ផ្លូវ​២​ខ្សែ​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ​រង​ការ​ខូចខាត​ជា​ច្រើន​ឆ្នាំ ទើប​ឃើញ​អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​២​ខ្សែ​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​រង​ការ​ខូចខាត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​ឃើញ​លោក​អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ​គ្រោង​ជួសជុល​នៅ​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥ នេះ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ផ្លូវ​២​ខ្សែ​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ​នេះ​មាន​១​ខ្សែ​ប្រវែង​ជិត​៥០០​ម៉ែត្រ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ និង​ផ្លូវ​១​ខ្សែ​ទៀត​ប្រវែង​ជាង​៣០០​ម៉ែត្រ ត្រូវ​បាន​លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត បើក​ការដ្ឋាន​គ្រោង​កសាង​ផ្លូវ​បេតុង​ជាង​មួយ​ឆ្នាំ​ហើយ មិន​ទាន់​ឃើញ​ធ្វើ​នៅឡើយ ។

លោក លី សារី អភិបាលរង​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​២​ខ្សែ​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ​ដែល​ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ដែល​រង​ការ​ខូចខាត​នោះ គឺ​ក្រោយ​ចុះ​ពិនិត្យ​សិក្សា​ហើយ កៀរគរ​សប្បុរសជន​និង​អ្នក​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​មាន​លុយ ដើម្បី​ធ្វើការ​ជួសជុល​សម្រួល​ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដើម្បី​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ៕