​អាជ្ញាធរ​ភ្នំពេញ រក​ដំណោះស្រាយ សំណង់​មិន​រៀបរយ ក្នុង​អាង​ស្តុក​ទឹក បឹងត្របែក​

ភ្នំពេញ​: អភិបាល​រាជធានី​ភ្នំពេញ បានដាក់​សំណើ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ ដោយ​មិន​រៀបរយ ក្នុង​តំបន់​បឹងត្របែក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ជ្រើស​រើសយក​ជម្រើស​ពីរ​យ៉ាង​៖ ដោយ​ទី​១. សាលា​រាជធានី​ភ្នំពេញ អាច​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ត្រូវ​ទិញ​ដី​នេះ​ពីរ​ដ្ឋ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ និង​ទី​២. ប្រគល់​ដី​ឲ្យ​រដ្ឋ រដ្ឋ​ប្រគល់​សំណង​គោលនយោបាយ ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ​។​

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ជួបប្រជុំ ពិភាក្សា​រក​ដំណោះស្រាយ ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សំណង់​មិន​រៀបរយ ក្នុង​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិតក្នុង​ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ ចំពោះ​ការរំលោភ​យក និង​គ្មាន​លិខិតស្នាម ច្បាប់ទម្លាប់​មិន​ប្រក្រតី ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រព្រឹត្ត​ឃុបឃិត​គ្នា និង​អនុវត្ត​ច្បាប់ បញ្ជូនទៅ​តុលាការ​។​

​ដើម្បី​សម្រេច​គោលការណ៍ អភិវឌ្ឍន៍​អាង​ស្តុក​ទឹក​បឹងត្របែក សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ វិធានការណ៍ ដូចខាងក្រោម​នេះ ៖
១. ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​ស្នាក់នៅ មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដោយ​ស្របច្បាប់​។​
២. ស្រង់​ស្ថិតិ​អ្នក​ដែល​រស់នៅ គ្មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។​
៣. ស្រង់​ស្ថិតិ​អ្នក​ជួល​ផ្ទះ​គេ​ស្នាក់នៅ ឬ​ម្ចាស់​ផ្ទះជួល​។​
៤. កំណត់​ការ​ស្នាក់នៅ របស់​ប្រជាពលរដ្ឋ ទាំងចាស់​-​ទាំងថ្មី នៅ​តំបន់​មាត់​ប្រឡាយ និង​តំបន់​បឹង ឱ្យបាន​ច្បាស់លាស់​។​
៥. ចំពោះ​អ្នកទិញ​-​លក់​ដី ត្រូវមាន លិខិត​លក់​-​ទិញ ភ្ជាប់​ជា​ឯកសារ​។​
៦. ក្នុងករណី​ដែល​អ្នកចេញ​ប័ណ្ណគ្រួសារ ប័ណ្ណ​ស្នាក់នៅ​, ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​ចេញ​ប័ណ្ណកម្មសិទ្ធិ ខុសពី​គោលការណ៍ ត្រូវ​ចាត់វិធានការ​ទទួលខុសត្រូវ តាមផ្លូវ​ច្បាប់​។​

​ប្រឡាយ​បឹងត្របែក និង​បឹងត្របែក គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​រួមចំណែក​សង្គ្រោះ​ទឹក នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ មាន​ផែន​ការជីក​ស្តារ យក​ជម្រៅ​ប្រឡាយ បឹងត្របែក​នេះ ដើម្បី​សង្គ្រោះ​ទឹក ដែល​ជន់​លិច​ទីក្រុង​ភ្នំពេញ ទាំងមូល​នៅ​រដូវវស្សា​។ អាស្រ័យហេតុនេះ សូម​បងប្អូន​ដែល​កំពុងស្នាក់នៅ លើ​ប្រឡាយ និង​លើ​ផ្ទៃ​បឹង មេត្តា​សហការ​ជាមួយ​ក្រុមការងារ របស់​សាលា​រាជធានី​ភ្នំពេញ​។​

​ជាមួយ​ការអភិវឌ្ឍ ក្នុងការ​រំដោះ​ទឹក​សំអុយ និង​ទឹកភ្លៀង នៅ​កណ្តាល​ក្រុងភ្នំពេញ អង្គការ​ចៃ​កា បាន​ស្ថាបនា​នូវ​ប្រព័ន្ធ​លូ​ជាច្រើន ហើយ​បាន​សូម​ឲ្យ​អាជ្ញាធរ​ក្រុង ធ្វើយ៉ាងណា​ស្តារ​ប្រឡាយ បឹងត្របែក ដែលជា​កត្តា​សំខាន់ ដើម្បី​រំដោះ​នូវ​ការ​ជន់​លិច នៅ​ភាគ​ខាងលើ​។​

