សម្តេច​ហេង​សំរិន ប្តឹង​លោក​សមរង្ស៊ី ទាមទារ​សំណង​ជំងឺ​ចិត្ត ៣០០ លាន​រៀល​

ភ្នំពេញ: សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​ប្តឹង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៣០០ លាន​រៀល​។ ក្រៅពីនោះ ក្នុង​បណ្តឹង​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា សម្តេច​ហេង​សំរិន ក៏បាន​ស្នើ​ដល់​តុលាការ ផ្តន្ទាទោស​លោក​សមរង្ស៊ី តាមច្បាប់ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​បើតាម​លោក គី​តិច មេធាវី​ការពារ​ក្តី​សម្តេច​ហេង​សំរិន​។​

​សូម​រម្លឹកថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង បានចេញ​ដីកា​កោះហៅ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។ លោក សមរង្ស៊ី ត្រូវបាន​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ប្តឹង​ពីបទ បរិហាកេរ្តិ៍ តាមរយៈ​បណ្តេញ​សង្គម facebook កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ដីកា​កោះហៅ​លោក សមរង្ស៊ី ត្រូវបាន​តំណាង​អយ្យការ ចេញ​ដីកា​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​។ ដីកាកោះ​នោះ ត្រូវបាន​គេ​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​២ ខែធ្នូ​នេះ​។​

​រហូតដល់​រសៀល​ថ្ងៃទី​២​ធ្នូ​នេះ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក សមរង្ស៊ី កាលពី​ថ្ងៃទី​១៦ ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺ​បាន​លុបចោល​នូវ​អ្វីដែល​លោក បាន​បង្ហោះ​ទាំងនោះ​អស់រលីង​ហើយ​។​

​ក៏ប៉ុន្តែ​លោក​មេធាវី គី​តិច បាន​បញ្ជាក់ថា លោក​បាន​ទាញ​ទុក​នូវ​ឯកសារ​ទាំងនោះ ទុកជា​ភស្តុតាង​អស់ហើយ​។ រហូតដល់​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សមរង្ស៊ី នៅ​បង្ហោះ​ឯកសារ​ទាំងនោះ នៅឡើយ​។​

​លោក គី តិច មេធាវី​តំណាង​សម្តេច​ហេង​សំរិន បានបញ្ជាក់​ប្រាប់​អ្នកកាសែត នៅ​រសៀល​ថ្ងៃទី​២​ធ្នូ​នេះ​ថា កាលពី​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១៥ លោក​សមរង្ស៊ី បាន​បង្ហោះ​នូវ​ខ្លឹមសារ​អក្សរ ២ ឃ្លារ និង​ឃ្លី​ប វិ​ដេ​អូ​មួយ ដែល​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ ជា​ព្រះបន្ទូល​របស់​សម្តេចព្រះ នរោត្តម សីហនុ លើកឡើង​ពី​របប​រដ្ឋាភិបាល​កម្ពុ​ជា ក្រោយ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ថា​មាន​វៀតណាម​ចូលមក​រស់នៅ​ច្រើន​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​ឯកសារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ លោក​សមរង្ស៊ី ក៏បាន​លើកឡើងថា តុលាការ​ក្នុង​របប​ក្រោយ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ បាន​កាត់ទោស​សម្តេចព្រះ នរោត្តម សីហនុ ថា​ជា​ជន​ក្បត់ជាតិ​។​

​ប៉ុន្តែ​លោក​មេធាវី គី​តិច បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ហេង​សំរិន ក្នុង​របប​ក្រោយពី​ដួលរលំ​របប​ខ្មែរក្រហម ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺ​មិនមាន​ការកាត់ទោស​សម្តេច​ព្រះ នរោត្តម សីហនុ ដូច​ការលើកឡើង​រប​ស់លោក​សមរង្ស៊ី នោះទេ​។ ដូច្នេះ​ទើប​លោក ក្នុងនាម​ជា​មេធាវី​សម្តេច​ហេង​សំរិន បានដាក់​ពាក្យ​ប្តឹង​លោក សមរង្ស៊ី ពីបទ​បរិហារកេរ្តិ៍​សម្តេច​ហេង​សំរិន ដែលជា​អ្នកដឹកនាំ​ប្រទេស​កម្ពុជា ក្រោយពី​ការដួលរលំ​របប​ខ្មែរក្រហម​។​

​លោក​មេធាវី គី​តិច បាន​គូសបញ្ជាក់ថា ក្នុង​ពាក្យបណ្តឹង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រៅពី​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឯកឧត្តម សមរង្ស៊ី តាមច្បាប់ សម្តេច ហេង សំរិន ក៏បាន​ទាមទារ​សំណង​ការខូចខាត​កិត្តិយស និង​កិត្តិនាម​របស់​សម្តេច​នូវ​ទឹកប្រាក់​ចំនួន ៣០០ លាន​រៀល​។​

​ជុំវិញ​បណ្តឹង​ថ្មី​ចុង​ក្រោយនេះ ត្រូវបាន​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា រឿង​នយោបាយ​ប្រឆាំងនឹង​លោក​សមរង្ស៊ី​។​

​ប៉ុន្តែ​លោក​មេធាវី គី​តិច បាន​ច្រានចោល ហើយ​ថា ពាក្យ​ប្តឹង​របស់​សម្តេច​ហេង​សំរិន​នេះ គឺ​ប្តឹង​តាមច្បាប់ មិន​ទាក់ទង​នឹង​រឿង​នយោបាយ​អ្វី​ទេ​។​

​ជាការ​កត់សម្គាល់ លោក សមរង្ស៊ី ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា កោះហៅ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​បណ្តឹង​សមគំនិត​ជាមួយ​លោក​ហុង​សុខ​ហួរ ក្នុងការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ​។​
 
​លោក សមរង្ស៊ី ដែល​ពេលនេះ កំពុងស្ថិត​នៅក្រៅ​ប្រទេស ក៏​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​លោក ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។ កាលណោះ លោក​សមរង្ស៊ី លើកឡើងថា ឯកឧត្តម ហោ​ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក សម័យ​ខ្មែរក្រហម​។ ប៉ុន្តែ​លោក​ហោ​ណាំហុង បាន​បដិសេធ ហើយ​តុលាការ​បារាំង និង​តុលាការ​កម្ពុជា បាន​កាត់​ឲ្យ​លោក​សមរង្ស៊ី ចាញ់ក្តី​ជា​បន្តបន្ទាប់​៕​