សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សកល​វិទ្យាល័យ​ស្វាយរៀង​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចោទថា សាងសង់​សំ​យ៉ាប​ផ្ទះ​លើដី​សាធារណៈ​ប៉ះពាល់​ដល់​ការពង្រីក​ផ្លូវ​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​គម្រោង​ស្ថាបនា​ផ្លូវ​ប៉េ​តុង​មួយ​ខ្សែ​ប្រវែង​១៣៤​ម៉ែត្រ​ទទឹង​៥.៥​ម៉ែត្រ​ស្ថិតនៅ​ត្រង់ចំនុច​ផ្សារ​ប្រ​សូ​ត្រិ​ចាស់​ក្នុងភូមិ ប្រ​សូ​ត្រិ​ទី​១ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​ត្រូវបាន​ប្រជាពលរដ្ឋ​៦៤​គ្រួសារ​លើកគ្នា​មក​តវ៉ា​និង​ឃាត់​គ្រឿង​ឲ្យ​ផ្អាក​ការ​ឈុ​ស​ឆាយ​ចាក់​ខ្សាច់​ដើម្បី​ស្ថាបនា​ធ្វើ​ផ្លូវ​ប៉េ​តុង​នោះឡើយ​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​នេះ ខណៈដែល​វិវាទ​ដំណោះស្រាយ​បញ្ហា​ពង្រីក​ផ្លូវ​នៅ​ពុំទាន់​ដោះស្រាយ​ចេញ​នោះឡើយ​។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​ប៉េ​តុង​មួយ​ខ្សែ​ដែលមាន​ប្រវែង​១៣៤​ម៉ែត្រ​ទទឹក​៥.៥​ម៉ែត្រ​ដែលជា​គម្រោង​រប​ស់​សាលាស្រុក​ស្វាយទាប​ត្រូវបាន ក្រុមហ៊ុន អូ អេស ស៊ី ដែលជា​អ្នកដេញថ្លៃ​គម្រោង​នេះ​បាន​ហើយ​នៅពេល​កន្លងមក​ត្រូវបាន​ប្រជាពលរដ្ឋ​ស្នើសុំ​ពង្រីក​ឲ្យ​៨​ម៉ែត្រ​ស្មើ​និង​ផ្លូវ​ចាស់​ពីមុន​ក៏ប៉ុន្តែ​នៅ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​បោះបង្គោល​ធ្វើការ​វាស់វែង​ជាក់ស្តែង​វិញ​នោះ​ស្រាប់តែ​គម្រោង​ពង្រីក​ផ្លូវ​៨​ម៉ែត្រ​នោះ​ប៉ះពាល់​ផ្ទះ​៦​គ្រួសារ​ប៉ុន្តែ​១​គ្រួសារ​មិន​យល់ព្រម​ដោយ​មូលហេតុ​ការពង្រីក​ផ្លូវ​នោះ​ត្រូវ​ចូល​ប្រហែល​២​ម៉ែត្រ​ហេតុ​ដូច​ច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ទាំង​៦៤​គ្រួសារ​នោះបាន​ដាក់​បណ្តឹង​ទៅ​លោក​អភិបាលស្រុក​ស្វាយទាប​ដោយ​កើតទុក្ខ​មិន​សុខចិត្ត​សូម​ប្តឹងតវ៉ា​ចំពោះ​ឈ្មោះ ឥន លីន ជា​សាស្ត្រាចារ្យ​ច្បាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ​ស្វាយរៀង​ដែល​បាន​សាងសង់​ផ្ទះ​បំពាន​លើដី​ផ្លូវ​សា​ធា​រណះ​ចូល​តាមផ្លូវ​មក​ផ្ទះ​របស់​ពួកគាត់​ទាំងអស់គ្នា​ដែល​ធ្វើ​ឲ្យ​ផ្លូវ​មាន​លក្ខ​ណះ​តូចចង្អៀត​ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ឥឡូវនេះ​អាជ្ញាធរ​ដែនដី​បាន​សាងសង់​ផ្លូវ​នេះ​ជួន​ប្រជាពលរដ្ឋ​ហើយ ឈ្មោះ ឥន លីន មិន​ព្រម​រុះរើ​សំ​យ៉ាប​ផ្ទះ​ដែល​ប៉ះពាល់​លើផ្លូវ​នេះ​ទេ​។ ហេតុនេះហើយ​ទើប​ពួកគាត់​ទាំងអស់គ្នា​សំណូមពរ​លោក​អភិបាលស្រុក​ស្វាយទាប​ជួយ​សម្រួល​ដោយ​ឲ្យ​លោក ឥន លីន រុះរើ​សំ​យ៉ាប​ផ្ទះ​ដែល​សង់​ចូល​ដី​ផ្លូវ​សា​ធា​ណះ​ចេញ​មុនពេល​សាងសង់​ផ្លូវ​នេះ​។​បើ​ឈ្មោះ ឥន លីន មិន​ព្រម​រុ​រើចេញ​ទេ​ពួកគាត់​ទាំងអស់គ្នា​មិន​ព្រម​នៅ​ស្ងៀម​ឡើយ​។​ពាក់ព័ន្ធ​ករណីនេះ​គេ​សង្កេត​ពុំ​ឃើញ​មាន​មន្ត្រី​សាលាស្រុក​ឬ​មន្ត្រី​ណាមួយ​ចេញមុខ​មក​មើល​ហេតុការណ៍​នេះឡើយ​។​

​ដោយឡែក​សមត្ថកិច្ច​បា​ន​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ជៀសវាង​កើតមាន​អំពើហិង្សា​ព្រមទាំង​ឃាត់​គ្រឿងចក្រ​ឲ្យ​ផ្អាក​មិន​ឲ្យ​ដំណើរការ​រងចាំ​រក​ដំណោះស្រាយ​ពេល​ក្រោយ​ទៀត​៕

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សកល​វិទ្យាល័យ​ស្វាយរៀង​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចោទថា សាងសង់​សំ​យ៉ាប​ផ្ទះ​លើដី​សាធារណៈ​ប៉ះពាល់​ដល់​ការពង្រីក​ផ្លូវ​