ត្រី​បាឡែន​​​​​ងាប់​៣៣៧​ក្បាល​នៅ​​ឆ្នេរ​​ឈីលី នៅ​តែមិន​ទាន់​ច្បាស់​មូលហេតុ


ត្រី​បាឡែន​​​​​ងាប់​៣៣៧​ក្បាល​នៅ​​ឆ្នេរ​​ឈីលី នៅ​តែមិន​ទាន់​ច្បាស់​មូលហេតុ

​ឆ្នេរ​សមុទ្រ​ភាគ​​ខាង​ត្បូង​ប្រទេស​ឈីលី ​បាន​ក្លាយ​ជា​ផ្នូរ​​កប់​សព​ត្រី​បាឡែន​ប្រភេទ Sei ដែល​​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ងាប់​​មាត់​ទឹក។​ ​​អ្នក​វិទ្យាសាស្ត្រ​​និយាយ​ថា​នេះ ​គឺ​ជា​ការ​​ងាប់​ទ្រង់​​ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

 

​​ជីវវិទូ ​អ្នកស្រី​ Vreni Haussermann  បាន​ប្រាប់​សារព័ត៌មាន​អាមេរិក​​ AP ​កាល​​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា​ ​​អ្នក​ស្រី​បាន​​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​រូប​ទៀត​តាំង​ពី​ខែ​មិថុនា​​ ​និង​បាន​ធ្វើ​ដំណើរ​ទៅកាន់​​តំបន់​​ឆ្នេរ​ត្រី​ងាប់ Patagonia ភាគ​ខាង​ត្បូង​​ប្រទេស​ថែម​ទៀត។

 

យ៉ាង​ណា​ក្ដី ​មូលហេតុ​​នៃ​ការ​ងាប់​​ត្រី​បាឡែនដ៏​ច្រើន​នេះ​ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​​ថា​មក​ពី​សកម្មភាព​មនុស្ស​ក៏​គេ​ច្រាន​ចោល​ដែរ។

 

ត្រី​បាឡែន​​​​​ងាប់​៣៣៧​ក្បាល​នៅ​​ឆ្នេរ​​ឈីលី នៅ​តែមិន​ទាន់​ច្បាស់​មូលហេតុ

 

ក្រុម​ការងារ​របស់​អ្នក​ស្រី​បាន​ប្រមូល​​​សាកសព​​​ និង​ឆ្អឹង​ត្រី​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​​អ្នក​ស្រី​បដិសេធ​មិន​ធ្វើការ​សន្និដ្ឋាន​ចុងក្រោយ ​​​រង់​ចាំ​​អាន​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​នឹង​​ចេញ​​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ​តែម្ដង។

 

ប្រភេទ​ត្រី​បាឡែន Sei ​ជិត​ផុតពូជ​នេះ ​​មាន​ទំហំ​ធំ ​ពណ៌​ប្រផេះ​លាយ​ខៀវ ​ស៊ី​ត្រី​តូច​ៗ​ជា​អាហារ។ វា​អាច​មាន​ប្រវែង​ដល់​ទៅ ១៩,៥ម៉ែត្រ, ទម្ងន់ ៥០តោន​, អាច​ហែល​បាន​ល្បឿន ៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​ជីវិត​រស់​នៅ​ពី ៥០ទៅ ៧០ឆ្នាំ​ទៀត​ផង។​​​​​​​

 

​​​​​​​​ការ​រុក​រក​បែប​វិទ្យាសាស្ត្រ​នេះ​​ គេ​រក​ឃើញ​សាកសព​​ត្រី​មិន​ទាន់​រលួយ​ចំនួន ៣០៥ក្បាល និង​ជា​​គ្រោង​ឆ្អឹង​ចំនួន ៣២ក្បាល ​តាម​រយៈ​ការ​ថត​​ពីលើ​យន្តហោះ​ និង​ផ្កាយរណប រវាង​តំបន់​​ឈូង​សមុទ្រ Penas និង Puerto Natales៕

 

ចុចអាន៖ ទិដ្ឋភាព​ដ៏​អស្ចារ្យ នៅ​ស្រីលង្កា​ទេសចរ​ហែល​លេង​ជាមួយ​បាឡែន​ខៀវ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ nationalgeographic