អាវុធហត្ថ​បង្ក្រាប​ក្រុម​ចោរប្លន់ និង​លួច​គាស់​ផ្ទះ​យ៉ាង​សកម្ម​បាន​៥​នាក់

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ចោរប្លន់ និង​លួច​គាស់​ផ្ទះ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​បាន​៥​នាក់​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ធ្នូ ២០១៥ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​បាន​មាន ១-​ឈ្មោះ ស៊ូ កា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ២-​ឈ្មោះ រិ​ទ្ទ ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៣-​ឈ្មោះ ទិ​ត្យ ប៊ុ​ន​តេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៤-​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ ៥-​ឈ្មោះ ឆាយ វ័ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ខណៈ​ពេល​ចាប់​ខ្លួន​កម្លាំង​សមត្ថកិច្ច​​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម៉ូតូ​ចំនួន​៥​គ្រឿង​, ប្រដាប់​កាច់ក និង​ឆ្កឹះ​សោរ​មួយ​ចំនួន​, ស្លាក​លេខ​ម៉ូតូ​៥, សោរ​សម្រាប់​ដោះ​ដូរ​គ្រឿង​ម៉ូតូ​មួយ​ចំនួន​, ខ្នងកង់​ម៉ូតូ​២​គូ ។

លោក ខេ​ង សុវណ្ណ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ទាំង​៥​នាក់​ដែល​កម្លាំង​អាវុធ​ហត្ថ​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​គឺជា​មុខសញ្ញា​វាយ​ប្លន់ និង​លួច​គាស់​ផ្ទះ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​តាម​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​ជា​យូរ​មក​ហើយ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​​បន្ត​តាម​និ​តិ​វិធី​ច្បាប់ និង​ស្រាវជ្រាវ​ចាប់​បក្ខពួក​ជនសង្ស័យ​បន្ត​ទៀត ៕