កាំកុងត្រូល​ខេត្ត​ចុះ​ពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ និង​ចំណីអាហារ​ដែល​នាំ​ចូល​មក​ពី​បរទេស

ខេត្ត​មណ្ឌល​គី​រី ៖ ដើម្បី​សុខុមាលភាព​លើ​ចំណីអាហារ​របស់​ប្រជាពលរដ្ឋ មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ក្រុង​/​ស្រុក​/​ឃុំ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ព្រមទាំង​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ និង​ចំណី​អា​ហារ​ដែល​បាន​នាំ​ចូល​ពី​មក​បរទេស​នៅ​តាម​ផ្ទះ​លក់​ចាប់​ហ៊ូ​យ ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​គឺ​ចាប់ពី​ម៉ោង​៩​ព្រឹក ដែល​តាម​ការ​លើក​ឡើង​របស់​លោក ចាន់ វាសនា ប្រធាន​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ គឺ​ផ្តោត​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​កាលបរិច្ឆេទ​ប្រើប្រាស់ អនាម័យ និង​សុវត្ថិភាព​របស់​ទំនិញ ហើយ​តាម​ការ​ត្រួតពិនិត្យ​នោះ​ឃើញ​ថា មន្ត្រី​មាន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ហួស​កាល​បរិ​ច្ចេ​ទ​ការ​ប្រើប្រាស់ ទំនិញ​គ្មាន​អនាម័យ និង​ទំនិញ​គ្មាន​សុវត្ថិភាព​ត្រឹមត្រូវ ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវករ​ឲ្យ​គាត់​បញ្ឈប់​លក់​តទៅ​ទៀត ចៀសវាង​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

លោក​ប្រធាន​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទំនិញ​ដែល​ត្រូវ​បាន​ដកហូត​ទាំងនោះ​រួម​មាន នំ​ពង​ទា​ម៉ាក Otto ១៤​កញ្ចប់ ស្មើនឹង​១​គីឡូក្រាម ផលិត​នៅ​ប្រទេស​វៀតណាម​, ទឹកដោះគោ​ខាប់​ចម្រុះ​៩​កំប៉ុង​, ចា​ហ៊ូ​យ​ម៉ាក TRIANGLE ៧​កញ្ចប់ ស្មើនឹង​៧​គីឡូក្រាម ផលិតផល​របស់​តៃវ៉ាន់ និង​នំ​ម៉ាក Hang Dai ៥​កញ្ចប់ ស្មើនឹង​១​គីឡូក្រាម ផលិត​នៅ​ប្រទេស​វៀតណាម ។ បន្ទាប់​ពី​បាន​រក​ឃើញ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​រួច​មក មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុក ដើម្បី​ធ្វើការ​កំទេច​ចោល​នៅ​ពេល​ក្រោយ ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ លោក ចាន់ វាសនា ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឲ្យ​យល់​ដឹង និង​មាន​ប្រុង​ប្រយ័ត្ន ចៀសវាង​ការ​ដាក់​តាំង​លក់ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ក៏​ដូច​ជា កំប៉ុង​កំ​ពិត ប៉ោង ច្រែះ​ស៊ី ទំនិញ​ដែល​សារធាតុ​គីមី​ហាមឃាត់ និង​ការ​រៀបចំ​ទំនិញ​លក់ដូរ​ទុក​ឲ្យ​មាន​សណ្តាប់ធ្នាប់ ទៅ​តាម​ប្រភេទ​ទំនិញ ទំនិញ​ហូប​ចុក ទំនិញប្រើប្រាស់​ផ្សេង​ៗ ដាច់​ដោយឡែក​ៗ​ពី​គ្នា និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ស្តី​ពី សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណាមួយ​មក​បរិភោគ ជូន​ដល់​អ្នក​លក់ដូរ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ៕