Angelina ៖ ខ្ញុំ​មោទនភាព​ដែល​មាន​ចំណែក​ជួយ​ផ្សព្វផ្សាយ​ភាពយន្ត​កម្ពុជា​ទៅ​ពិភព​លោក


Angelina ៖ ខ្ញុំ​មោទនភាព​ដែល​មាន​ចំណែក​ជួយ​ផ្សព្វផ្សាយ​ភាពយន្ត​កម្ពុជា​ទៅ​ពិភព​លោក

តាម​រយៈ​គេហទំព័រ​ CFC តារា​ហូលីវូដ Angelina Jolie ដែល​ទើប​ទទួល​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) បាន​ថ្លែង​ទៀត​ថា នាង​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ទៅ​កាន់​ពិភព​លោក។

 

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ឬ CIFF នឹង​ចាប់​ផ្ដើម​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៤ ធ្នូ ខាន​ស្អែក​នេះ។  Angelina Jolie ដែល​ទទួល​ខ្លួន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​នៃ​មហោស្រព​នេះ ថ្លែង​ទៀត​ថា “ខ្ញុំ​កំពុង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ដ៏​អស្ចារ្យ​ជាមួយ​ផលិតករ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា ដូច​ជា​លោក រិទ្ធី ប៉ាន់ ជា​ផលិតករ​ម្នាក់​ដែល​កំពុង​ផលិត​ភាពយន្ត​ជាមួយ​ខ្ញុំ។ ដូច្នេះ​ហើយ ខ្ញុំ​កំពុង​ទន្ទឹង​ចាំ​ឱកាស​ចូល​រួម​ក្នុង​មហោស្រព​នេះ ដើម្បី​ជួប​ជាមួយ​ផលិតករ​ទាំង​ឡាយ ដែល​ខ្ញុំ​គោរព​បំផុត”។

 

Angelina ៖ ខ្ញុំ​មោទនភាព​ដែល​មាន​ចំណែក​ជួយ​ផ្សព្វផ្សាយ​ភាពយន្ត​កម្ពុជា​ទៅ​ពិភព​លោក

 

ផលិតករ រិទ្ធី ប៉ាន់ និង អេនជាលីណា ចូលី(រូបភាព៖ cambodia-cfc.org)

 

អ្នក​ស្រី បន្ថែម​ទៀត​ថា “ជាមួយ​វប្បធម៌​ដ៏​រុងរឿង ហើយ​អនាគត​ត្រចះត្រចង់ កម្ពុជា​គឺ​ជា​ទឹក​ដី​ដ៏​អស្ចារ្យ​សម្រាប់​ការ​ថត​ភាពយន្ត និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​អ្វី​ដែល​គ្រប់​គ្នា​នឹង​បាន​ឃើញ​នៅ​ក្នុង​មហោស្រព​ប្រចាំ​ឆ្នាំ​នេះ”។

 

លោក Cedric Eloy នាយក​ប្រតិបត្តិ CFC ដែល​រួម​ចំណែក​រៀប​ចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ថ្លែង​ថា វត្តមាន​របស់ Angelina Jolie គឺ​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ​សម្រាប់​ផលិតករ​ទាំង​អស់ ជា​ពិសេស ផលិតករ​វ័យ​ក្មេង រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ ក្នុង​គ្រា​ដែល​ទទួល​បាន​ឱកាស​យក​ចិត្ត​ទុក​ដាក់ ពី​ផលិតករ តារា​សម្ដែង​លំដាប់​ពិភព​លោក និង​ជា​បុគ្គល​ដ៏​សប្បុរស​តួយ៉ាង​ដូច​ជា​អ្នក​ស្រី Angelina Jolie Pitt។

 

“មិន​ត្រឹម​ជា​តារា​សម្ដែង និង​ជា​ផលិតករ ប៉ុន្តែ​គាត់​គឺ​ជា​អ្នក​បំផុស​គំនិត​វិជ្ជមាន​មួយ​រូប​ផង​ដែរ។ ដូច្នេះ គឺ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​មហោស្រព​ឆ្នាំ​នេះ ក៏​ដូច​ជា​ផលិតករ​កម្ពុជា ដែល​តាម​រយៈ​នេះ អាច​ធានា​ដល់​ការ​ងើប​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ថែម​ទៀត”។ Cedric បន្ថែម។

 

វិល​មក​លោក សូ ចាន់​តារា ជា CFC Film Commissioner បាន​ថ្លែង​ដែរ​ថា ងារ​ជា​ប្រធាន​គណៈ​កម្មការ​ដែល​អ្នក​ស្រី  Angelina Jolie Pitt ទទួល​យក គឺ​ជា​ការ​គាំទ្រ​ផ្នែក​ស្មារតី ដែល​នាំ​មក​នូវ​ការ​យក​ចិត្ត​ទុកដាក់​ឈាន​ទៅ​រក​ការ​កើត​ជា​ថ្មី​នៃ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​។ លោក​បន្ត​ទៀត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា​មាន​ការ​រីក​ចម្រើន តាម​រយៈ​ការ​ចាប់​អារម្មណ៍​ច្រើន​របស់​ផលិត​ករ​បរទេស​មក​លើ​កម្ពុជា។

 

Angelina ៖ ខ្ញុំ​មោទនភាព​ដែល​មាន​ចំណែក​ជួយ​ផ្សព្វផ្សាយ​ភាពយន្ត​កម្ពុជា​ទៅ​ពិភព​លោក

 

ដូច្នេះ​ហើយ​តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នកស្រី Angelina លោក​សង្ឃឹម​ថា​នឹង​នាំ​មក​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទៅ​លើ​គ្រប់​យន្តការ​គាំទ្រ​ដល់​ខ្សែ​ភាពយន្ត ក៏​ដូច​ជា​លើក​កម្ពស់​ការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា។

 

មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា នឹង​ត្រូវ​រៀប​ចំឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ទី​១០ ខែ​ធ្នូ​ ឆ្នាំ២០១៥។ តាម​លោក ជា សុភាព ​អនុប្រធាន​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា មាន​ភាព​យន្ត​ចំនួន​១៣០​មក​ពី​៣៤​ប្រ​ទេស នឹង​ត្រូវ​ដាក់​បញ្ចាំង​ជូន​ទស្សនា នៅ​តាម​រោង​ភាព​យន្ត​ធំ​ៗ​នៅ​ក្នុង​ផ្សារ​ទំនើប​ស៊ីធីម៉ល ផ្សារ​សុរិយា ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី និង​នៅ​ផ្សារ​អ៊ីអន​ជាដើម។ លោក​បន្ត​ថា​ដែរ​ថា ភាព​យន្ត​ទាំង​នេះ ក៏​មាន​បញ្ចាំង​នៅ​កោះ​ពេជ្រ មជ្ឈមណ្ឌល​បុប្ផាណា និង​រោងភាពយន្ត​នៃ​វិទ្យាស្ថាន​បារាំង​ផង​ដែរ៕

 

អត្ថបទ៖ ទារិកា