ប៉ុស្ដិ៍​លេខ​5 បើក​រេញ​ឱ្យ​ឡេះ តើក សងសឹក ហេង វិ​ច្ឆ័​យ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ជ្រើសរើស​បាន​កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម តាម​រយៈ​ការ​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន Tiffy ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នៅ​មិន​ទាន់​បើក​ឆាក​ប្រកួត​ដណ្ដើម​ជើងឯក​វគ្គ​ថ្មី សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃអាទិត្យ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ទេ ។ អ៊ីចឹង​ហើយ​ទើប​កីឡាករ​ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ មានឱកាស​បាន​ឡើង​សងសឹក​ជាមួយ​កីឡាករ​ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ក្នុង​ជំនួប​លើក​ទី​៤ នៅ​សង្វៀន TV5 ARENA សម្រាប់​យប់​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។

ឡេះ តើក និង ហេង វិ​ច្ឆ័​យ ត្រូវ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដោយ​ការ​ប្រកួត​នេះ ក៏​ជា​រឿង​កម្រ​ផង​ដែរ​សម្រាប់​អ្នក​ទាំង​២ បន្ទាប់​ពី​បាន​ក្លាយ​ខ្លួន​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន និង​ខកខាន​សាកល្បង​សមត្ថភាព​គ្នា​យូរ​ក្រែល ។ ហេង វិ​ច្ឆ័​យ គឺជា​កីឡាករ​ល្អ​ម្នាក់​ដែល​ជាប់​លេខ​ខាង​មាន​ស្នៀត​ទាត់​ល្អ និង​ធ្លាប់​ផ្ដួល​កីឡាករ​ល្អ​នៅ​ក្នុង​ជំនាន់ និង​មុន​ជំនាន់​ឲ្យ​ចាញ់​រាប់​មិន​អស់​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ជំនួប​ប៉ះ ឡេះ តើក ២​លើក​ដំបូង កាលពី​ឆ្នាំ​២០១២ និង​២០១៣ កីឡាករ​រូប​នេះ​សុទ្ធតែ​ឈ្នះ​ការ​ប្រកួត​ទាំងអស់ បើ​ទោះជា​ឈ្នះ​ដោយ​ត្រដាបត្រដួស​បន្តិច​ក្ដី​។

យ៉ាងណា​ក៏​ដោយ​ការ​ប៉ះ​គ្នា​កាលពី​លើក​ទី​៣ នៅ​អំឡុង​ឆ្នាំ​២០១៤ កីឡាករ​ឡេះ តើក បាន​ទទួល​ជ័យជម្នះ​វិញ ដោយ​ឈ្នះ​ក្នុង​លទ្ធផល​មិន​ឈ្នះ​ដាច់​នោះ​ទេ ទើប​គេ​ប៉ាន់​ស្មានថា​ការ​ប៉ះ​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​របស់​ពួក​គេ​អាច​នឹង​ពិបាក​ជាង​មុន​។ ម្យ៉ាង​ឡេះ តើក​ពេល​នេះ​មិន​ដូច​ពី​មុន​នោះ​ទេ គឺ​ល្អ​ជាង​មុន​ដាច់​ឆ្ងាយ បើ​ទោះជា​វ័យ​របស់​គេ​កាន់តែ​ជ្រេ​មិន​ដូច​មុន​នោះ​ក៏​ដោយ​។ កីឡាករ​ហេង វិ​ច្ឆ័​យ ហាក់​នៅ​តែ​មាន​ជំនឿ​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ជាមួយ​ឡេះ តើក ដោយសារ​ធ្លាប់​សាក​ថ្វីដៃ និង​ធ្លាប់​ឈ្នះ​២​លើក​រួច​មក​ហើយ​នៅ​លើ​សង្វៀន ។ ហេង វិ​ច្ឆ័​យ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពុទ្ធ ផ​ន​កុសល មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ក្នុង​ទឹក​ទី​៤  ក្នុង​ពេល​ដែល​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ ក៏​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ។

