កូន​​ប្រសារ​​ស្រវឹង សម្លាប់​ឪម៉ែ​ក្មេក​ប្រពន្ធកូន​រួច រត់គេចខ្លួន

ស្លាប់០៤នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងគ្រួសារមួយ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ បើតាមមន្ត្រី​អាជ្ញាធរ ករណី​រន្ធត់នេះ បាន​បង្ក​ឡើង​ដោយ​បុរស​ម្នាក់ ជាកូនប្រសារ ដែលស្រវឹងស្រាជោគ រួចសម្លាប់​ក្រុម​គ្រួសារ​ខ្លួន​ឯង​ទាំង​មូល មុននឹង​រត់​គេច​ខ្លូន។
កូន​​ប្រសារ​​ស្រវឹង សម្លាប់​ឪម៉ែ​ក្មេក​ប្រពន្ធកូន​រួច រត់គេចខ្លួន
ឪពុក (ខាងឆ្វេង) រងរបួស និងជនរងគ្រោះដល់ជីវិត ក្នុងហេតុការណ៍ កាប់មួយគ្រួសារ ក្នុងខេត្តកំពង់ចាម។ (រូបថត សហការី)

ប្រភពពីមន្រ្តីសមត្ថកិច្ចម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ហេតុការណ៍កូនប្រសារស្រវឹង សម្លាប់មួយគ្រួសារនេះ កើតឡើងនៅម៉ោង ២៣យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥។ ផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ មន្ត្រីរូប​នោះ​បានឲ្យដឹងទៀតថា ជនសង្ស័យជាកូនប្រសារ ត្រូវបានគេស្គាល់ថា ឈ្មោះអេង ធី អាយុ ៤៧ឆ្នាំ កំពុងរស់នៅ ជាមួយគ្រួសារខាងលើ និងប្រពន្ធមានកូន ចំនួន០២នាក់។

សាក្សីពីកន្លែងកើតហេតុ បាននិយាយប្រាប់ក្រុមសមត្ថកិច្ចថា នៅយប់កើតហេតុជនសង្ស័យ បានផឹកស្រា​ជា​មួយអ្នកជិតខាង ស្រវឹងជោគ មិនដឹងថាមានបញ្ហាអ្វី ជាមួយគ្រួសារនោះទេ។ ស្រាប់តែនៅយប់នោះ មាន​ការ​ភ្ញាក់ផ្អើលថា បុរសខាងលើបានយកកាំបិត ទៅកាប់សម្លាប់ អ្នកនៅក្នុងផ្ទះខ្លួនឯង អស់មួយគ្រួសារ ទាំង​ឪពុក​ម្តាយ​ក្មេក និងប្រពន្ធរួមទាំងកូនបង្កើត របស់ខ្លួនផងដែរ។

សមាជិកមួយគ្រួសារនេះ ត្រូវបានប្រទះឃើញដេកស្លាប់ ននៀលគ្នា នៅលើផ្ទះ មានតែឪពុកក្មេកម្នាក់ លោក ស្វាយ សាខន វ័យ៦៩ឆ្នាំ ដែលនៅមានជីវិត តែបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះ​ដល់​ជីវិត មានចំនួនបួននាក់ ក្នុងនោះ អ្នកស្រី ចាន់ធី សុភានី ជាប្រពន្ធ និងអ្នកស្រី ម៉ៅ យៀង ជាម្តាយ រួម​ទាំង​កូនស្រី ធី សៀង ហ៊ី និងកូនប្រុស ធី សីហា ស្លាប់រួមគ្នា ដោយកាប់ត្រូវនឹងកាំបិតទាំងអស់។

ក្រោយពីកើតហេតុ រហូតមកដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ នេះអាជ្ញាធរ នៅមិនទាន់ឃាត់ខ្លួន ជនសង្ស័យ ដែល​រត់គេចខ្លួន ខណៈក្រុមគ្រួសារទាំងមូលត្រូវរបួស និងស្លាប់នោះទេ។ ហេតុការណ៍នេះ ត្រូវបាន​អ្នក​ជិត​ខាង​និយយាតៗគ្នាថា ជាទង្វើរបស់កូនប្រសារ ដែលមានការខឹងសម្បារ ពីរឿងអ្វីមួយ។ ដោយឡែក ក្រុម​នគរបាល​វិញ នៅមិនទាន់ធ្វើសេចក្ដីសន្និដ្ឋាន ពីមូលហេតុច្បាស់លាស់នៅឡើយ ដោយគ្រាន់តែនិយាយថា កំពុង​នៅ​ធ្វើការ​ស៊ើប​អង្កេត​បន្ត ពីការស្លាប់នេះ។

សាកសពទាំងបួន ត្រូវបានអ្នកជិតខាងនៅក្នុងភូមិ និងសាច់ញាតិផ្សេងទៀត រួមគ្នាធ្វើបុណ្យ តាមប្រពៃណី​នៅនឹង​ផ្ទះ​កើត​ហេតុ៕