​ក្នុងនោះ​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុ​ដាក់ ក្នុងការ​រៀបរយ និង​រក្សា​នូវ​តំបន់​បឹងត្របែក​។ ចំពោះ​ការដោះស្រាយ​លំនៅដ្ឋាន ប្រជាពលរដ្ឋ​ដែល​សាងសង់ បែប​អានាធិបតេយ្យ រំលោភ​អាង​ស្តុក​ទឹក​បឹងត្របែក នេះ សាលា​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ បានសម្រេច​គ្នា​ថា នឹង​ជ្រើស​រើសយក​វប្បធម៌​សន្ទនា ជា​គ្រឹះ​នៃ​ការដោះស្រាយ ដោយ​មិន​ឲ្យ​មានការ​ឈឺចាប់​ឡើយ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា ការដែល​សាលា​រាជធានី​ភ្នំពេញ មកជួប​ប្រជុំពិភាក្សា​នេះ ក្នុង​គោលបំណង រក​ផ្លូវកណ្ដាល​មួយ ដើម្បី​ដោះស្រាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មិន​ឲ្យ​មានការ​ឈឺចាប់ និង​ទទួលយកបាន​ទាំងអស់គ្នា ជៀសវាង​ការ​ប្តឹងទៅ​តុលាការ​។​

​លោក​បាន​បន្តថា សម្រាប់​កាកសំណល់ លាមក ទឹកស្អុយ ទឹកភ្លៀង នឹង​ហូរ​មកចាក់​នៅ​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​នេះ និង​ចាប់ផ្តើម​ធ្វើការ​ស្ថាបនា ក្នុង​រដូវប្រាំង នៅពេល​ខាងមុខនេះ​។ ដូច្នេះ​វា​ល្មម​ដល់ពេល ត្រូវ​ដោះស្រាយ ដើម្បី​ស្តា​រអាង​ស្តុក​ទឹក​នេះហើយ ដោយ​យើង​មិនអាច​បណ្តែតបណ្តោយ បាន​ទៀត​ទេ វា​នឹងធ្វើ​ឲ្យ ប៉ះពាល់​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា អាង​ស្តុក​ទឹក​បឹងត្របែក​ខាងជើង មាន​ទំហំ ៨ ហិកតា និង​ខាងត្បូង​មាន ១៨ ហិកតា តែ​ពេលនេះ ត្រូវបាន​គេ​រំលោភ​យក​អស់ មួយចំនួន​ទៅហើយ ហើយ​ចំនួន​ដែល​នៅសល់​នោះ ត្រូវបាន​គេ​អង្កន់​ចែកគ្នា ថែមទៀត​។
​ពាក់ព័ន្ធ​ទៅនឹង​ការហាម​ប្រាម របស់​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការផ្ទេរ លក់ដូរ ដី​តំបន់​នេះ ប៉ុន្តែ​សកម្មភាព​នេះ នៅតែ​កើតមាន ហាក់​មិន​ស្តាប់ តាម​ការណែនាំ​របស់​សាលា​រាជធានី​ឡើយ​។​

​លោក​បាន​បន្តទៀតថា ការស្តា​រអាង​ស្តុក​ទឹក​នេះ ត្រូវតែ​ធ្វើ​បន្ទាន់​ហើយ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ នៅពេល​ស្តារ និង​ការចុះ​ស្រង់​ទិន្នន័យ​ជាក់ស្តែង​៕V​

​អាជ្ញាធរ​ភ្នំពេញ រក​ដំណោះស្រាយ សំណង់​មិន​រៀបរយ ក្នុង​អាង​ស្តុក​ទឹក បឹងត្របែក​

​អាជ្ញាធរ​ភ្នំពេញ រក​ដំណោះស្រាយ សំណង់​មិន​រៀបរយ ក្នុង​អាង​ស្តុក​ទឹក បឹងត្របែក​

​អាជ្ញាធរ​ភ្នំពេញ រក​ដំណោះស្រាយ សំណង់​មិន​រៀបរយ ក្នុង​អាង​ស្តុក​ទឹក បឹងត្របែក​