ដើមដូង​រលំ​ពី​ក្នុង​វត្ត មក​សង្កត់​រថយន្ត​មួយ​គ្រឿង​នៅ​ក្រៅ​វត្ត


ដើមដូងងាប់មួយដើម បានរលំកិនរថយន្ត កាមរីបាឡែនមួយគ្រឿង ធ្វើឲ្យរងការខូចខាត ស្ទើតែទាំងស្រុង នៅ​ក្បែរ​វត្តកោះ ខណ្ឌដូនពេញ។
ដើមដូង​រលំ​ពី​ក្នុង​វត្ត មក​សង្កត់​រថយន្ត​មួយ​គ្រឿង​នៅ​ក្រៅ​វត្ត

ដើមដូងងាប់ ទុករហូតទាល់តែពុកផុយ ហើយរលំធ្លាក់លើរថយន្ដ។ (រូបថត monoROOM.info/ H. Vuthy)

រថយន្ដមួយគ្រៀង ត្រូវបានដើមដូងមួយដើម រលំសង្កត់ពីលើ ធ្វើឲ្យរថយន្ដនេះ រងការខូចខាតផ្នែកដំបូល សឹងតែទាំងស្រុង។ ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃ ទី ៣០ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងបរិវេណវត្តកោះ តាមបណ្តោយផ្លូវលេខ ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាត ដល់រថយន្តមួយគ្រឿង ដែលចតនៅក្បែរនោះ តែមិនប៉ះពាល់ ឬធ្វើឲ្យរងរបួស ដល់មនុស្សណាម្នាក់ ឡើយ។

តាមប្រភព​នៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តរងគ្រោះ មកឈប់ចត នៅចិញ្ចើមផ្លូវលេខ ១៧៨ ស្រាប់តែមួយសន្ទុះក្រោយមក ដើមដូងងាប់មួយ ដែលមានសភាពពុកផុយទៅហើយ នៅ​ក្នុងរបង​វត្តកោះ បានរលំដួល និងបានរំលងរបងវត្តមកខាងក្រៅ សង្កត់លើរថយន្តនោះតែម្តង។

រថយន្តរងគ្រោះ ជាប្រភេទ កាមរីបាឡែន ពណ៍ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2X -1923។ ម្ចាស់រថយន្ដ ដែលគេមិនស្គាល់ អត្តសញ្ញាណ ទំនងជាអ្នកដែលរស់នៅ ម្តុំវត្តកោះនេះតែម្ដង។

ក្រោយពីកើតហេតុ មន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយបាននាំគ្នាអារកាត់​ដើម​ដូង​នោះ ចេញដើម្បីជួយសម្រួល ដល់ម្ចាស់រថយន្ត បានយកយានយន្ដរបស់ខ្លួន ទៅជួសជុល ព្រមទាំងជួយ​សម្រួល ដល់ការធ្វើដំណើរ របស់ពលរដ្ឋផ្សេងដទៃទៀតផង៕