ជំហររួមសហជីព លើសេចក្តីព្រាងចុងក្រោយ នៃច្បាប់សហជីព ដោយស្នើឲ្យរដ្ឋសភា ពន្យាពេលអនុម័ត

ភ្នំពេញ៖ សហជីពចំនួន៨ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីគោលជំហររួមរបស់ខ្លួនទាក់ទងទៅនឹងសេចក្តីព្រាងចុងក្រោយនៃច្បាប់ស្តីពីសហជីព ក្នុងនោះពួកគេស្នើឲ្យរដ្ឋសភាពន្យាពេលនៃការអនុម័តនូវច្បាប់មួយនេះ។

សេចក្តីថ្លែងការណ៍រួមបានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដោយរយៈពេលចុងក្រោយក្រសួងការងារ មិនបានផ្តល់សេចក្តីព្រាងច្បាប់ចុងក្រោយ មកដល់សហជីព និងបើកឲ្យមានកិច្ចពិគ្រោះយោបល់ឲ្យបានទូលំទូលាយ និងពេញលេញមុននឹងសេចក្តីព្រាងច្បាប់នេះ បញ្ជូនទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តី និងរហូតដល់បញ្ជូនបន្តទៅរដ្ឋសភាជាតិ ដើម្បីធ្វើការអនុម័តជាផ្លូវការនៅពេលខាងមុខ។

ក្រុមសហជីពទាំង៨មានការព្រួយបារម្ភ ថា ការបិទបាំងសេចក្តីព្រាងច្បាប់នេះ អាចមិនមានការកែប្រែទៅតាមសំណូមពររបស់សហជីព។ ពួកគេបានលើកឡើងទៀតថា “យើងខ្ញុំក៏មានការបារម្ភថា ច្បាប់នេះ វាអាចជាចេតនាដាក់សេរីភាពសហជីពឲ្យនៅក្រោមអំណាចដ៏លើសលប់របស់រដ្ឋ”។ សហជីពទាំង៨នោះ ក៏បានស្នើសុំឲ្យប្រធានរដ្ឋសភាពន្យាពេលការអនុម័តលើពង្រាងចុងក្រោយ ដើម្បីរួមចំណែកឲ្យច្បាប់នេះក្លាយជាច្បាប់មួយល្អ និងងាយស្រួលអនុវត្តន៍ទៅថ្ងៃមុខ។

ព្រមជាមួយគ្នានេះ ក្រុមសហជីព ក៏បានស្នើឲ្យរដ្ឋសភារៀបចំ កិច្ចពិគ្រោះយោបល់បន្តជា សាធារណៈជាមួយសហជីពឯករាជ្យ និងស្នើដាក់បញ្ចូល នូវសំណើរួមសំខាន់ៗរបស់សហជីពដែលបានអនុម័តនៅថ្ងៃទី១២ ខែកក្កដា និងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន១៧ ជំពូក ៩១មាត្រា ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីថ្ងៃសុក្រទី១៣ វិច្ឆិកា ខណៈសេចក្តីព្រាងច្បាប់មួយនេះកំពុងស្ថិតនៅក្នុងភាពចម្រូងសម្រាស់ ៕

ជំហររួមសហជីព លើសេចក្តីព្រាងចុងក្រោយ នៃច្បាប់សហជីព ដោយស្នើឲ្យរដ្ឋសភា ពន្យាពេលអនុម័ត