ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ITF Futures ដំណាក់កាល​ទី​2 ចាប់ផ្ដើម​ដំណើរការ​ហើយ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​២ ដែល​មានឈ្មោះ​ថា GLF TEP KHUNNAH MEMORIAL បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​១ ធ្នូ កន្លង​មកនេះ នៅ​ទីលាន​មជ្ឈមណ្ឌល​កីឡា​ជាតិ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ។

ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures   នេះ​ត្រូវ​បាន​បែងចែក​ជា​៣​ដំណាក់កាល ។​ដំណាក់កាល​ទី​១​មានឈ្មោះ​ថា GLF Open 2015 ដែល​ទើបតែ​បាន​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ ដំណាក់កាល​ទី​២​មានឈ្មោះ​ថា GLF TEP KHUNNAH MEMORIAL  និង​ដំណាក់កាល​ទី​៣​មានឈ្មោះ​ថា GLF CHAM PRASIDE OPEN2015 ។

បើ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​២​នេះ នៅ​ថ្ងៃ​ប្រកួត​ដំបូង​មាន​កីឡាករ​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន ហើយ​ក្រោយ​ពី​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​គឺ​នៅ​សល់​តែ​កីឡាករ​៣០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​វិញ្ញាសា ។ ចំណែក​កីឡាករ​ទាំង​អស់នោះ​មក​ពី​ជប៉ុន ចិន ម៉ា​ឡេ​ស៊ី វៀតណាម ឥណ្ឌូ​ណេ​ស៊ី នូ​វែ​ល​សេ​ឡង់ កូរ៉េ និង​ចិនតៃវ៉ាន់​ជាដើម ។ ការ​ប្រកួត​ដំណាក់កាល​ទី​២ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ធ្នូ មុន​នឹង​ឈាន​ចូល​ដល់​ការ​ប្រកួត​ដំណាក់កាល​ទី​៣ ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ ។

លោក​ទេព រិ​ទ្ធី​វិ​ទ  អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ពិសេស​ណាស់​សម្រាប់​រូប​លោក ព្រោះ​យើង​បាន​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដើម្បី​រំលឹក​ដល់​ឪពុក​លោក​។ លោក​កានតែ​រីករាយ​ថែម​ទៀត​នៅ​ពេល​មានការ​រៀបចំ​ព្រឹត្តិការណ៍ Futures Series​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ​២០១១ ហើយ​ទទួល​បាន​ជោគជ័យ និង​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ប៉ុន្តែ​លោក​ក៏​មានការ​សោកស្ដាយ​ផង​ដែរ​នៅ​ពេល​ពុំ​មាន​វត្តមាន​កីឡាករ​ប៊ុ​ន កេ​ន្នី ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ ប៊ុ​ន កេ​ន្នី កំពុង​សម្រាក​ព្យាបាល​របួស​ស្មា​នៅ​ប្រទេស​បារាំង​ត្រៀម​ចូលរួម​ប្រកួត​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី​Davis Cup 2016 ។ ទោះបី​យ៉ាងណា កីឡាករ ម៉​ម ផល្គុន បាន​សម្រេចចិត្ត​ចូល​លេង​ជំនួស​ប៉ុន្តែ​លោក​លេង​តែ​វិញ្ញាសា​វាយ​គូ​ប៉ុណ្ណោះ ខណៈ​ប្អូនប្រុស​របស់​លោក​ម៉​ម វិទូ នឹង​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ដើម្បី​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​ទី​៣​ពានរង្វាន់​លោក​ទេស​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ ៕