ជនខិលខូច​ដុត​បំផ្លាញ​ព្រៃ​លើ​ភ្នំ​ប៉ោត​យក​ដី​ដាំ​ដំណាំ ខណៈ​មន្ត្រី​មូល​ដ្ឋាន​​ឆ្លើយ​យករួចខ្លួន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២​ធ្នូ​២០១៥​នេះ​ថា ដើមឈើ​តូច​ធំ​ជា​ច្រើន​នៅ​ត្រង់​ចំណុច​ភ្នំ​ប៉ោត ក្នុងភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ជនខិលខូច​មួយ​ចំនួន​ឃុបឃិត​គ្នា​បន្ត​រុករាន​កាប់​ដុត​បំផ្លាញ រួច​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ដាំ​ដំណាំ​ពោត និង​ដំឡូង​មី​យ៉ាង​រំភើយ មិន​គិត​ខ្វល់​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ជា​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដ៏​សំខាន់​សម្រាប់​មនុស្ស សត្វ និង​ធ្វើ​ឱ្យ​អាកាសធាតុ​គ្មាន​លំនឹង ពោល​គឺ​មិន​ទៀងទាត់ ។

ពលរដ្ឋ​បន្ត​ទៀត​ថា បើ​គេ​សង្កេត​មើល​មក​ភ្នំ​ខាង​ខ្មែរ​ភាគច្រើន​ឃើញ​មាន​សុទ្ធតែ​ដុំ​ថ្ម ដែល​មាន​ដំណាំ​ពោត ដំឡូង​មី​ប៉ុណ្ណោះ តែបើ​គេ​មើលទៅ​ទិស​ខាងលិច ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ​វិញ មាន​ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​ពណ៌​ខៀវស្រងាត់​បញ្ចេញ​សម្រស់​គួរ​ឱ្យ​ចង់​គយគន់ ដែល​ជាទី​ទាក់ទាញ​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​ដំណាំ​របស់​គេ​តាម​រដូវ​កាល​ផង​ដែរ ។ ចំណែកឯ​ខាងយើង​វិញ​រដូវវស្សា​ក៏​ដូច​ជា​រដូវប្រាំង​ដែរ ស្ទើរតែ​គ្មាន​ភ្លៀង​ធ្លាក់ ដើម្បី​ឱ្យ​ដំណាំ​រស់​នោះ​ឡើយ ហើយ​អាកាសធាតុ​មានការ​ប្រែប្រួល​ខុស​ប្រក្រតី ព្រោះតែ​ដើមឈើ​ក្នុង​ព្រៃ​ត្រូវ​បាន​គេ​លួច​កាប់​បំផ្លាញ និង​ដើមឈើ​សេសសល់​នៅ​លើ​ភ្នំ​តិចតួច​ក៏​នាំ​គ្នា​ឡើង​ទៅ​កាប់ ដើម្បី​យក​ដី​ដាំ​ដំណាំ​ដែរ បើ​ទោះបីជា​អ្នកខ្លះ​មាន​ដី​រហូត​ដល់​រាប់​សិប​ហិ​កតា​ហើយ ក៏​មិន​ទុក​ឱ្យ​ធម្មជាតិ​ទាំងនោះ​ជួយ​ផ្តល់​លំនឹង​អាកាសធាតុ​ដែរ ពោល​គឺ​កាប់​ទាល់​តែ​ខ្ទេចខ្ទី​រគ្មាន​សល់​អ្វី​នោះ​ឡើយ ។

ម្យ៉ាងវិញទៀត បើសិនជា​ពលរដ្ឋ​ខ្លួនឯង និង​អាជ្ញាធរ​មូលដ្ឋាន មិន​ព្រម​នាំ​គ្នា​ថែរក្សា​ព្រៃឈើ​ឱ្យ​បាន​គង់​វង់​ទេ នៅ​ថ្ងៃ​ខាង​មុខ​ភ្នំ​ទាំងអស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នឹង​ក្លាយទៅជា​ដំបូក​ដុំ​ថ្ម គ្មាន​ដើមឈើ​សូ​ម្បី​តែ​១​ដើម​នោះ​ឡើយ ព្រោះ​គេ​មិនឃើញ​ការពារ​នោះ​ឡើយ ពូកែ​តែ​កាប់​បំផ្លាញ​ប៉ុណ្ណោះ ។

ពលរដ្ឋ​បញ្ជាក់​ទៀត​ថា កាលពី​ដើមឈើ​នៅ​ដុះ​ទ្រុប​ទ្រុល គេ​សង្កេត​ឃើញ​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ធ្វើ​ឱ្យ​ដំណាំ​ពោត ដំឡូង​មី របស់​ពួក​គាត់​ដុះ​លូតលាស់​យ៉ាង​ល្អ ប៉ុន្តែ​ដោយសារ​ឥឡូវនេះ​ក្លាយទៅជា​វាល​​ស្ទើរ​អស់រលីង ទើប​ម្នាក់​ៗ​លំបាក​ក្នុង​ការ​ពឹង​ទៅ​លើ​ទឹកភ្លៀង​សម្រាប់​ដំណាំ​ដាំ​ដុះ​យ៉ាង​ខ្លាំង ដោយ​ជួនកាល​រាំង​យូរ​ពេក ហើយ​ពេល​ខ្លះ​ភ្លៀង​ញឹកញាប់​ខ្លាំង​ពេក ព្រោះ​អាកាសធាតុ​លែង​មាន​លំនឹង​តទៅ​ទៀត​ហើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ «កោះសន្តិភាព»បាន​ទាក់ទង​ទៅ​លោក កឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន ដើម្បី​ធ្វើការ​បំភ្លឺ​ដែរ តែ​លោក​បានឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​លើ​ភ្នំ​នេះ​ជា​តួនាទី​របស់​រដ្ឋបាល​ព្រៃឈើ ខាង​លោក​អត់​ពាក់ព័ន្ធ​នោះ​ឡើយ ។ ចំណែក​លោក ជូ ចាន់​ដា​រ៉ា​ឫទ្ធិ នាយ​ខណ្ឌ​រដ្ឋ​ពាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន មិន​អាច​​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​ឡើយ ព្រោះ​លោក​បិទ​ទូរស័ព្ទ ៕