លោកស្រី​ស៊ូ​ជី ជួប​ប្រធានាធិបតី​ភូមា​រៀបចំ​ការ​ឆ្លងកាត់

លោកស្រី​អ៊ួ​ង សាន់​សូ​ជី មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND របស់​ភូមា​កាលពី​ថ្ងៃ​ទី​២ ធ្នូ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​លោក​ថេ​ន សេន ដើម្បី​រៀបចំ​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​លោកស្រី បន្ទាប់​ពី​របប​យោធា​ជា​ច្រើន​ទស​វត្ស ។

អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​និយាយ​ថា លោកស្រី​ស៊ូ​ជី បាន​ជួប​ពិភាក្សា​រយៈពេល​៤៥​នាទី​ជាមួយ​លោក​ថេ​ន សេន នៅ​វិមាន​ប្រធានាធិបតី​ក្រុង​ណៃ​ពិដោរ ដោយ​ការ​ពិភាក្សា​នេះ​ផ្តោត​លើ​ការ​ផ្ទេរអំណាច​ឱ្យ​ដល់​រដ្ឋាភិបាល​ជ្រើសរើស​ដោយ​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​ភូមា​ចាប់តាំងពី​ឆ្នាំ​១៩៦០ មក ។

អ្នកនាំពាក្យ​រូប​នេះ លោក YE HTUT ដែល​ក៏​ជា​រដ្ឋមន្ត្រី​ព័ត៌មាន​ផង​ដែរ​និយាយ​ថា យើង​បាន​បើក​ច្រក​ទាក់ទង​គ្នា​មួយ​រវាង​ភាគី​ទាំង​២ ។ ការ​ពិភាក្សា​គ្នា​ផ្តោត​សំខាន់​លើ​ការ​ផ្ទេរ​ដោយ​សន្សឹម​ៗ និង​ដោយ​សន្តិវិធី ការ​ទទួលខុសត្រូវ​របស់​រដ្ឋ​ដល់​អនាគត​រដ្ឋាភិបាល ដើម្បី​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​សំដៅ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ណាមួយ​ក្នុង​ផ្ទៃ​ប្រជាជន ។

នា​រសៀល​ថ្ងៃ​នោះ លោកស្រី​ស៊ូ​ជី ត្រូវ​ជួប​ជាមួយ​ប្រមុខ​យោធា​ឧត្តមសេនីយ៍ MIN AUNG HLAING ទៀត ។

យោង​តាម​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​របប​យោធា កងទ័ព​ត្រួតត្រា​ក្រសួង​ការពារ​ប្រទេស ក្រសួងមហាផ្ទៃ និង​ព្រំដែន ហើយ​ការ​បែងចែក​អំណាច គ្រោង​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត ទោះជា​ឈ្នះ​ក្នុង​ទំហំ​ប៉ុនណា​ក៏​ដោយ ។

អាយុ​៧០​ឆ្នាំ លោកស្រី​ស៊ូ​ជី អះអាង​ថា លោកស្រី​ត្រៀម​រួម​សហការ​ជាមួយ​កងទ័ព ក៏​ប៉ុន្តែ​លោកស្រី​សម្តែង​យ៉ាង​ច្បាស់​ពី​ចេតនា​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ ពិសេស​មាត្រា​ដែល​រារាំង​លោកស្រី មិន​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ព្រោះតែ​កូន​២​នាក់​របស់​លោកស្រី​មាន​សញ្ជាតិ​បរទេស ។

លោក YE HTET ថ្លែង​ថា ចំណុច​នេះ​ពុំ​ត្រូវ​បាន​លើក​ក្នុង​ពេល​ពិភាក្សា​ជាមួយ​លោក​ថេ​ន សេន ឡើយ ។ លោក​គូសបញ្ជាក់​ថា គឺ​សភា​ថ្មី​នឹង​លើក​ពី​រឿង​នេះ​។

លោក​ថេ​ន សេន និង​ឧត្តមសេនីយ៍ MIN AUNG HLAING ទទួលស្គាល់​ជ័យជម្នះ​របស់​គណបក្ស LND ហើយ​រង់ចាំ​ផ្តល់​ការ​ជួយ​ទ្រទ្រង់​ដើម្បី​ធានា​ដល់​ការ​ផ្ទេរ​ដោយ​សន្សឹម​ៗ​នូវ​អំណាច​ឱ្យ​ដល់​រដ្ឋាភិបាល​ថ្មី​រវាង​ខែកុម្ភៈ និង​ខែមេសា​ខាង​មុខ​នេះ ៕