អូតង់​នឹង​រក្សា​ទុក​ទាហាន​12.000​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​2016

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១ ធ្នូ រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់​បាន​ព្រមព្រៀង​គ្នា​រក្សា​ទុក​ទាហាន​១២.០០០​នាក់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៦ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អគ្គលេខាធិការ​អូតង់​លោក JENS STOLTENBERG អះអាង​ថា យើង​ព្រមព្រៀង​គ្នា​រក្សា​ទុក​វត្តមាន​នៃ​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​យើង​ក្នុង​តំបន់​ទាំងឡាយ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០១៦ ។ មាន​ន័យ​ថា ទាហាន​របស់​យើង​១២.០០០​នាក់​នឹង​បន្ត​ស្ថិត​នៅ​ទីនោះ​ទៀត ។

អូតង់​បាន​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ដំណាច់ឆ្នាំ​២០១៤ បន្ទាប់​ពី​វត្តមាន​យោធា​ក្នុង​ប្រទេស​នេះ រយៈពេល​១៣​ឆ្នាំ​មក ។ បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​គឺជា​បេសកកម្ម​ថ្មី​មួយ ក្រោម​ការ​ឧបត្ថម្ភ​របស់​អូតង់​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ មក​រា មក សម្រាប់​ជួយ​ដល់​ការ​បណ្តុះបណ្តាល​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ផ្តល់​ទីប្រឹក្សា ព្រមទាំង​ផ្តល់​ជំនួយ​ដល់​កងកម្លាំង​សន្តិសុខ និង​បណ្តា​ស្ថាប័ន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ បេសកកម្ម​នេះ​មាន​ទាហាន​ប្រមាណ​ជា​១២.០០០​នាក់​មក​ពី​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​អូតង់ ។

បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​អូតង់​ក៏​លើក​ឡើង​ផង​ដែរ​ពី​បញ្ហា​នៃ​ការ​ជួយ​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ​ដល់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សហគមន៍​អន្តរជាតិ ។ លោក STOLTENBERG គូសបញ្ជាក់​ថា យើង​ធ្វើការ​សម្រេចចិត្ត​កាលពី​ច្រើន​ឆ្នាំ​មក​ហើយ ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កងកម្លាំង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូត​ដល់​ឆ្នាំ​២០១៧ ហើយ​រហូត​មក​ទល់​ពេល​នេះ​យើង​មាន​ទិស​ដៅ​ធ្វើការ​សម្រេចចិត្ត​ថ្មី​មួយ​នា​ឱកាស​កិច្ចប្រជុំ​កំពូល​របស់​យើង​នៅ​ទីក្រុង​វ៉ា​សូ​វី ដែល​នឹង​អាច​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កងកម្លាំង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូត​ដល់​ឆ្នាំ​២០២០ ៕