ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៤

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៤

​នេះ​ជា​សប្តាហ៍ ដែល​មាន​ការអភិវឌ្ឍ​ន៍​ធំៗ​ជាច្រើន​ដូចជា ឥលូវ​នេះ កូន​អាច​បើកភ្នែក​ព្រឹមៗ​បាន ចង​ចិញ្ចើម ញាក់​មុខ នោម និង​អាច​បៀម​ម្រាមដៃ​បាន​ទៀត​ផង​។ សាច់ដុំ​មុខ​របស់​គេ កំពុង​តែ​បង្កើត​ទឹកមុខ​ដ៏​តូច​ចុះឡើង តម្រងនោម​កំពុងតែ​ផលិត​ទឹកនោម ដែល​បញ្ចេញ​ទៅក្នុង​ទឹកភ្លោះ​នៅ​ជុំវិញ​គេ ដែល​ដំណើរការ​នេះ នឹង​បន្តធ្វើ​រហូតដល់​គេ​កើត​។ ពេលនេះ គេ​ក៏​អាច​ខាំ​បានដែរ ហើយ​បើសិនជា​យើង មើល​តាម​អេកូ​វិញ អ្នក​ប្រហែលជា​ឃើញ​គេ កំពុងតែ​ជញ្ជក់​ម្រាមដៃ​ទៀតផង​។

​ដំណឹង​ល្អ​ផ្សេងទៀត​គឺ​ថា កូន​របស់​អ្នក​កំពុងតែ​តម្រង់​ខ្លួន​។ ចាប់ពី​ក្បាល​ដល់​កំប៉េះគូថ គេ​មាន​ប្រវែង ៩ សង់ទីម៉ែត្រ (​ប្រហែល​ធំ​ជាង​ផ្លែ​ក្រូចឆ្មា​បន្តិច​) និង​មាន​ទម្ងន់ ១៤,១៧៥ ក្រាម​។ ឥឡូវនេះ ការលូតលាស់​របស់​រា​ង​កាយ មាន​លក្ខណៈ​លឿន​ជាង​ក្បាល​។ នៅ​ចុងបញ្ចប់​នៃ​សប្តាហ៍​មួយ​នេះ ដៃ​របស់​គេ​នឹង​លូតលាស់ ក្នុង​សមាមាត្រ​មួយ ស្មើ​នឹង​រាងកាយ​របស់គេ​ដែរ​។ ជើង​របស់​គេ នៅតែ​អាច​លូត​បាន មួយចំនួន​ទៀត​អញ្ជឹង​។ កូន​កំពុងតែ​ចាប់ផ្តើម អភិវឌ្ឍន៍​នូវ​រោម​តូចៗ គ្របដណ្តប់​លើ​រាងកាយ​របស់​កូន ដែល​ភ្នែក​របស់​យើង​មើល​មិនឃើញ ហើយ​រោម​តូចៗ​នោះ​មានឈ្មោះ​ថា Lanugo​។ ថ្លើម​របស់​គេ​ចាប់ផ្តើម ផលិត​ទឹកប្រមាត់​ហើយ​ក្នុង​សប្តាហ៍​នេះ ដែល​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា វា​កំពុងតែ​បំពេញ​មុខងារ​ត្រឹមត្រូវ ចំណែក​អណ្តើក​វិញ ចាប់ផ្តើម​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ គិតៗ​ទៅ អ្នក​មិន​អាច​មាន​អារម្មណ៍​ដឹង អំពី​ដំណើរការ​អស់​នេះ ឬ​ការធ្វើ​ចលនា​របស់​កូន​នៅឡើយ​ទេ ប៉ុន្តៃ កណ្តាប់ដៃ និង​រន្ទះ​ជើង​អ្នក​ប្រដាល​អាជីព​របស់​អ្នក​មួយ​នេះ (​ឥឡូវនេះ​មាន​ប្រវែង ១,២៧ សង់ទីម៉ែត្រ​) កំពុងតែ​ធ្វើ​យ៉ាង​សកម្មភាព និង​បត់បែន​កាន់តែ​ច្រើន​ហើយ​។

