មេធាវី​តំណាងរាស្ត្រ​CNRP​ប្តឹង​ឲ្យ​ចាប់​មេដឹកនាំ​បាតុកម្ម​បង្ក​ហិង្សា

រាជធានី​ភ្នំពេញ៖​សំណុំរឿង​វាយដំ​លើ​អ្នកតំណាងរាស្ត្រ CNRP ២​រូប​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ ទេ​បើទោះបីជា​មនុស្ស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​ក៏ដោយ​។ ទាក់ទង​សំណុំរឿង​នោះ​មេធាវី​៤​នាក់​ដែល​ការពារ​ក្តី​តំណាងរាស្ត្រ បក្សប្រឆាំង​អះអាងថា​ពួកគេ​នឹងដាក់​ពាក្យ​ប្តឹង​បន្ថែមទៀត​ទៅ​តុលាការ ដើម្បី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​លើ​មេដឹកនាំ ធ្វើបាតុកម្ម​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​វាយ​តំណាងរាស្ត្រ​កន្លងមក​។

​    ​កាលពី ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​បាតុករ​មួយក្រុម​ព្រួត​គ្នា​វាយ​ឲ្យ​របួស​បាក់ដៃ​បាក់​ឆ្អឹ​ក ច្រមុះ​និង​ផ្នែក​ខ្លះទៀត​លើ​ផ្ទៃមុខ​ពេល​មាន​បាតុករ​ច្រើន​រយ​នាក់ តវ៉ា​មុខ​មន្ទីរ​រដ្ឋសភា​ទាមទារ​ឲ្យ​លោក កឹម សុខា កូតា​មកពី​គណបក្ស​បក្សប្រឆាំង​ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។  

​    ​លោក សំ សុ​គង់ មេធាវី​ការពារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មេធាវី​ទាំង​៤​នាក់​នឹងដាក់​ពាក្យបណ្តឹង​រួមគ្នា​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​នៅ​ថ្ងៃទី​៣ ខែធ្នូ​នេះ ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ដែល​បង្ក​ឲ្យ មាន​ហិង្សា​វាយ​អ្នកតំណាងរាស្ត្រ​មក​ផ្តន្ទាទោស​។ លោក​បន្តថា ទី​១​ទាមទារ​ឲ្យ​ផ្តន្ទាទោស ទី​២​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក៏ដូចជា​ការខូចខាត​ផ្សេងៗ​ហ្នឹង​ក្នុង ជនជាប់ចោទ​ម្នាក់ៗ ១០០​លាន​រៀល​តែ​យើង​មិនដឹងថា​ជនជាប់ចោទ​ប៉ុន្មាន​នាក់​ទេ​តែ​យើង​ប្តឹង​អ្នក ចូល​សារភាព​ហ្នឹងហើយ​និង​មេដឹកនាំ​បាតុកម្ម ហើយ​និង​មួយទៀត​ពាក់ព័ន្ធ​ហ្នឹង​គូរ​កន​”​។

​    ​ទាក់ទង​សំណុំរឿង​បង្ក​ហិង្សា​នេះ កាលពី ថ្ងៃទី​១០​ខែវិច្ឆិកា​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​រងរបួស​បានដាក់ ពាក្យបណ្តឹង​ទៅ​តុលាការ​ម្តង​រួច​ហើយដោយ​ប្តឹង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង ករណី​ហិង្សា​នោះ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​៕

មេធាវី​តំណាងរាស្ត្រ​CNRP​ប្តឹង​ឲ្យ​ចាប់​មេដឹកនាំ​បាតុកម្ម​បង្ក​ហិង្សា