ច្រករបៀង​លួចលាក់​បើក​ឱ្យ​ជនជាតិ​ថៃ​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​លេងល្បែង​កាស៊ីណូ​​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ដែល​បាន​ស៊ើប​ដឹង​អំពី​ច្រករបៀង​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​ខាងត្បូងឈាង​ខាងលិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ចំងាយ​ប្រហែល​៥០​ម៉ែត្រ នៅ​ទល់មុខ​កាស៊ីណូ​ក្រោ​ន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​ត្រូវ​បាន​គេលួច​បើក​ឱ្យ​ជនបរទេស ជា​ពិសេស​ជនជាតិ​ថៃឆ្លង​ដែន​ខុសច្បាប់​ទាំង​យប់​ ទាំង​ថ្ងៃ ចូល​មក​លេងល្បែង​កាស៊ីណូ​នៅ​ក្នុង​ទឹកដី​ខ្មែរជា​យូរ​ខែ​ឆ្នាំ​មក​ហើយ​ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ សុវត្ថិភាព ព្រោះ​អត់​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​ឈរ​ប្រចាំការដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​គ្រាន់តែ​មាន​អ្នក​ឈរ​ចាំ​កត់​ឈ្មោះ​ចាំ​យក​លុយ​​ប៉ុណ្ណោះ ។ ​

​ការ​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​លួចលាក់​មួយ​នេះ ត្រូវ​បាន​គេ​សាងសង់​កូនខ្ទម​មួយ​នៅ​បាំង​ពីមុខ ហើយ​សង់​ស្ពានឈើ ដែល​មាន​ទទឹង​ជាង​១​ម៉ែត្រ​មាន​ភ្នាក់ដៃ និង​បណ្តោយ​ជាង​៥០​ម៉ែត្រ ដើម្បី​ឱ្យ​ជន​បរទេស​​ឆ្លង​ដែន​ខុសច្បាប់​ចេញចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ទាំងអស់​ក្នុងភូមិ​ផ្សារ​ព្រំ ។

​ការ​ឆ្លង​ដែន​នេះ គេ​ឃើញ​មាន​សន្តិសុខ​កាស៊ីណូ​ម្នាក់ ឈរ​យាម​ចាំ​មើលផ្លូវ និង​មាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ឈរ​ចាំ​រាប់​ចំនួន និង​ទទួល​ប្រាក់​ដាក់​ហោ​ប៉ៅ​ទុក​ចែក​គ្នា​។ ម្យ៉ាងវិញទៀត គេ​ឧស្សាហ៍​ឃើញ​មាន​បញ្ហា​កើត​ឡើងជា​រឿង​ៗ​នៅ​ក្បែរ​នោះ​ផង​ដែរ ខណៈ​ជនល្មើស​បង្កហេតុ​រួចបាន​រត់​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​វិញ​យ៉ាងរលូន ដោយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាប់​យក​មក​ផ្តន្ទាទោសបាន​ឡើយ ។

​ចំណែក លោក ធៀ​ម សា​រឿ​ន អនុប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ខាងលើបានឱ្យ​ដឹង​ថា ខាង​លោក​ធ្លាប់​ស្នើ​សុំ​ទៅ​ថ្នាក់លើដើម្បី​​បិទ​ច្រក​ទ្វារ​មួយ​នេះ​ចោលដែរ ព្រោះ​ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើង ដែល​នាំ​ឱ្យ​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ចលោក តែ​ខាងលើ​សុំ​ឱ្យ​រង់ចាំ​មួយ​រយៈពេល​សិន ។ លើស​ពី​នេះ​ខាង​ខាង​លោក​ក៏​ធ្លាប់​ជម្រា​ប​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នោះ​ឡើយ ។

លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត បានឱ្យ​ដឹង​ថា ខាង​ខេត្ត​បានឱ្យ​បិទ​ច្រក​នេះរួចរាល់​អស់ហើយ បើសិនជា​នៅ​មាន​ទៀត​ខាង​ខេត្ត​នឹង​ចាត់វិធានការ ។ គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ច្រករបៀង​លួចលាក់​១​នេះ  នៅ​បើក​ឱ្យ​បរទេស​ចូល​មក​លេងល្បែង​កាស៊ី​ណូ​យ៉ាង​គគ្រឹកគគ្រេង​ដដែល ៕ ​