តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​លោក ហេង សំរិន

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​ករណី​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ ទាក់ទង​នឹង​រឿង​បរិហារកេរ្តិ៍​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា។

តុលាការ​ចេញ​ដីកា​កោះ​ហៅ​នេះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តាម​បណ្ដឹង​របស់​លោក ហេង សំរិន ដែល​ប្ដឹង​ចោទ​លោក សម រង្ស៊ី ជុំវិញ​ការ​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក (សម រង្ស៊ី) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចង​ចាំ​ថា របប​កើត​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ"។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បណ្ដឹង​នេះ​ជា​រឿង​នយោបាយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តតាំង​តាម​ផ្លូវ​ច្បាប់​ទេ គឺ​រក​ច្រកចេញ​តាម​រយៈ​ដំណោះស្រាយ​នយោបាយ។

ដីកា​នេះ​ជា​ករណី​ទី​៣ ហើយ​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ ខណៈ​ដែល​លោក​កំពុង​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ប្រព្រឹត្ត​នៅ​សារមន្ទីរ​ជើងឯក កាល​ពី​ឆ្នាំ​២០០៨។ តុលាការ​ដដែល​នេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ទាក់ទង​ករណី លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។