ងាក​មក​មើល​កីឡាករ​ឡេះ តើក ក៏​មិន​អន់​នោះ​ដែរ ព្រោះ​កម្រិត​ប្រកួត និង​សមត្ថភាព​ជាក់ស្ដែង​របស់​គេ​ល្អ​ជាង​មុន ។ ផ្អែក​តាម​បទ​ពិសោធន៍ កីឡាករ​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​ចាស់វស្សា សម្បូរ​ល្បិច​កល​ច្រើន​ដែរ ទើប​គេ​មើលឃើញ​ថា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ឱកាស​យកឈ្នះ​របស់​កីឡាករ​ហេង វិ​ច្ឆ័​យ នៅ​ប៉ុស្ដិ៍​លេខ​៥​លើក​នេះ ។ ម្យ៉ាង​ក្នុង​ពេល​ហេង វិ​ច្ឆ័​យ ឈ្នះ ឡេះ តើក គេ​ឈ្នះ​ដោយ​ពិបាក​បំផុត គឺ​មិន​ដូច​ការ​ប្រកួត​ឈ្នះ​របស់​ឡេះ តើក ក្នុង​ជំនួប​ដែល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​ឆ្នាំ​២០១៤​មុន​ទេ ។ ឡេះ តើក គឺជា​កីឡាករ​ម្នាក់​ដែល​ចេះ​បត់បែន​ស្ថានការណ៍​វាយលុក​បាន​ល្អ​បាន​គ្រប់​កាលៈទេសៈ ដោយ​មិនសូវ​ញញើត​ទៅ​លើ​គូប្រកួត​នោះ​ឡើយ ទើប​ជំនួប​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Thom Valek នៅ​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​មុន​នេះ ទោះជា​ចាញ់​ថៃ​ដោយ​ពិន្ទុ ប៉ុន្តែ​ជា​លទ្ធផល​ដែល​អ្នកគាំទ្រ​យល់​ថា​នៅ​ខ្លាំង ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​ឆាយ ម៉េ​ត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ក៏​ត្រូវ​គេ​ឲ្យ​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡាករ  យិ​ន បូ​រិ​ន មក​ពី​ក្លិប​អាស៊ី​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ ។ អ្នក​ប្រដាល់​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​៤​ដង​ហើយ ដោយ​ម្នាក់​ៗ​ធ្លាប់​ឈ្នះ​ចាញ់​គ្នា​២​ដង​ម្នាក់​ដូច​គ្នា ។ យិ​ន បូ​រិ​ន គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​រហ័ស​ទាំង​ដៃ ទាំង​ជើង ប៉ុន្តែ​គេ​អន់​កម្ពស់​បន្តិច អ​ញ្ចឹ​ង​ហើយ​ទើបបាន​យកឈ្នះ​លើ ឆាយ ម៉េ​ត ក្នុង​ជំនួប​ប៉ះ​គ្នា​លើក​ចុង​ក្រោយ​។ ឆាយ ម៉េ​ត ក៏​មិន​អន់​នោះ​ដែរ​សម្រាប់​ការ​ប្រកួត ប៉ុន្តែ​មក​ពី​គេ​រាង​ស្ពឹក​មិនសូវ​រហ័ស ហើយ​ច្រើន​តែ​ទុក​ឲ្យ​គូប្រកួត​សម្រុក​សិន​ទើប​ប្រឹង​វាយ​សន្ធាប់​តបត​ទៅ​វិញ ។

យ៉ាងណា​ក៏​ដោយ សម្រាប់​លទ្ធផល​របស់​កីឡាករ​ទាំង​៤ គឺ​មាន​តែ​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​ប៉ុណ្ណោះ ដែល​អាច​កាត់ក្ដី​ថា​អ្នក​ណា​ឈ្នះ​ឬ​ចាញ់​ម្ដងទៀត សម្រាប់​ការ​ប្រកួត​ប៉ះ​គ្នា​លើក​នេះ ៕