ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU


ក្រសួងយុត្តិធម៌ បញ្ជាឲ្យរាជបណ្ឌិត្យសភា​វិជ្ជាជីវៈតុលាការ លើកពេលប្រលងជ្រើសរើស សិស្សចៅក្រម​ជំនាន់​ទី៧ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទរាជបណ្ឌិតសភាមួយនេះថា គ្មានឆន្ទះ ចូលរួមទប់ស្កាត់​​អំពើ​ពុក​រលួយ។
ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU

នៅពេលដែលជញ្ជីងយុត្តិធម៌ ត្រូវបានយកមកថ្លឹងញញួរ ដែលតំណាងឲ្យឆន្ទានុសិទ្ធិ របស់ចៅក្រម ជាមួយនឹងលុយ... (រូបថត ឯកសារ)

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ចេញក្នុងថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានបង្គាប់ឲ្យរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ លើកពេលប្រឡងប្រជែង ជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ទៅថ្ងៃ​ខាង​មុខ​វិញ ក្នុង​បំណង​រៀបចំជាថ្មី និងពិនិត្យលើបែបបទនានា ដើម្បីធានាបាននូវតម្លាភាព ភាពត្រមត្រូវ និងយុត្តិធម៌ សម្រាប់​ការ​ប្រលង​ទាំងមូល។

ក្រោមពីទទួលបានព័ត៌មាន នៃការបដិសេធមិនចូលរួមការអង្កេត ការប្រលងសិស្សចៅក្រម ជំនាន់ទី៧ របស់​លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយសម្រេច ឲ្យរាជបណ្ឌិត្យសភា​វិជ្ជាជីវៈតុលាការ លើកកាលបរិច្ឆេទ នៃការ​ប្រលង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌​ដដែលនោះ។ តាមសេចក្តីជូនដំណឹង របស់​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ការប្រលងជ្រើសរើស​សិស្សចៅក្រម ជំនាន់ទី៧ ចំនួន៥០នាក់ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោក ឱម យិនទៀង បានឆ្លើយតប ទៅនឹងលិខិតរបស់លោក ឈន ព្រលឹង ប្រធាន​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយចោទស្ថាប័ន ជំនាញខាងការជ្រើសរើស ​មន្ត្រីតុលាការមួយនេះ ថា​គ្មាន​ឆន្ទះ និងគ្មានសហការល្អ ជាមួយអង្គភាពរបស់លោក។ លោក ឱម យិនទៀង បានសរសេរថា៖ «អង្គភាព​ប្រឆាំងអំពើពុករលួយ បដិសេធមិនចូលរួម ក្នុងការសង្កេតការណ៍ លើដំណើរនៃការប្រឡងប្រជែង ជ្រើស​រើស​សិស្ស​ចៅក្រម ជំនាន់ទី៧ នៃរាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ​នោះទេ។ ដោយហេតុថា រាជបណ្ឌិតសភា​វិជ្ជា​ជីវៈ​តុលាការ​គ្មានឆន្ទៈ និងមិនមានការសហការល្អ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។»

សូមរំលឹកថា រការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការវប្រលងនានា មួយចំនួនទៀត តែងមានការសហការគ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាមី ដែលខុសពីការប្រលង ជ្រើស​រើស​​សិស្សចៅក្រម ដែលរៀបចំឡើង ដោយរាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ។

រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលមានលោក ឈន ព្រលឹង ជាប្រធាន ជាសេនាធិការមួយ ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់ក្រសួងយុត្តិធម៌ ដែលមានលោក អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី។ នាពេលកន្លងមក រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការនេះ ត្រូវបានសាធារណៈជនមើលឃើញថា បានបង្កប់នូវអំពើពុករលួយ ដែល​មិន​អាច​ធ្វើការប្រមាណបាន។

ចាប់ទាំងពីជំនាក់ទី១ រហូតដល់ជំនាន់ទី៦ ការប្រលងជ្រើសរើសសិស្សចៅក្រម បានធ្វើឡើងនៅក្រោម​ការ​រៀបចំ តែពីរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ប៉ុណ្ណោះ ហើយមិនមានការចូលរួម ពី​អង្គភាព​ប្រឆាំងអំពើពុករលួយឡើយ។ មតិរបស់ពលរដ្ឋមួយចំនួន បានលើកឡើងថា ស្ថាប័នរាជបណ្ឌិត្យសភា វិជ្ជា​ជីវៈ​តុលាការ ដែលមានក្រសួងយុត្តិធម៌ ជាអាណាព្យាបាលនេះ តែងតែជិះសេះលែងដៃ ក្នុងករណី​នៃ​ការ​ប្រលង​នេះ រហូតមក។ ដល់ជំនាន់ទីប្រាំ៧នេះ ក៏នៅចង់បន្តទម្លាប់អាក្រក់នេះបន្តទៀត តែមិនអាចទៅរួច ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងស្ថាប័នអង្គការពាក់ព័ន្ធ​ មួយចំនួនទៀត មានបំណងចង់ចូលរួមត្រួត​ពិនិត្យ និងអង្កេត ក្នុងការប្រលងនេះដែរ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់បន្ថែម ពីលោក ឱម យិនទៀង និងលោក ឈន ព្រលឹង បាន​ទេក្នុងថ្ងៃនេះ ដោយទូរស័ព្ទគ្មានអ្នកទទួល និងមិនអាចភ្ជាប់ទំនាក់ទំនងបាន៕