ផ្លូវ​​ថ្មើរជើង​​មាត់ទន្លេ​​មុខ​វាំង​​ស្ថាបនា​បាន​​ជាង​៨០% ហើយ ​

រាជធានី​ភ្នំពេញ ៖ ផ្លូវ​​ថ្មើរជើង និង​​ច្រាំង​​ទន្លេ ដែល​​សាលា​រាជធានី​ភ្នំពេញ​បាន​​ស្ថាបនា ​កាលពី​ថ្ងៃ​ទី​២៣ ​មេ​សា ​២០១៥ កន្លងមក រហូត​​មក​ដល់​ពេល​នេះ ​អនុវត្ត​​បាន​ជាង​៨០%​ ហើយ ដោយពេល​នេះ ក្រុមការងារ​​កំពុង​សម្រុកឱ្យ​​បាន​​រួចរាល់ ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆាប់​ៗ​នេះ ។

កាលពី​​រសៀល​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​២០១៥ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​​ជំនាញ​របស់​សាលា​រាជ​ធានី​ភ្នំពេញ ​ចុះ​ទៅ​ពិនិត្យ​សំណង់​​អគារ​ណា​ហ្គា​​វ៉ើ​ល ពិនិត្យ​ការដ្ឋាន​​កំពុង​ស្ថាបនា​សួន និង​អាង​នាគ​បាញ់​ទឹក​​ខាងកើត​វិមាន​ឯករាជ្យ និង​​ការដ្ឋាន​ស្ថាបនា​​ផ្លូវ​ថ្មើ​រជើង និង​ច្រាំង​​ទន្លេ​មុខ​វាំង ។

មន្ត្រី​ជំនាញ​​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​ថា មក​ដល់​ពេល​នេះ ​គម្រោង​ស្ថាបនា​ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើរជើង​ចាប់ពី​បញ្ជរ​ព័ត៌មាន​មុខ​​ព្រះ​បរមរាជវាំង​ដល់​កំពុងដ​អរិយ​ក្សត្រ សម្រេច​បាន​ជាង​៨០%​ហើយ  គឺ​ចាប់ពី​ចំណុច​ខាងក្រោយ​សាលសន្និសីទ​ចតុមុខ និង​ក្រោយ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ត្រូវ​បាន​បុក​គ្រឹះ​ចាក់​សសរ និង​ជើងទេ និង​ចាក់សាប​ធ្វើ​ផ្លូវ​ថ្មើរជើង​ជិត​សម្រេច​បាន​១០០% ។

ដោយឡែក​ចាប់ពី​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ឆ្ពោះ​មក​កំពង់ដអរិយ​ក្សត្រ​កំពុង​ព​ន្លឿ​ន​ការ​ចងសរ​សៃ​​ដែក​ចាក់សាប ដើម្បី​ឈាន​ទៅ​ស្ថាបនា​ច្រាំង ​និង​ផ្លូវ​ថ្មើរជើង​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​ការ​យឺត​យ៉ាវ ត្រង់ចំណុច​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​​នេះ​ដោយ​សារ​រដូវ​ទឹក​ឡើង​​ធ្វើឱ្យ​​បាក់​ច្រាំង​ជា​ច្រើន​​កន្លែង ដែល​ធ្វើ​ឱ្យ​​កម្មករ​ជំនាញ​ពិបាក​បុក​គ្រឹះ តែ​ទោះជា​យ៉ាងណា​គម្រោង​នេះ​ប្រសិនបើ​កន្លែង​ណា​ស្ថាបនា​រួច​មុន​នឹង​ត្រូវ​បើក​អោយ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព