រុ​ស្ស៊ី​បង្ហាញ​បញ្ជី​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី

កាលពី​ថ្ងៃ​ទី​១ ធ្នូ រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​ធ្វើ​បញ្ជី​ទណ្ឌកម្ម​ច្បាស់លាស់​ដែល​នឹង​ដាក់​ប្រឆាំង​ប្រទេស​តួ​ក​គី ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​ធ្លាក់​កាលពី​ស​ប្តា​ហ៍​មុន​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​ជិត​ព្រំដែន​រវាង​ស៊ី​រី និង​តួ​ក​គី ។

ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ សេចក្តី​សម្រេចចិត្ត​នោះ​ហាមឃាត់​ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា ទៅ ការ​នាំ​ចូល​ផលិតផល​ស្បៀង​ពី​តួ​ក​គី ពិសេស​សាច់​បក្សី បន្លែ និង​ផ្លែ​ឈើ​ស្រស់ ក្លា​ស្សេ ឬ​ស្ងួត ព្រមទាំង​អំបិល ។ សេចក្តី​សម្រេចចិត្ត​នេះ​ផ្អាក​បណ្តា​សកម្មភាព​របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ខាង​កិច្ច​សហ​ប្រតិ​បត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​រុ​ស្ស៊ើ និង​តួ​ក​គី ព្រមទាំង​ការ​ចរចា​រវាង​ប្រទេស​ទាំង​២​ស្តី​ពី​ពាណិជ្ជកម្ម និង​វិនិយោគ ។ សេចក្តីសម្រេច​ចិត្ត​កាត់​បន្ថយ​មក​នៅ​ត្រឹម​២.០០០​ចំនួន​អាជ្ញាប័ណ្ណ​ប្រចាំឆ្នាំ​ដែល​ផ្តល់​ក្នុង​ឆ្នាំ​២០១៦ ដល់​បណ្តា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវថ្នល់​តួ​ក​គី ហើយ​ក៏​គ្រោង​ផង​ដែរ​លុប​ចោល​ទាំងស្រុង ។

ទន្ទឹម​នឹង​នេះ យោង​តាម​សេចក្តី​សម្រេចចិត្ត ពលរដ្ឋ​តួ​ក​គី​ដែល​ពុំ​មាន​កុងត្រា​ការងារ ឬ​កុងត្រា​ស៊ី​វិល​ចុះហត្ថលេខា​មុន​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ នឹង​គ្មាន​សិទ្ធិ​ធ្វើការ​លើ​ដែនដី​រុ​ស្ស៊ី​ឡើយ ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៦ ទៅ ។ កិច្ចព្រមព្រៀងទ្វេភាគី​ស្តី​ពី​ការ​លុប​ចោល​ទិដ្ឋាការ​ត្រូវ​ផ្អាក ព្រមទាំង​ការ​ហោះហើរ CHARTERS របស់​យន្តហោះ​រវាង​ប្រទេស​ទាំង​២ លើកលែងតែ​ការ​ហោះហើរ​ដែល​មាន​បំណង​ធ្វើ​មាតុភូមិនិវត្តន៍​ពួក​អ្នកទេសចរ​រុ​ស្ស៊ី​ដែល​ស្ថិត​នៅ​តួ​ក​គី ។

ចំណែក​នា​ថ្ងៃ​ទី​១ ធ្នូ ដែរ សមាគម​អ្នកដំណើរ​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ឈប់​លក់​សំបុត្រ​ធ្វើ​ដំណើរ​ទៅ​តួ​ក​គី​សម្រាប់​រយៈពេល​មិន​កំណត់​មួយ ហើយ​រដ្ឋមន្ត្រី​អប់រំ និង​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​អះអាង​ថា លោក​នឹង​កម្រិត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​តួ​ក​គី ហើយ​គ្រោង​ធ្វើ​មាតុភូមិនិវត្តន៍​និស្សិត​រុ​ស្ស៊ី​ទាំងអស់​នា​ពេល​ខាង​មុខ ។

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ម៉េ​ដ​វេ​ដេ​វ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ក្នុង​ករណី​ចាំបាច់​បញ្ជី​ទណ្ឌកម្ម​នឹង​អាច​បន្ថែម​ទៀត ៕