សម្តេចតេជោ អំពាវនាវឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ បង្កលក្ខណះ ងាយស្រួល បន្ថែមទៀត ដល់ជនពិការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជនទាំងអស់ ត្រូវធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួល បន្ថែមទៀតដល់ជនពិការមិនថា តាមទីសាធារណៈឬ ឯកជននោះឡើយហើយមិនតែប៉ុណ្ណោះត្រូវ ជ្រើសរើសជនពិការជាបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

យោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសទិវាជនពិការកម្ពុជាលើកទី ១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះក្រោមប្រធានបទ ”រួមគ្នាបង្កលក្ខណះងាយ ស្រួលដល់ជនពិការដើម្បីបរិស្ថានគ្មានជនពិការ”។

សម្តេចតេជោ បានលើកឡើងទៀតថាជនពិការគឺជាធនធាន ដែលមិនអាចមើលរំលងបានក្នុងការ ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិដែលទាមទារឲ្យ ប្រជាពលរដ្ឋទាំងអស់ជួយផ្តល់ការគាំទ្រ ដោយគ្មានការរើសអើងចំពោះពួកគេនោះឡើយ ហើយត្រូវលើកកម្ពស់សិទ្ធិការងារជូនពួកគេបន្ថែមទៀតផងដែរ។

សម្តេចតេជោ បានលើកឡើងទៀតថា ”ត្រូវបន្តជម្រុញ និងយកចិត្តទុកដាក់គិតគូរ អំពីផល ប្រយោជន៍ និងការលើកតម្កើង ជីវភាពរស់នៅរបស់បងប្អូនជនពិការឲ្យបានសមរម្យ និងត្រូវមាន វិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្តពលរដ្ឋសប្បុរសជន ផ្នែកឯកជននិងអង្គការ សង្គមស៊ីវិលនានាឲ្យចូលរួមឧត្ថម្ភនិងគាំទ្រជនពិការ”។

សម្តេចបានបញ្ជាក់ទៀតថា” គ្រប់ក្រសួងស្ថាប័នរដ្ឋត្រូវបន្តលើកទឹកចិត្ត ជនពិការដែលមាន លក្ខណះសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខ តំណែងឲ្យមានសិទ្ធិ ចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្រ្តីរាជការ កម្មករ និយោជិត កូនជាងឬកម្មសិក្សាការីជាដើម”។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំ បង្កលក្ខណៈងាយស្រួលចេញ ចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជាការរៀបចំ ចំណតយានយន្តពិសេសការធ្វើជម្រាលការបំពាក់ឧបករណ៍ធ្នាក់ដៃតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័នរដ្ឋទាំងអស់មជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡា និងកន្លែងកម្សាន្តនានាជាដើម។

យោងតាមសារលិខិតរបស់ សម្តេចតេជោ បានឲ្យដឹងថា ជនពិការត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសចូលបម្រើការងារ នៅក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០។ ហើយនៅក្នុងឆ្នាំ ២០១៤ មានជនពិការចូលរួមបម្រើការងារយ៉ាងតិចចំនួន ២៥៥០ នាក់ស្មើនឹង ១,១៧ ភាគរយនៃចំនួនបុគ្គលិកសុរបដែលបច្ចុប្បន្នក្រសួង និងស្ថាប័ននីមួយៗបាននិងកំពុងជ្រើសរើសឲ្យគ្រប់ តាមអត្រាកំណត់ ចំនួន ២ ភាគរយក្នុងឆ្នាំ ២០១៥ គឺស្មើនឹង ៣៩៤៩ នាក់៕

សម្តេចតេជោ អំពាវនាវឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ បង្កលក្ខណះ ងាយស្រួល បន្ថែមទៀត ដល់ជនពិការ