នគរបាល​សេដ្ឋកិច្ច​ឈ្មោះ ទូច យុ​ទ្ធា ដាក់​ប៉ុស្តិ៍​ជជុះ​ជំរិត​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​លើផ្លូវ​ជាតិ​លេខ​៥

​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​បាន​រាយការណ៍​ម​កថាបទ​ល្មើស​សេដ្ឋកិច្ច​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅលើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ តែ​ការទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះតែ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច និង​នគរបាល​សេដ្ឋកិច្ច​ដែលមាន​កាតព្វកិច្ច​ទប់​ស្កាត់​បទល្មើស​សេដ្ឋកិច្ច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​នេះ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​អ្នកជំនួញ​ស្របច្បាប់ និង​បាត់បង់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ចំពោះមុខ​បញ្ហា​នេះ លោក ទូច យុ​ទ្ធា ដែលជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ត្រូវគេ​ដឹងថា​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​សេដ្ឋកិច្ច និង​បទ​ល្មើ​ព្រៃឈើ​ដែល​បាន​ដឹក​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។ ជាក់ស្តែង​អ្នករកស៊ី​ឈើ​ខុសច្បាប់ និង​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ទូច យុ​ទ្ធា ជា​នគរបាល​សេដ្ឋកិច្ច​បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ស្លៀកពាក់​ស៊ីវិល​បើករថយន្ត​ប្រដេញ​រថយន្ត​ដឹកឈើ និង​រថយន្ត​ដឹកទំនិញ​គេចពន្ធ ហើយ​ចំពោះ​អ្នក​ដែល​បាន​បង់​ជា​ខែ​ជាប្រចាំ​ពុំ​មានការ​ប្រដេញ​ចាប់​នោះទេ គឺ​មានតែ​ការសម្របសម្រួល​។​

បើទោះជា​លោក ទូច យុ​ទ្ធា មិនបាន​ឆ្លើយបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​បាន​រិះគន់ថា​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ដែល​ដឹក​ពី​ប្រទេស​សៀម​ឆ្លងកាត់​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​នឹងមិន​អាចធ្វើ​ដំណើរ​ដល់​ភ្នំពេញ​ដោយ​រលូន​នោះទេ​ប្រសិនបើ​គ្មាន​ការផ្តល់​ផលប្រយោជន៍​ដល់​ក្រុមមន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រោម​ការដឹកនាំ​របស់លោក ទូច យុ​ទ្ធា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនិញគេចពន្ធ​ដែលមាន​គ្រឿងបន្លាស់​ផ្សេងៗ គ្រឿងសំណង់ និង​គ្រឿង​អេឡិចត្រូនិក​ភាគច្រើន​ត្រូវបាន​គេ​ដឹក​ឆ្លងកាត់​ខេត្តពោធិ៍សាត់​នៅពេល​យប់ និង​ពេល​ទៀបភ្លឺ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​បានលើកឡើង​ថា​ល្មម​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ​ហើយ ព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​មាន​ភាព​អសកម្ម​ដូច​សព្វថ្ងៃនេះ វា​ពិតជា​អយុត្តិធម៌​ខ្លាំងណាស់​ក្នុងការ​លើ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នគរបាល​មួយចំនួន​ប្រាក់ខែ​មិន​ច្រើន​ទេ​តែ​ជីវភាព​ហ៊ឺហា​ខុស​ប្រក្រតី ខណៈ​នគរបាល​ភាគច្រើន​រកតែ​លុយ​ទ្រទ្រង់​ជីវភាព​ឲ្យ​សមរម្យ​ស្ទើរ​មិនបាន​៕

a2(204) index