រាជរដ្ឋាភិបាល បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​។ គណៈកម្មការ​នោះ មាន​សមាសភាព ១១ រូប ដឹកនាំ​ដោយ​លោក ជូ វិ​ជិ​ត្ត រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​។ ក្រៅពីនោះ អនុប្រធាន​២​រូប និង​សមាជិក ៨ រូប​ផ្សេងទៀត ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​អប្សរា អភិបាលរង​ខេត្តសៀមរាប និង​រតនាគារជាតិ ជាដើម​។​

​សេចក្តីសម្រេច​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​គេ​ទើបតែ​ផ្សព្វផ្សាយ​នា​ថ្ងៃទី​២​ធ្នូ​នេះ​។​

​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន បានសម្រេច​ថា យោងតាម​សំណើ​របស់​ក្រុមហ៊ុន​សុខាអូតែល រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កិច្ចសន្យា ស្តីពី ការប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល និង​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​បទដ្ឋាន​គតិយុត្ត ក្នុងការ​បង្កើត និង​ការដាក់​ឲ្យ​ដំណើរ​ការ​សហគ្រាស​សាធារណៈ ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ ដើម្បី​គ្រប់​គ្រង​ការងារ​នេះ​។ សហគ្រាស​សាធារណៈ​នេះ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ការងារ​រប​ស់​ខ្លួន នៅ​ដើមខែ​មករា ឆ្នាំ​២០១៦ ខាងមុខ​តទៅ​។

​សេចក្តីសម្រេច​របស់​គ​ណៈ​រដ្ឋមន្ត្រី បង្ហាញថា ម្យ៉ាងវិញទៀត បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​នេះ នឹង​បន្តការងារ​របស់ខ្លួន​ដដែល ក្រោម​ការគ្រប់គ្រង​រប​ស់​សហគ្រាស​សាធារណៈ​នេះ​៕​