បារាំង-​ជប៉ុន​ធ្វើ​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​អាយ.ស៊ី.ស៊ី-អង្គរ​លើក​ទី​២៥​នៅ​ខេត្ត​សៀមរាប

ក្រុម​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី-អង្គរ (ICC-Angkor) បាន​ការ​គាំទ្រ​ចំពោះ​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​បាន​បំផ្លាញ​វត្ថុ​បុរាណ ទីមប៊ូទូ (Timbuktu) នៅ​ប្រទេស​ម៉ាលី ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក បញ្ជូន​ទៅ​កាន់​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ នៃ​ប្រទេស​ហុល្លង់។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិរក្ស និង​ថែរក្សា​ប្រាសាទ​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ។

ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ (UNESCO) កំពុង​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​រយៈពេល ២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​ធ្នូ។

កិច្ច​ប្រជុំ​ដែល​មាន​អ្នក​ជំនាញ​បារាំង និង ជប៉ុន ធ្វើ​ជា​សហប្រធាន បាន​ជជែក​អំពី​ការ​ផ្ដល់​អនុសាសន៍ និង​បច្ចេកទេស​នានា ពាក់ព័ន្ធ​ទៅ​លើ​កិច្ច​ការពារ និង​ជួសជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប ព្រម​ទាំង​ការ​អភិវឌ្ឍ​នានា នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ឱ្យ​មាន​ចិរភាព។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក ឡុង កុសល។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​កិច្ច​ប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​ធ្នូ ថា កិច្ច​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ នេះ គឺ​ពិភាក្សា​ទៅ​លើ​ការ​តាមដាន​នៃ​ការ​ផ្ដល់​អនុសាសន៍​នានា ដែល​បាន​ដាក់​ចេញ​ឱ្យ​យក​ទៅ​អនុវត្ត និង​ជួសជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ។

លោក ឡុង កុសល៖ «ក្នុង​ការ​តាមដាន​អនុសាសន៍​ហ្នឹង គឺ​ថា មាន ៥-​៦​ចំណុច ក្នុង​នោះ​មាន​និយាយ​អំពី​គម្រោង​នៃ​អភិរក្ស​ទាំង​ឡាយ​ដែល​បាន​ផ្ដល់​ជូន​ជា​អនុសាសន៍ ជា​ការ​ណែនាំ ហើយ​ជា​បន្តបន្ទាប់​ទៀត គឺ​គេ​នឹង​ពិភាក្សា​អំពី​ការ​អភិរក្ស»

ក្នុង​កិច្ច​ប្រជុំ ICC-Angkor ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ ក្រុម​អ្នក​ជំនាញ​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ ក៏​បាន​គាំទ្រ​ឱ្យ​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​ធ្វើ​ការ​ជួសជុល​ក្បាច់​ចម្លាក់​នៃ​ពិតាន​ខ្លះ​នៅ​លើ​រោង​ទោង​របស់​ប្រាសាទ​អង្គរវត្ត ដែល​បាន​ខូចខាត​ទៅ​ហើយ។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​តំបន់​អង្គរ និង​ឧទ្យាន​បង្ការ​របស់​អាជ្ញាធរ​អប្សរា លោក លី វណ្ណា ថ្លែង​ថា អាជ្ញាធរ​អប្សរា​បាន​ប្រើ​ជំនាញ​ឆ្លាក់​ក្បាច់​អំពី​ឈើ​យក​ទៅ​ជួសជុល​ពិតាន​នៃ​ប្រាសាទ​អង្គរវត្ត​ខ្លះ​នៅ​ម្ដុំ​កូរ​សមុទ្រ​ទឹក​ដោះ​ឡើង​វិញ ដោយសារ​តែ​ពិតាន​នោះ​បាន​ខូចខាត។

លោក លី វណ្ណា បញ្ជាក់​ថា អាជ្ញាធរ​អប្សរា​បាន​សិក្សា​រក​ស្លាកស្នាម​ចាស់​ទី​នោះ​ជា​ច្រើន​ឆ្នាំ ទើប​បាន​សម្រេច​ឆ្លាក់​ផ្ទាំង​ចម្លាក់​អំពី​ឈើ​ទំហំ​ប្រមាណ​ពី ៥ ទៅ ៦​ម៉ែត្រ ដើម្បី​យក​ទៅ​ជួសជុល​សាកល្បង៖ «ក្បាច់​សំខាន់​ជាង​គេ​គឺ​ក្បាច់​ត្របកឈូក ផ្កាឈូក ហើយ​អម​ទៅ​ដោយ​ក្បាច់​ស្នែង​ផ្សេងៗ​ទៀត។ ពីរ​បី​ឆ្នាំ​ហើយ ទម្រាំ​តែ​យើង​សិក្សា​បាន​នូវ​ក្បាច់​ចម្លាក់​ចុង​ក្រោយ»

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ លើក​ទី​២៥​នេះ មាន​លក្ខណៈ​ពិសេស​ជាង​ពេល​ណា​ទាំង​អស់​នោះ ដោយសារ​តែ​មាន​ក្រុម​យុវជន​បេតិកភណ្ឌ​មក​ពី​​បណ្ដា​ប្រទេស​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រកាស​គាំទ្រ​ទៅ​លើ​កិច្ចការពារ​បេតិកភណ្ឌ​នៃ​តំបន់​អង្គរ ព្រមទាំង​កិច្ច​ការពារ​ប្រាសាទ​បុរាណ​នៅ​កម្ពុជា ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។