ខណ្ឌ​ចំការមន​ចុះ​បង្រ្កាបបន​ហ្គេម​បី​កន្លែង នៅ​ទួល​ស្វាយ​ព្រៃ

ការចុះបង្ក្រាបទីតាំងហ្គេម បីកន្លែងនេះ ត្រួវបានចៅសង្កាត់ទួលស្វាយព្រៃទីពីរបញ្ជាក់ថា ទទួលបាន​លទ្ធផល​សម្រេច​ជា​ស្ថាពរ ខណៈកាលពីមុន ចុះបង្ក្រាបម្តងរួចមកហើយ តែបរាជ័យ។
ខណ្ឌ​ចំការមន​ចុះ​បង្រ្កាបបន​ហ្គេម​បី​កន្លែង នៅ​ទួល​ស្វាយ​ព្រៃ
សកម្មភាពចុះដល់ទីតាំង បនហ្គេម ទីមួយ ក្នុងចំណោមទីតាំងខុសច្បាប់ ទាំងបីកន្លែង។ (រូបថត monoROOM.info/ H. Vuthy)

បនហ្គេមបីកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ត្រូវបានក្រុមមន្ត្រីអាជ្ញាធរ របស់ខណ្ឌចំការមន សហការ​ជា​មួយ នឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប បានជាស្ថាពរនៅថ្ងៃទី១ ខែធ្នូនេះ។ ប៉ុន្តែការចុះបង្ក្រាបនេះ មិន​មែនទើបនឹងធ្វើឡើង ជាលើកទីមួយនោះទេ ដោយសារអាជ្ញាធរខ្លួនឯង បានទទួលស្គាល់ថា ការចុះបង្ក្រាប​កាល​ពី​លើកមុន បានទទួលបរាជ័យ។

តាមប្រសាសន៍ របស់លោក យ៉ុន ច័ន្ទ ចៅសង្កាត់ទួលស្វាយព្រៃទី០២ បានឲ្យដឹងថា នៅក្នុងខណ្ឌនីមួយៗ ក្នុង​រាជធានីភ្នំពេញ មានកន្លែងប្រព្រឹត្តល្បែងស៊ីសងច្រើនណាស់។ លោកថា លើកនេះចុះបង្ក្រាបល្បែង បាន​សម្រេច​បីកន្លែង ដោយសារកាលពីលើកមុន ទទួលបរាជ័យ។ លោកបានរំលឹកថា កាលពីមុន ខណ្ឌក៏​បាន​សហការ​ជាមួយសង្កាត់ដែរ តែកាលណោះ ពេលចុះទៅដល់កន្លែង ទីតាំងនោះត្រូវបានបិត ដោយ​សារ​ម្ចាស់​ទីតាំង បាន​ដឹង​ខ្លួន​ជា​មុន។

ដោយឡែក លើកនេះ ក្រុមអាជ្ញាធរបានចុះ ទៅទាន់ពេល ដែលទីតាំងទាំងទូហ្គេមបាញ់ត្រី ទាំងបីកន្លែងនោះ កំពុងមានសកម្មភាព។ លោកបញ្ជាក់ថា នោះដោយសារការឃ្លាំមើល របស់កម្លាំងសង្កាត់ ចំណែកកងកម្លាំង​ចុះបង្ក្រាប ជាកងកម្លាំងរបស់ ខណ្ឌចំកាមន ដែលជាអ្នកសហការជាមួយ។

តាមប្រសាសន៍របស់លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី នាយករដ្ឋបាល សាលាខណ្ឌចំកាមន បានឲ្យដឹងដែរថា កាល​ពីមុន ពិតជាមានការបរាជ័យមែន ដោយសារកាលណោះ វិធានការក្តៅនៅមានកម្រិត (មានការបែកធ្លាយ មុន​ពេលចុះចាប់)។ នាយករដ្ឋបាលសាលាខណ្ឌ បានបញ្ជាក់បន្តថា នៅពេលមន្រ្តីសមត្ថកិច្ច ចុះដល់ទីតាំង​ប្រព្រឹត្ត​អ្នក​ទាំងប៉ុន្មានសម្រុកចេញ ក្នុងនោះនៅសល់ តែអ្នកមើលការខុសត្រូវពីរនាក់ តែប៉ុណ្ណោះ។ លោកថា ក្រុម​អាជ្ញាធររឹបអួសបាន ប្រភេទទូហ្គេមទាំងបីកន្លែង ហើយយកមករក្សាទុក ដើម្បីរំលាយចោល។

ស្រ្តីម្នាក់ មានផ្ទះនៅមិនឆ្ងាយពីបនហ្គេមនោះ បាននិយាយទាំងសប្បាយរីករាយថា អ្នកស្រីត្រេកអរណាស់ ចំពោះ​ការចុះបង្ក្រាបបែបនេះ ព្រោះពេលឃើញ មានអ្នកចូលលេងច្រើន នៅជិតផ្ទះអ្នកស្រី វាបាន​បង្ក​ការ​ព្រួយ​បារម្ភ ផ្នែកសន្តិសុខ ដល់ខ្លួនអ្នកស្រីផ្ទាល់ និងអ្នករស់នៅក្បែរនោះ។

ការព្រួយបារម្ភរបស់ពលរដ្ឋ ត្រូវបានលោក ទុយ ប៊ុនសេរីរ័ត្នមុន្នី ទទួលយក និងបានធ្វើការអំពាវនាវថា បើ​ប្រជា​ពលរដ្ឋទាំងអស់ ប្រទះឃើញ ប្រភេទហ្គេមខុសច្បាប់ មានទូបាញ់ត្រី មានកន្ទុយលេខ មានបៀរ និង​ល្បែង​ផ្សេងៗទៀត សូមមេត្តាផ្តល់ដំណឹង ដល់សមត្ថកិច្ចជាបន្ទាន់ ដើម្បីរៀបចំផែនការ ចុះដល់កន្លែងរឹបអួស របស់​ខុសច្បាប់ទាំងនោះ ឲ្យបានទាន់ពេលវេលា៕