាន​ពិន្ទុ​ល្អ​ចំនួន​៣០​នាក់ ពិន្ទុ​ល្អ​បង្គួរ​៥៥​នាក់ ពិន្ទុ​មធ្យម​៤២​នាក់ និង​មិន​ជាប់​តាម​សំណូមពរ​៣​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ លី សូ​រ៉ា​រិ​ទ្ឋ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​១ និង​លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត បាន​ថ្លែង​កោត​ស​សើរ​ដល់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​ការ​ពង្រឹង​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ ដែល​ជា​ការ​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ ព្រោះថា កងទ័ព​មិនមែន​ចេះ​តែ​បាញ់កាំភ្លើង​ហើយ​ហៅ​ថា​កងទ័ព​នោះ​ទេ កងទ័ព​ត្រូវ​មាន​ជំនាញ និង​ចំណេះ​គួប​ផ្សំ ទើប​អាច​ការពារ​ជាតិ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន​នានា ។

ក្នុង​ឱកាស​នោះ​ដែល​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ឧ​បត្ត​ម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ចំនូ​ន​១​លាន​រៀល ដើម្បី​ចាត់ចែង​លើ​ការ​សិក្សា​រៀនសូត្រ​របស់​យោធា​ក្នុង​តំបន់​ប្រតិបត្តិការ ៕