សម្តេច​សាយ ឈុំ ទទួល​សារតាំង​លោក William A.Heidt ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សហរដ្ឋអាមេរិក​

ភ្នំពេញ: ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​ចំការមន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ឲ្យ​ទទួល​សារតាំង​ពី​លោក William A.Heidt ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ សម្តេច​ភក្តី មានប្រសាសន៍ ក្នុង​ព្រះបរមនាម ព្រះករុណា ព្រះមហាក្សត្រ ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ ជូន​ចំពោះ​លោក ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​មានប្រសាសន៍​ប​ន្ត​ថា សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្នុង​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​នេះ លោក​នឹង​ខិតខំ​បន្ត​ប្រពៃណី​ដ៏​ល្អ នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ប្រជាជន​យើង​ទាំងពីរ ដែលមាន​ទំនាក់​ទំនងជា​យូរណាស់​មកហើយ អោយ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​សម្តេច​បាន​បន្តទៀតថា "​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត ខ្ញុំ​សូម​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ សេចក្តី​គោរព និង​សេចក្តី​នឹករលឹក អំពី​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់ដឹកនាំ​កំពូល​គ្រប់លំដាប់​ថ្នាក់ នៃ​សហរដ្ឋអាមេរិក និង​ប្រសិទ្ធពរ​ជូន លោក​ឯកអគ្គរដ្ឋទូត សូម​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការ ទូត​ដ៏​ឧត្តុង្គឧត្តម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​"៕​