​សូម​ស្វាគមន៍ ការឈាន​មកដល់​ត្រីមាស់​ទី​ពីរ​! កម្លាំង​របស់​អ្នក ទំនងជា​វិល​មក​រក​ធម្មតា​វិញ សុដន់​ប្រហែលជា មិនសូវ​ឈឺ​ខ្លាំង​ដូច​មុន ហើយ​អា​ការៈចាញ់កូន ប្រហែល​ជា​ស្រាកស្រាន្ត​បាត់​អស់​ដែរ​។ បើសិនជា​មិន​បាត់​ទៅ​វិញ​ទេ កុំ​អស់សង្ឃឹម​អី ព្រោះ​វា​នឹង​បាត់​ទៅ​វិញ នា​ពេល​ឆាប់ៗ (​ស្ត្រី​មួយ​ចំនួន នៅតែ​មាន​អារម្មណ៍​ចង់​ក្អួត​ដដែល ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ​)​។ កំពូល​របស់​ស្បូន ក៏​ខ្ពស់ជាង​មុន​បន្តិច ពី​ឆ្អឹងថ្ងាស​ក្រោម ដែល​វា​អាច​បណ្តាល​ឲ្យ ពោះ​អ្នកធំ​បន្តិច​ហើយ​។ ការចាប់ផ្តើម​បង្ហាញ​បែបនេះ នាំឲ្យ​មាន​ភាព​ភ័យ​ញាប់ញ័រ​បន្តិចបន្តួច ព្រោះ​វា​គឺជា​អំណះអំណាង​បញ្ជាក់​ប្រាប់​អ្នក និង​ប្តី​ថា កំពុងតែ​មើលឃើញ ការចាប់​កំណើត​របស់​កូន នៅ​ពេល​ខាង​មុខ​ហើយ​។ ចូរ​ចំណាយពេល​មួយចំនួន ដើម្បី​រៀប​គម្រោង សុបិន្ត​ទាំង​ថ្ងៃ និង​រីករាយ​នឹង​ពេល​វេលា​ដ៏​អស្ចារ្យ​នេះ​ទៅ​។ វា​គឺជា​រឿង​ធម្មតា​ទេ ដែល​អ្នក​បារម្ភ​បន្តិចបន្តួច​នៅ​ពេល​នេះ ប៉ុន្តែ ចូរ​ព្យាយាម​ផ្តោត​សំខាន់​ទៅលើ ការថែទាំង​ខ្លួនឯង​និង​កូន​ផង ព្រមទាំង​ប្រាកដថា ពី​ក្បាល​ដល់​ចុង​ជើង មាន​លក្ខណៈ​ត្រឹមត្រូវ និង​ល្អ​អស់ហើយ​។

​អ្វី​ដែល​ត្រូវ​ធ្វើ នៅ​សប្តាហ៍​នេះ​
​ការ​ហាត់ប្រាណ ពេល​មាន​ផ្ទៃពោះ
​បើសិន​ជា​អ្នក មិនទាន់​ត្រៀម​ខ្លួន​រួច​ទេ ឥឡូវនេះ គឺជា​ពេលវេលា​ល្អ ដើម្បី​ចាប់ផ្តើម​ហាត់ប្រាណ ជា​ទៀងទាត់​ហើយ​។ ការចូលរួម​ថ្នាក់​ហាត់ប្រាណ​នេះ អាចជួយ​លើកទឹកចិត្ត​ដល់​អ្នក ដើម្បី​ងាយ​នឹង​ធ្វើ​វា​ជាប់​បាន​។ ហើយ​ស្ត្រី​ជាច្រើន​យល់ថា ការចូលរួម​ថ្នាក់​ហាត់ប្រាណ ពេល​មាន​ផ្ទៃពោះ គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​ទទួលបាន​ការគាំទ្រ ពី​ស្ត្រី​មាន​ផ្ទៃពោះ​ផ្សេងៗ​ទៀត​។ ជម្រើស​ល្អៗ​មួយចំនួន នៃ​ការ​ហាត់ប្រាណ មានដូចជា ការ​ហាត់ប្រាណ​ដោយ​ប្រើ​ទឹក ការ​ហាត់ប្រាណ​ក្បាច់ យូ​ហ្គា​ពេល​មាន​ផ្ទៃពោះ ការដើរ​ជា​ក្រុម ឬ​ការ​រាំ​របៀប​អ្នកមាន​ផ្ទៃពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។