ស្ថាបនិក FACEBOOK នឹង​ចំណាយ​99%​នៃ​ភាគហ៊ុន​របស់​ខ្លួន​ដល់​មូលនិធិ​សម្រាប់​កុមារ

ស្ថាបនិក FACEBOOK លោក MARK ZUCKERBERG និង​ភរិយា​លោកស្រី PRISCILLA CHAN ដែល​ទើប​មានកូន​ស្រី​ម្នាក់​ប្រកាស​កាលពី​ថ្ងៃ​ទី​១ ធ្នូ ថា អ្នក​ទាំង​២​នឹង​ចំណាយ​៩៩%​នៃ​ភាគហ៊ុន​របស់​បណ្តាញ​សង្គម​ដែល​ពួក​គេ​មាន​សម្រាប់​ផ្ទេរ​ឱ្យ​មូលនិធិ​សប្បុរសធម៌​ថ្មី «CHAN ZUCKERBERG INITIATIVE» ។ តម្លៃ​នៃ​ភាគហ៊ុន​នេះ​បច្ចុប្បន្ន​មាន​សរុប​៤៥​ពាន់​លាន​ដុល្លារ ។

ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​តាម FACEBOOK ពិត​ណាស់​ក្រោម​រូបភាព​ជា​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ដល់​កូនស្រី​ពួក​គេ​ឈ្មោះ MAX ។ ក្នុង​សារលិខិត​នេះ​ប្តី​ប្រពន្ធ​ទាំង​២​នាក់ សរសេរ​ថា ពិភពលោក​នា​ពេល​នេះ​នឹង​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​ឡើង ។ សុខភាព​មានការ​កែ​លម្អ ។ ភាព​ក្រីក្រ​កំពុង​ចុះ​ថយ ។ ចំណេះដឹង​មាន​កាន់តែ​ខ្ពស់ ។ មនុស្ស​ទាំងឡាយ​កំពុង​ផ្សារ​ភ្ជាប់​គ្នា ។ ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​ក្នុង​គ្រប់​វិស័យ​មាន​ន័យ​ថា ជីវភាព​របស់​លោក​អ្នក​នឹង​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ជាង​ជីវភាព​របស់​យើង​បច្ចុប្បន្ន ។ យើង​នឹង​ចូលរួម​ចំណែក​ដើម្បី​ឱ្យ​រឿង​នេះ​ក្លាយទៅជា​ការ​ពិត ពុំ​មែន​ត្រឹមតែ​ដោយសារ​យើង​ស្រឡាញ់​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ដោយសារ​យើង​មានការ​ទទួលខុសត្រូវ​ខាង​សីលធម៌​ចំពោះ​កុមារ​ជំនាន់​ខាង​មុខ​ទាំងអស់ ។

មូលនិធិ​ថ្មី​នេះ​នឹង​សំដៅលើ​គម្រោង​សម្រាប់​កុមារ​ដែល​នឹង​ផ្តោត​លើ​ការ​ប្រមែប្រមូល​មនុស្ស​ម្នា​នៃ​ពិភពលោក​ទាំងមូល ដើម្បី​ឱ្យ​មានការ​បោះ​ជំហាន​ទៅ​មុខ ហើយ​ជំរុញ​លក្ខណៈ​ស្មើភាព​សម្រាប់​កុមារ​ជំនាន់​ខាង​មុខ ។ ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​បំណង​ក្នុង​គ្រា​ដំបូង​ផ្តោត​លើ​ការ​អប់រំ ការ​លុប​បំបាត់​ជំងឺ​ទាំងឡាយ ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​មនុស្ស​នឹង​មនុស្ស និង​ការ​កសាង​សង្គម​ខ្លាំង​មួយ ។

សារលិខិត​នេះ​បាន​ចោទសួរ​នូវ​សំណួរ​មួយ​ចំនួន​ដូច​ជា តើ​មនុស្ស​ជំនាន់​យើង​អាច​លុប​បំបាត់​ការ​អត់ឃ្លាន និង​ភាព​ក្រីក្រ​បាន​ដែរ​ឬទេ? តើ​យើង​អាច​ផ្តល់​រាល់​ការ​ព្យាបាល​មូលដ្ឋាន​ដល់​គ្រប់​គ្នា​បាន​ដែរ​ទេ?តើ​យើង​អាច​កសាង​ការ​ប្រមូលផ្តុំ​គ្នា​ដ៏​រឹង​មាំ​នានា និង​កាន់តែ​មាន​លក្ខណៈ​ទាក់ទាញ​បាន​ដែរ​ទេ? តើ​យើង​អាច​ថែរក្សា​ទំនាក់ទំនង​ដោយ​សន្តិវិធី ហើយ​ជំរុញ​ការ​យោគយល់​គ្នា​រវាង​មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ដែរ​ទេ?