អ.វ.ត.ក ចាប់ផ្តើមបើក សវនាការ លើឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ប្រឆាំងជនជាតិ វៀតណាម ប្រឆាំង នួន ជា និងខៀវ សំផន

ភ្នំពេញ ៖ អង្គជំនុំជម្រះ សាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ ២០១៥ បានស្តាប់ភស្តុតាងទាក់ទង នឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្មផ្សេងទៀត ដែលត្រូវបានចោទ ប្រកាន់ថា បានអនុវត្តប្រឆាំងនឹង ជនជាតិភាគតិចវៀតណាម នៅកម្ពុជា ក្នុងរយៈកាលនៃរបបកម្ពុជា ប្រជាធិបតេយ្យដោយ ស្តាប់ការ ផ្តល់សក្ខីកម្មដើមបណ្តឹង រដ្ឋប្បវេណីម្នាក់ទាក់ទង នឹងការការរងទុក្ខវេទនា និងការបាត់បង់ក្រុមគ្រួសារ របស់គាត់ដោយសារតែ មានជាប់នឹងសែស្រឡាយ ជាមួយជនជាតិវៀតណាម។

ជនរងគ្រោះ ប្រាក់ ឌឿន ដែលបានរៀបការ ជាមួយស្ត្រីដែលជាប់សែ ស្រឡាយវៀតណាម បានថ្លែង ថា ប្រពន្ធរបស់លោក ត្រូវ បានយកទៅសម្លាប់នៅពេលដែលគេ ដឹងថា មានសែស្រឡាយវៀតណាម រួមនឹងកូនគាត់។ តាមជនរងគ្រោះ ខ្មែរ ក្រហមបានសម្លាប់កូនក្មេងដោយបោះឡើងលើ និងចាក់នឹង ចំពុះទុងកាំភ្លើងរបស់របស់ខ្លួន។ 

មានដើមកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង លោកប្រាក់ ឌឿន បានរៀបរាប់ថាលោកបានរៀបការ ជាមួយស្ត្រី កូនកាត់ជន ជាតិវៀតណាមម្នាក់ ដែលបានរៀនសូត្រជាមួយគ្នានៅមុនពេលរបបខ្មែរ ក្រហមឡើងកាន់អំណាច និង ត្រូវបានទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ។ មានកូនចំនួន ៦ នាក់ លោក ប្រាក់ ឌឿន បានថ្លែងថា ក្រុមគ្រួសាររបស់ លោកត្រូវបានខ្មែរក្រហមជម្លៀស ដោយបង្ខំ ឱ្យចេញពីភូមិដែលខ្លួនធ្លាប់រស់នៅ។ លោកបានថ្លែងប្រាប់អង្គសវនាការ ថាខ្មែរក្រហមបានធ្វើបញ្ជី ឈ្មោះជនជាតិវៀតណាម ក្រុមគ្រួសារខ្មែរដែលបានរៀបការជាមួយជនជាតិវៀតណាម។ លោកថ្លែងថាប្រជាជននៅតំបន់នោះដែលចង់បានដំឡូង និងរបស់ហូបមួយចំនួនពីក្រុមខ្មែរ ក្រហមបានរាយការណ៍ ពីវត្តមានរបស់ក្រុមគ្រួសារ ដែលមានជាប់សែស្រឡាយ ទៅកម្មាភិបាលខ្មែរក្រហមបានដឹង។

  ដើមបណ្តឹងរដ្ឋប្បវេណី ប្រាក់ ឌឿន បានថ្លែងថាលោកបានឃើញជនជាតិវៀតណាមជាច្រើននាក់ត្រូវបាន ខ្មែរក្រហមប្រមូលផ្តុំ និងបញ្ជូនទៅក្រៅតំបន់សហករណ៍។ លោកបានថ្លែងថាមានការប្រាប់ទៅជនជាតិវៀតណាម ដែលនៅកោះតាម៉ូវ ក្នុងខេត្តកំពង់ឆ្នាំថា កុំឱ្យនិយាយភាសាវៀតណាមបន្តទៅទៀត។ លោកបានថ្លែងថាក្រុមខ្មែរ ក្រហមបាននិយាយពីជនជាតិវៀតណាមដែលត្រូវបានចាត់ទុកថាជាខ្មាំងស៊ីរូងផ្ទៃក្នុង ហើយបានឮថានឹងមានការ ប្រមូលជនជាតិវៀតណាមពីតាមសហករណ៍នានា។ ពេលដែលស្តាប់ឮពីបញ្ហានោះ ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាលោកអាចនឹងបែកបាក់ជាមួយប្រពន្ធរបស់លោកដែលជាប់សែស្រឡាយវៀត ណាម។ លោកថាក្រោយមកខ្មែរក្រហមបានចាប់ខ្លួនប្រពន្ធ និងម្តាយឪពុកក្មេកជាជនជាតិវៀតណាម។ ជនជាតិ វៀតណាមផ្សេងទៀតដែលមានចំណងអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយធ្វើការ បែងចែកក្រុមជនជាតិខ្មែរម្ខាង និងក្រុមវៀតណាមម្ខាង។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា សាក្សី និង ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១០ រូប ត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់ការផ្តល់សក្ខីកម្មនៅក្នុងអំឡុងពេលសវនាការលើផ្នែក នេះក្នុងសំណុំរឿង ០០២/០២។ អង្គជំនុំជម្រះសាលាដំបូង ក៏កំពុងពិចារណា ផងដែរថា តើត្រូវស្តាប់សក្ខីកម្មរបស់អ្នកជំនាញលើអង្គហេតុនេះដែរឬយ៉ាងណា។

លោកបានបញ្ជាក់ថា យោងតាមដីកាដំណោះស្រាយ គោលនយោបាយមួយក្នុងចំណោម គោលនយោបាយ ចំនួន ៥ ដែលអនុវត្តដោយបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ដើម្បីការពារបដិវត្តន៍ សង្គមនិយម គឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។ ទាក់ទងនឹងផ្នែកស្តីពីជនជាតិវៀតណាម ដីកាដំណោះស្រាយគូសបញ្ជាក់ថា គោលនយោបាយ នេះមានអត្ថិភាពនៅមុនឆ្នាំ ១៩៧៥ និងរីករាលដាលពេញមួយរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩៕

អ.វ.ត.ក ចាប់ផ្តើមបើក សវនាការ លើឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ប្រឆាំងជនជាតិ វៀតណាម ប្រឆាំង នួន ជា និងខៀវ សំផន