ផ្ទុះ​ធុង​ហ្គា​ស​ផ្សារ​ដែក​ក្នុង​សណ្ឋាគារ​សុខា​ល័យ​អង្គរ ស្លាប់​កម្មករ​ម្នាក់​ ព្រម​ទាំង​លាក់​បាំង​មិន​ចង់​ឲ្យ​អ្នក​កាសែត​ដឹង

ខេត្តសៀមរាប ៖ កម្មករ​ម្នាក់​​បាន​​ធ្លាយ​ពោះ ហើយ​បាន​ស្លាប់​ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ផ្សារ​ដែក​នៅ​ក្នុង​សណ្ឋា​គារ សុខាល័យអង្គរ ​។ ហេតុការណ៍​លាក់កំបាំង​ជាមួយ​អ្នក​សារព័ត៌មាន​របស់​សណ្ឋាគារ​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១ ធ្នូ ២០១៥ នៅ​សណ្ឋាគារ សុខា​ល័យ​អង្គរ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក សំ សារ៉ូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២​ធ្នូ​នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ ខួច ច្រឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ លោក​បន្ត​ថា គ្រោះថ្នាក់​នេះ​គឺ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ហើយ​ចំណាត់ការ​យ៉ាងណា​នោះ​ខាង​ប៉ូលិស​កំពុង​សួរនាំ​បន្ត ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ  លោក ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា ករណី​នេះ​ពិតជា​មាន​មែន ហើយ​លោក​ថា ឱ្យ​សួរ​ទៅ​ខាង​ព្រហ្មទណ្ឌ​ទៅ ព្រោះ​លោក​កំពុង​ជាប់​រវល់ ។

ចំណែក​លោក​វរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ករណី​នេះ​លោក​មិន​ទាន់​ទទួល​បាន​សំណុំរឿង​ពី​ខាង​ក្រុង​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ត្រួស​ៗ​ប៉ុណ្ណោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ខាង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​របស់​លោក​មិន​ទាន់​ឃើញ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​មក​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៥  រីឯ​ប្រាក់​សំណង ឬ​ក៏​ចំណាត់ការ​តាម​ផ្លូវច្បាប់​យ៉ាងណា​នោះ គឺ​មិន​ទាន់​​ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​ប្រាប់​នោះ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២​ធ្នូ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ការ​ធ្លាយ​ពោះ​រហូត​ស្លាប់​របស់​កម្មករ​ម្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា​ល័យ​អង្គរ នោះ​មិន​ទាន់​ដឹង​ថា ខាង​ជន​រង​គ្រោះ​អាច​ដាក់​ពាក្យបណ្តឹង ឬ​ទាម​ទារជម្ងឺចិត្ត​ពី​ម្ចាស់​សណ្ឋាគារ​យ៉ាងណា​នោះ​នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោង​នេះ ៕