រកឃើញមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរ AirAsia A320-200 ធ្លាក់ចូលក្នុងសមុទ្រ កាលពីឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ទីបំផុតក្រុមអ្នកជំនាញ បានរកឃើញមូលហេតុពិតប្រាកដ នៅពីក្រោយនៃការធ្លាក់ យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320-200 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia កាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះហើយ ដែលបានឆក់យកជីវិតមនុស្ស សរុប ១៦២នាក់។

រកឃើញមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរ AirAsia A320-200 ធ្លាក់ចូលក្នុងសមុទ្រ កាលពីឆ្នាំមុន
បំណែកនៃតួយន្តហោះ ដែលត្រូវបានគេស្រង់ឡើង ពីក្នុងសមុទ្រមកវិញ

យោងតាមរបាយការណ៍ថ្មី របស់គណៈកម្មាធិការសុវត្ថិភាព ផ្នែកដឹកជញ្ជូនជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ចុះផ្សាយដោយសារព័ត៌មាន BBC បានឲ្យដឹងថា ក្រោយពីមានការស៊ើបអង្កេត អស់រយៈពេលយ៉ាងយូររួចមក គេបានរកឃើញថា ផ្នែកអេឡិចត្រូនិចដ៏តូចមួយ ដែលតភ្ជាប់ប្រព័ន្ធគ្រប់គ្រងចង្កូតនៅកន្ទុយយន្តហោះ បានប្រេះបែក ជាហេតុនាំឲ្យមានការបញ្ជូនសញ្ញាព្រមាន ចំនួន ៤ដង ទៅដល់ពីឡុតបើកយន្តហោះ។ ក្រោយមកបុគ្គលិកនាវិកនៅលើនោះ បានព្យាយាមដោះស្រាយបញ្ហា ដោយការបិទបើកប្រព័ន្ធកុំព្យូទ័រសារឡើងវិញដែរ ប៉ុន្តែទង្វើនេះបានធ្វើឲ្យប្រព័ន្ធបញ្ជាខ្លួនឯង (autopilot) មិនអាចដំណើរការបាន ហើយក្រោយមកពួកគេ មិនអាចគ្រប់គ្រង និងបញ្ជាយន្តហោះនោះបាន ទើបបណ្តាលឲ្យវាធ្លាក់ចូលក្នុងសមុទ្របែបនេះ។

ក្នុងនោះ មានការបញ្ជាក់ទៀតថា ក្រុមនាវិកយន្តហោះ ធ្លាប់បានសាកល្បងវិធីបែបនេះ និងទទួលបានជោគជ័យ កន្លងមក ព្រោះថាកាលពីឆ្នាំមុនៗ បញ្ហាស្រដៀងគ្នានេះ ធ្លាប់កើតឡើងដល់ទៅ ២៣ដង រួចមកហើយ តែជាអកុសល សម្រាប់លើកចុងក្រោយនេះវិញ វាបែរជាមិនបានផលទៅវិញ និងថែមទាំងបង្កឲ្យមានវិនាសកម្ម ធ្លាក់ចូលសមុទ្រជ្វា ដោយបានឆក់យកអាយុជីវិតមនុស្សនៅលើនោះ សរុប១៦២នាក់ ខណ:ពេលហោះហើរចេញពីទីក្រុង Surabaya មកកាន់ប្រទេសសាំងហ្គាពួរ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។

គូសបញ្ជាក់ផងដែរថា នៅពេលដំបូងក្រុមអាជ្ញាធរ បានធ្វើការសន្និដ្ឋានថា អាកាសធាតុអាក្រក់ ដែលមានលាយខ្យល់ព្យុះផងនោះ គឺជាមូលហេតុដែលនាំឲ្យយន្តហោះ AirAsia A320-200 ជួបឧបទ្ទវហេតុ តែក្រោយពីស៊ើបអង្កេត យ៉ាងម៉ត់ចត់អស់ពេលជិត ១ឆ្នាំមកនេះ ទើបអាចរកឃើញការពិត។ យ៉ាងណាមិញករណីនេះ ជាសោកនាដកម្មដ៏ធំមួយ សម្រាប់ពិភពលោកផងដែរ កាលពីចុងឆ្នាំ២០១៤៕

រកឃើញមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរ AirAsia A320-200 ធ្លាក់ចូលក្នុងសមុទ្រ កាលពីឆ្នាំមុន
រកឃើញមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរ AirAsia A320-200 ធ្លាក់ចូលក្នុងសមុទ្រ កាលពីឆ្នាំមុន
បំណែកមួយចំនួន របស់យន្តហោះ AirAsia និងទីតាំងដែលវាបានធ្លាក់

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត