កម្ពុជា ចាប់ផ្តើម​ប្រតិកម្ម​ការទូត ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១៥​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹម​សារលិខិត ដែល​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ប្រចាំ​សហភាព​អឺរ៉ុប និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បកស្រាយ​ពន្យល់​លម្អិត អំពី​ទិដ្ឋភាព​ផ្លូវច្បាប់ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា នាពេល​ថ្មីៗ​នេះ​។

​ប្រតិកម្ម​របស់​អ្នកការទូត​កម្ពុជា​ ដែលបានប្រកាសនៅថ្ងៃទី២ធ្នូ​ គឺជា​ការឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត ( Rhona Smith ) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហ​ប្រជាជាតិ ស្តីអំពី​សភាព​ការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​តប​នឹង​សភា​អឺរ៉ុប ព្រមទាំង​ឆ្លើយតប​នឹង​សមាជិកសភា​នៃ​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រធានសភា​អាស៊ាន ផ្នែក​សិទ្ធិមនុស្ស​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បានលើកឡើង​ពី​ខ្លឹមសារ​លិខិត​របស់​ឯក​អគ្គរាជទូត​កម្ពុជា តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហ​ប្រជាជាតិ នៅ​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​បាន​បកស្រាយ និង​បង្ហាញ​អង្គហេតុ​លម្អិត អំពី​ស្ថានការណ៍​នយោបាយ​ថ្មី​នៅ​កម្ពុជា​។ ក្នុងនោះ រួមមាន ៣ ចំណុច គឺ​ទី​១-​ឧ​ប្ប​តិ​ហេតុ​លើ​តំណាងរាស្ត្រ ២ រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ទី​២-​អំពី​ការដក​លោក​កឹម​សុខា ពី​អនុប្រធានរដ្ឋសភា និង​ចំណុច​ទី​៣-​អំពី​ដីកាចាប់ខ្លួន​លោក​សមរង្ស៊ី​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ក៏បាន​គូសបញ្ជាក់​ពី​ការលើកឡើង​របស់​ឯក​អគ្គរាជទូត​កម្ពុជា ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ថា "​ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​នីតិរដ្ឋ រួមមាន ការការពារ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​។ រាជរដ្ឋា​ភិបាល​​កម្ពុជា ត្រៀមខ្លួន​បន្ត​ជំរុញ​វប្បធម៌​សន្ទនា​ជាមួយ​បក្សប្រឆាំង ដោយ​ឈរលើ​មូលដ្ឋាន​ការគោរព​គ្នា​ទៅវិញទៅមក នីតិរដ្ឋ មិន​បរិហារកេរ្តិ៍ និង​មិន​ញុះញង់​ឲ្យ​ស្អប់ វឹកវរ និង​រើសអើង​"​។​

​ទន្ទឹមនឹងនោះ ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ល្ងាច​ថ្ងៃទី​២​ធ្នូ​នេះ ក៏បាន​បញ្ជាក់ថា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ព្រះរាជាណាចក្រ ប៊ែ​ល​ហ្សិ​ក ក៏បាន​ផ្ញើលិខិត ដែលមាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​នេះដែរ ជូន​សមាជិក​របស់​ស​ភា​អឺរ៉ុប​។​

​ដោយឡែក នៅ​ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១៥ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ឆ្លើយតប​នឹង​លោក Charles Santiago សមាជិកសភា​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធានសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស ដែល​បានចេញ​សេចក្តីថ្លែងការណ៍ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ អំពី​សភាពការណ៍​នៅ​កម្ពុ​ជាថ្មីៗ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​សមាជិក​នៃ​ប្រទេស​ម៉ាឡេស៊ី​នោះ ថា​បាន​រំលោភ​យ៉ាង​ល្ងិតល្ងង់ ដោយ​ចេតនា ចំពោះ​មាត្រា​ទី​២ នៃ​ធម្មនុញ្ញ​អាស៊ាន ដែល​បានចែង​ពី "​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​"៕​